សិប្បកម្មកែច្នៃ«ម្សៅប្រហុក»ខ្មែរដំបូងដែលទទួលស្គាល់ស្ដង់ដារសុវត្ថិភាពចំណីអាហារអន្តរជាតិ ត្រូវបានសម្ពោធផ្លូវការ

សិប្បកម្មផលិត និងកែច្នៃ «ម្សៅប្រហុក» ខ្មែរដែលទទួលបានវិញ្ញា​បន​បត្រ HACCP ​ដែល​ជាប្រព័ន្ធគ្រប់គ្រង​សុវត្ថិភាពចំណី​អាហារ ប្រកប​ដោយ​គុណភាព​ និង​សុវត្ថភាព​នោះ ត្រូវបានបើកសម្ពោធជាផ្លូវការ កាលពីរសៀលថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥។

ការបើកសម្ពោធនេះបានធ្វើឡើងដំណើរនឹងពិធីបើកយុទ្ធនាការផ្សព្វផ្សាយស្ដីពីផលផលិតផលជលផល ដែល​សហការរៀបចំដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សហភាពអឺរ៉ុប និងអង្គការ UNIDO តាមរយៈ​គម្រោង​អភិ​វឌ្ឍន៍ជលផលក្រោយប្រមូលផល(CAPFISH-Capture)។

«ម្សៅប្រហុក» នេះត្រូវបានបង្កើតឡើងនៅខែកុម្ភៈ ឆ្នាំ២០២៣ ដោយសិប្បកម្មផលិត និងកែច្នៃផលិតផលជលផល ខនហ្វីរេល ស្ថិតនៅភូមិបាក់ខែង សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ បើ​តាមលោក ហៃ លីអ៊ាង ប្រធានអគ្គនាយកក្រុមហ៊ុន ខនហ្វីរេល គម្រោង​កែច្នៃ​ម្សៅប្រហុកនេះ ជាចក្ខុវិស័យក្នុងការលើកកម្ពស់ប្រហុកប្រពៃណីខ្មែរ ដោយបំលែងទៅជាទម្រង់ប្រភេទ​ម្សៅ ដើម្បីងាយស្រួលក្នុងការ​ប្រើ និងមានការ​វេចខ្ចប់​ប្រកប​ទៅ​ដោយ​សុវត្ថិភាព និង​គុណភាពខ្ពស់បំផុត។

របកគំហើញ​ថ្មីនេះ មិនត្រឹមតែជា​ការ​ចូលរួម​អភិរក្សនូវ​រសជាតិដើមដ៏ល្អឥតខ្ចោះរបស់​ប្រហុក​ខ្មែរនោះទេ ក៏ប៉ុន្តែថែមទាំងបង្កើនភាពងាយស្រួលក្នុងការប្រើប្រាស់ រក្សាទុក​ដាក់​ និងអនាម័យខ្ពស់​ផងដែរ ដែល​ធ្វើ​ឱ្យ​ប្រហុកម្សៅរបស់​ខនហ្វីរេល​ខ្មែរ លេចធ្លោនៅលើទីផ្សារជាតិ និងអន្តរជាតិ។ លោក ហៃ លីអ៊ាង គូសបញ្ជាក់បន្ថែមយ៉ាងដូច្នេះ ហើយលោក ក៏បានអះអាងពីការទទួលបាននូវការគាំទ្រយ៉ាងខ្លាំងលើផលិតផលប្រហុកម្សៅនេះពីសំណាក់ទីផ្សារជាតិ និងអន្តរជាតិ។

អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធបើកឱ្យដំណើរការសិប្បកម្មផលិត និងកែច្នៃប្រហុកម្សៅរបស់ក្រុមហ៊ុន ខនហ្វីរេល នេះ លោក ហាស់ សារ៉េត រដ្ឋលេខាធិការក្រសួងកសិកម្ម បានថ្លែងអបអរសាទរចំពោះ​ការបើកដំណើរការសិប្បកម្មផលិតនិងកែច្នៃប្រហុកម្សៅ ដែលត្រូវបានធ្វើទំនើបកម្ម និងកែលម្អយ៉ាងល្អប្រសើរប្រកបដោយមោទនភាព ដោយប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុក គឺប្រហុកសៀមរាប ដែលជាម៉ាកស្គាល់ភូមិសាស្រ្តទំនិញ (GI)។ លោក បន្តថា ក្រោមកិច្ចសហការជាមួយគម្រោង CAPFISH​-Capture ក្រុមហ៊ុន ខនហ្វីរេល កំពុងផ្សព្វផ្សាយប្រហុកម្សៅប្រកបដោយភាពច្នៃប្រឌិតរបស់ខ្លួនទៅកាន់ទីផ្សារអន្តរជាតិ។

តាមការកត់សម្គាល់របស់លោករដ្ឋលេខាធិការ នេះមិនត្រឹមឆ្លុះបញ្ចាំងពីសមត្ថភាពរបស់សហគ្រាសប៉ុណ្ណោះទេ ក៏ប៉ុន្តែព្រឹត្តិការណ៍នេះក៏ជាសក្ខីភាពនៃកិច្ចសហការយ៉ាងជិតស្និទ្ធរវាងស្ថាប័នរដ្ឋ និងវិស័យឯកជនក្នុងការជំរុញវិស័យកសិ-ម្ហូបអាហារនៅកម្ពុជា ហើយក៏បានបញ្ជាក់នូវការប្តេជ្ញាចិត្ត និងកិច្ចខិតខំប្រឹងប្រែងរួមគ្នាដើម្បីឆ្ពោះទៅរកកំណើនធុរកិច្ចប្រកបដោយចីរភាព សុវត្ថិភាពម្ហូបអាហារ និងការរួមចំណែករបស់វិស័យជលផលកម្ពុជាក្នុងការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយបរិយាប័ន្ន។

លោក អ៊ីហ្គ័រ ឌ្រីសម៉ាន់ ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា បានថ្លែងថា សហភាពអឺរ៉ុប មានមោទនភាពក្នុងការគាំទ្រកិច្ចខិតខំប្រឹងប្រែងនេះ និងចូលរួមចំណែកក្នុងការជំរុញការកែច្នៃក្នុងស្រុក បង្កើតការងារសមរម្យ និងលើកកម្ពស់ស្តង់ដារសុវត្ថិភាពម្ហូបអាហារខ្ពស់បំផុត ដែលជាការត្រួសត្រាយផ្លូវសម្រាប់ការនាំចេញកើនឡើង។ លោក ថា សមិទ្ធផលនេះហាក់ដូចជាតូច ប៉ុន្តែបង្ហាញពីសក្តានុពលដ៏ធំធេងក្នុងការបំពេញតម្រូវការក្នុងស្រុក រួមចំណែកដល់ការរីកលូតលាស់បៃតងជាតិ និងជួយឲ្យកម្ពុជាអាចឈរជើងប្រកួតប្រជែងក្នុងទីផ្សារពិភពលោទៀត៕

អត្ថបទដែលជាប់ទាក់ទង