សម្ដេចធិបតី ហ៊ុន ម៉ាណែត ជូនពរក្មួយៗប្រឡង បាក់ឌុប ២០២៤-២០២៥ ទទួលបានជោគជ័យគ្រប់ៗគ្នា

(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានសូមជូនពរដល់ក្មួយៗ ដែលប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប ឆ្នាំសិក្សា ២០២៤-២០២៥ សម័យប្រឡង ៖ ២៨-២៩ សីហា ២០២៥ ទទួលបានជោគជ័យគ្រប់ៗគ្នា ដោយខិតខំប្រឹងប្រែងប្រឡងឈរលើសមត្ថភាពពិតរបស់ខ្លួន ហើយគោលការណ៍ គឺ អ្នកចេះ គឺជាប់ ។

សូមជម្រាបថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ ជិតមកដល់ ក្រសួងអប់រំ យុវជន និងកីឡា បានណែនាំបេក្ខជនទាំងអស់ ត្រូវត្រៀមខ្លួន ពង្រឹងស្មារតី កុំភ័យតក់ស្លុត និងជឿជាក់លើសមត្ថភាពខ្លួន ដែលបានខិតខំប្រឹងប្រែង ពិសេសបំផុត ត្រូវថែរក្សាសុខភាពឱ្យបានល្អ បរិភោគអាហារ និងសម្រាកឱ្យបានគ្រប់គ្រាន់ ដើម្បីចូលរួមប្រឡង។ ម្យ៉ាងទៀត បេក្ខជនទាំងត្រូវតាមដានតាមព័ត៌មានពាក់ព័ន្ធនឹងដំណើរការប្រឡងលើទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួង និងត្រៀមសម្ភារចាំបាច់មួយចំនួន ដូចជា កាត ឬសាលាកបត្របេក្ខជន និងពិនិត្យមើលឈ្មោះ ផ្ទៀងផ្ទាត់លេខតុ លេខបន្ទប់ និងមណ្ឌលប្រឡងឱ្យបានច្បាស់ ។

ជុំវិញដំណើរការប្រឡងនេះ ក្រសួងអប់រំ រំពឹងថា នឹងប្រព្រឹត្តទៅយ៉ាងរលូនប្រកបដោយសុក្រឹតភាព ក្រោយកិច្ចសហការពីភាគីពាក់ព័ន្ធ មានដូចជា អង្គភាពប្រឆាំងអំពើពុករលួយ បញ្ជារការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ក្រសួងសុខាភិបាល អគ្គិសនីកម្ពុជា និងសហភាពសហព័ន្ធយុវជនកម្ពុជា រួមទាំងមន្រ្តីក្រសួងអប់រំ ដែលមានលោកគ្រូ-អ្នកគ្រូ ជាអនុរក្ស និងគណៈកម្មការក្នុងដំណើរការប្រឡងនេះ។ ចំណែកឯបេក្ខជន នឹងចូលរួមក្នុងដំណើរការប្រឡងទាំងអស់គ្នា ក្រោមការគាំទ្រពីអាណាព្យាបាលគ្រប់រូប ។

គួរឱ្យដឹងថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡងថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ មានបេក្ខជនសរុប ១៤៦ ៧២០ នាក់។ ក្នុងចំណោមនោះ បេក្ខជនថ្នាក់វិទ្យាសាស្រ្តសង្គមចំនួន ១០៦ ០៤២នាក់ និងបេក្ខជនថ្នាក់វិទ្យាសាស្រ្តចំនួន ៤០ ៦៧៨នាក់។ ចំពោះបេក្ខជននៅតំបន់ជាប់ព្រំដែន មានប្រមាណ ២៥ ០០០នាក់ ដែលមានខេត្តព្រះវិហារ ឧត្ដរមានជ័យ បន្ទាយមានជ័យ បាត់ដំបង កោះកុង ព្រះសីហនុ និងប៉ៃលិន។ ដោយឡែកបេក្ខជនខេត្តព្រះវិហារ និងឧត្ដរមានជ័យ ដែលរងផលប៉ះពាល់ធ្ងន់ធ្ងរជាងគេ អំឡុងពេលបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ មានចំនួន ៣ ៦៨៥នាក់។

ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៥នេះ ក្រសួងអប់រំ ធ្វើឡើងចំនួន ២៤១មណ្ឌល ស្មើនឹង ៥ ៩២៤ បន្ទប់ប្រឡង នៅតាមបណ្ដារាជធានី-ខេត្តចំនួន២៤។ ចំពោះបេក្ខជនខេត្តឧត្ដរមានជ័យ នឹងត្រូវទៅប្រឡងនៅវិទ្យាល័យចំនួន២ ក្នុងស្រុកពួក ខេត្តសៀមរាប។ ក្នុងចំណោមមណ្ឌលប្រឡង ២៤១មណ្ឌលនេះ មានថ្នាក់វិទ្យាសាស្រ្តសង្គម ចំនួន ១៦៩មណ្ឌល ស្មើនឹង ៤ ២៦៩បន្ទប់ និងថ្នាក់វិទ្យាសាស្រ្ត ចំនួន ៧២មណ្ឌល ស្មើនឹង ១ ៦៥៥បន្ទប់។ ចំណែកឯ គណៈកម្មការចូលរួមក្នុងដំណើរការប្រឡងនេះ មានចំនួន ១៩ ៨០០នាក់ ៕

អត្ថបទដែលជាប់ទាក់ទង