ក្មេងទំនើងពីរនាក់ កែឆ្នៃម៉ូតូខុសបច្ចេកទេស ត្រូវបានកងរាជអាវុធហត្ថខេត្តឃាត់ខ្លួននិងដកហូតម៉ូតូមករក្សាទុក រយៈពេល៣ខែ
(ខេត្តសៀមរាប)៖ កាលពីវេលាម៉ោង២០និង៣៩នាទី ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥នេះ កម្លាំងរាជអាវុធហត្ថមូលដ្ឋានក្រុងសៀមរាប ខេត្តសៀមរាបបានចុះធ្វើការល្បាតក្នុងភូមិសាស្ត្រក្រុងសៀមរាប ដើម្បីការពារសន្តិសុខ សុវត្តិភាព សាធារណៈក៏បានជួបប្រទះនឹងក្មេងទំនើងចំនួន០២នាក់ កំពុងធ្វើសកម្មភាព ជិះម៉ូតូកែឆ្នៃខុសបច្ចេកទេស ដោយប្រើប្រាស់ស៊ីម៉ាំងបំពងសម្លេងឮខ្លាំង ធ្វើឲ្យបង្កការរំខានតាមផ្លូវសាធារណៈ និងខូចសណ្ដាប់ធ្នាប់សង្គមជាតិ។
ហេតុការណ៍នេះកើតឡើងនៅចំណុចស្ពានរោករាក ក្នុងភូមិមណ្ឌលបី សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។ ខណៈនោះដែរ កម្លាំងរាជអាវុធហត្ថដែលកំពង់ល្បាត ក៏បានធ្វើការឃាត់ខ្លួនក្មេងទំនើងទាំង០២នាក់នោះ នាំយកមកការិយាល័ជំនាញ នៃកងរាជអាវុធហត្ថខេត្តសៀមរាប ដើម្បីធ្វើការអប់រំ និងដាក់វិន័យរដ្ឋបាល ព្រមទាំងដកហូតម៉ូតូទាំង០២គ្រឿង រក្សាទុក រយៈពេល ៣ខែ ផងដែរ។
សូមរំលឹកថា កន្លងមក សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់បទបញ្ជាដ៏ម៉ឺងម៉ាត់ ក្នុងករណីពាក់ព័ន្ធនឹងក្រុមក្មេងទំនើងនេះ គឺត្រូវតែអនុវត្តគ្រប់វិធានការឲ្យបានតឹងរឹងបំផុត ទាំងវិធានការរដ្ឋបាល និងវិធានការច្បាប់ ដោយឡែកចំពោះក្មេងទំនើងជិះម៉ូតូកែឆ្នៃខុសបច្ចេកទេសប្រើប្រាស់ស៊ីម៉ាំងបំពងសម្លេងឮខ្លាំងៗនៅតាមផ្លូវសាធារណៈ ត្រូវតែឃាត់ខ្លួនជាបន្ទាន់រួមទាំងម៉ូតូយករក្សារទុករយៈពេលបីខែ ហ្នឹងចំពោះការប្រព្រឹត្តលើកទីមួយ និងប្រាំមួយខែប្រសិនបើមិនរាងចាល នៅតែប្រព្រឹត្តលើកទីពីរបន្តទៀតនោះ។