មួយខែក្រោយបទឈប់បាញ់ចូលជាធរមាន កម្ពុជា បានអនុវត្តយ៉ាងម៉ឹងម៉ាត់គ្រប់ចំណុច ដែលបានព្រមព្រៀង

គិតចាប់ពីថ្ងៃទិ២៨ កក្កដា ដល់ថ្ងៃទី២៨ សីហានេះ គឺមានរយៈពេល១ខែគត់ ដែលកិច្ចព្រម ព្រៀងឈប់បាញ់ បានចូលជាធរមាន។ ក្នុងរយៈពលេ១ខែមកនេះ ​ កម្ពុជា អនុវត្តកិច្ចព្រម ព្រៀងបានយ៉ាងល្អ ដោយអនុវត្តយ៉ាងម៉ឹងម៉ាត់ នូវគ្រប់ចំណុចទាំងអស់ដែល បាន ព្រម ព្រៀងគ្នា។ លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បានអះអាងដូច្នេះ នៅក្នុង សន្និសីទសារព័ត៌មាននៅរសៀលថ្ងៃទី២៨សីហានេះ។

សម្រាប់អ្នកនាំពាក្យរាជរដ្ឋាភិបាល ការអនុវត្តយ៉ាងខ្ជាប់ខ្ជួនរបស់កម្ពុជា ចំពោះកិច្ចព្រមព្រៀងឈប់បាញ់ គឺឆ្លុះបញ្ចាំងពីការផ្តល់តម្លៃដល់អាយុ​ជីវិត​មនុស្ស និងពីបេះដូងស្រឡាញ់សន្តិភាពរបស់ថ្នាក់ដឹកនាំកម្ពុជា និងប្រជា​ពលរដ្ឋកម្ពុជា។

លោក ប៉ែន បូណា ​បន្ថែមថា៖« នេះសបញ្ជាក់ឱ្យឃើញថា មិនត្រឹមតែពាក្យសម្តី​ប៉ុណ្ណោះទេ ប៉ុន្តែកម្ពុជា​បាន​បង្ហាញ​ឱ្យ​ឃើញជាក់ស្តែង ពីភាពបរិសុទ្ធ និងស្មោះត្រង់ចំពោះបុព្វហេតុ​សន្តិភាព និងភាពសុខសាន្ត របស់ប្រជាពលរដ្ឋយ៉ាងពិតប្រាកដ ហើយដែលត្រូវបានទទួល​ស្គាល់​យ៉ាងទូលំទូលាយ ទាំងក្នុងក្របខណ្ឌអាស៊ាន និងអន្តរជាតិ។»។

បេះដូងស្រឡាញ់សន្តិភាព និងផ្តល់តម្លៃខ្ពស់ចំពោះជីវិតពលរដ្ឋ ក៏ត្រូវបានលោក ដូណាល់ ត្រាំ ប្រធានាធិបតីអាម៉េរិក កត់សម្គាល់ដែរ គឺតាមរយៈលិខិតដែលលោកត្រាំ បាន អាម៉េរិក ផ្ញើជូនសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា កាលពីថ្ងៃទី២៥សីហាកន្លងទៅ និងត្រូវបានផ្សាយជាសាធារណៈ កាលពីយប់ថ្ងៃទី២៧សីហា។

នៅក្នុងលិខិតនោះ ​លោក ត្រាំ បានសរសើរសម្តេចនាយករដ្ឋមន្ត្រីកម្ពុជាថា «សម្តេច ហ៊ុន ម៉ាណែត គឺជាថ្នាក់ដឹកនាំ​ឆ្នើម​មួយរូប ដែលផ្តល់តម្លៃដល់ជីវិតមនុស្ស និងស្រឡាញ់​សន្តិភាព»។

ប្រធានាធិ​បតីអាម៉េរិក ក៏​បានបន្ថែមថា កម្ពុជាមានប្រវត្តិសាស្ត្រ និងវប្បធម៌ដ៏យូរអង្វែង និង​សម្បូរបែប និង​ថា អាម៉េរិក និងកម្ពុជាអាចផ្តោតការយកចិត្តទុកដាក់លើកា​រកសាង​វិបុល​ភាព សម្រាប់ប្រជាជាតិដ៏អស្ចារ្យរវាងប្រទេសទាំងពីរ។ ភ្ជាប់ជាមួយសំណេរនេះ លោកប្រ​ធានា​ធិបតី​អាម៉េរិក ក៏បានអរគុណនាយករដ្ឋមន្ត្រីកម្ពុជា ដែលបានស្នើសុំឱ្យរូបលោក ជាម្ចាស់ពានណូបែលសន្តិភាពពិភពលោកផងដែរ៕

អត្ថបទដែលជាប់ទាក់ទង