អ៊ីស្រាអែល​ទាម​ទារ​​​សំណង​​ពីអាមេរិក ក្រោយ​កិច្ចព្រមព្រៀងលក់​​​យន្ត​ហោះ F-35 ​ឱ្យ​អារ៉ាប៊ីសាអូឌីត​​

បន្ទាប់​ពីទីក្រុងវ៉ាស៊ីនតោន​បាន​អនុ​ម័ត​ការលក់យន្តហោះចម្បាំង F-35 ដែល​អាច​កើត​មាន​ ទៅ​ឱ្យប្រទេសអារ៉ាប៊ីសាអូឌីត កាល​ពី​ម្សិលមិញ អ៊ី​ស្រាអែល​មាន​គម្រោង​ស្នើ​សុំ​អាវុធ និង​សមត្ថភាពការពារជាតិបន្ថែមទៀត​​ពី​សហរដ្ឋអាមេរិក​ ដើម្បី​ជា​​សំណង​​។ នេះបើយោង​តាមប្រព័ន្ធផ្សព្វផ្សាយ​អ៊ីស្រាអែល។

គេហ​ទំព័រព័ត៌មានអ៊ីស្រាអែល Walla បាន​រាយការណ៍នៅថ្ងៃសុក្រថា ​មន្ត្រីអ៊ីស្រាអែលនឹងស្នើសុំ​ឱ្យរដ្ឋបាលរបស់ប្រធានាធិបតី​អាមេរិក លោក ដូណាល់​ ត្រាំ អនុម័ត​ប្រព័ន្ធអាវុធ​ដែលទីក្រុងវ៉ាស៊ីនតោន​ធ្លាប់​បានបដិសេធ​ផ្តល់​ឱ្យ​អ៊ីស្រាអែល​។

យន្តហោះ​ចម្បាំង​អាមេរិក​

សំណើដែល​បានរាយការណ៍នេះ​លាតសន្ធឹងលើស​ពីយន្តហោះចម្បាំង​ទំនើប និងសមត្ថភាព​លាក់​បាំង រហូតដល់អាវុធមានមូលដ្ឋានលើលំហ  ការអភិវឌ្ឍ និងផលិតយន្តហោះស្ទាក់​ចាប់។ នេះបើយោងតាមការរាយការណ៍របស់ Walla​ ។

មន្ត្រី​អ៊ីស្រាអែលក៏​មាន​គម្រោង​​ស្នើសុំ​គ្រាប់​រំសេវបំបែក​លេណដ្ឋាន និង​ប្រព័ន្ធ​អាវុធ​ក្រោម​ដីដែលមានសមត្ថភាព​ប្រតិបត្តិការ​ជ្រៅនៅ​ក្រោមភ្នំថ្ម។

សារព័ត៌មាន Walla បន្ត​ថា សំណើទាំងនេះ​មានបំណង​ធានាកញ្ចប់ ​សំណងរបស់សហរដ្ឋ​អាមេរិក បន្ទាប់ពីការសម្រេចចិត្ត​របស់ទីក្រុងវ៉ាស៊ីន​​តោន​​អនុម័តការលក់ F-35 ដែល​អាច​កើត​មាន​ទៅឱ្យទីក្រុងរីយ៉ាដ។

របាយការណ៍នេះ​បានចេញផ្សាយ​ បន្ទាប់ពីក្រសួងការបរទេសអាមេរិកបាន​អនុម័តលើការលក់យន្តហោះ​ចម្បាំង F-35 Lightning II ចំនួន ៤៨គ្រឿង ក្នុងតម្លៃប្រហែល ២៤.៣ប៊ីលានដុល្លារ ទៅឱ្យអារ៉ាប៊ីសាអូឌីត​។

យោងតាមសេចក្តីជូនដំណឹងរបស់​ក្រសួងការបរទេសអារ៉ាប៊ីសាអូឌីត​​ទៅកាន់សភាអាមេរិក កញ្ចប់នៃការលក់​ដែលស្នើឡើងនេះក៏រួមបញ្ចូល​ នូវម៉ាស៊ីន​យន្តហោះ Pratt & Whitney F135-PW-100 ចំនួន ៤៩ គ្រឿង ឧបករណ៍ទំនាក់ទំនង និងឧបករណ៍អ៊ិនគ្រីប (cryptographic) ការគាំទ្រផ្នែក​សង្គ្រាមអេឡិចត្រូនិក ការបណ្តុះបណ្តាល និងការផ្គត់ផ្គង់ផ្នែកភស្តុភារ។

យោង​តាម​ទី​ភ្នាក់​ងារ​សារព័ត៌មាន​ Reuters ការលក់យន្ត​ហោះចម្បាំង ​F-35 ទៅឱ្យ​អារ៉ាប៊ីសាអូឌីត នឹង​ធ្វើ​ឱ្យ​អាមេរិកត្រូវ​​សម្រេចចិត្តថា តើ​ត្រូវធ្វើដូចម្តេច​ ​ដើម្បីរក្សាឧត្តមភាពផ្នែកយោធារបស់​អ៊ីស្រាអែល ស្របពេលខ្លួនក៏ត្រូវ​ផ្គត់ផ្គង់អាវុធ​ទំនើបៗដល់​ប្រទេសមួយទៀត​នៅក្នុង​តំបន់ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង