អគ្គនាយកដ្ឋានពន្ធដារ ក្រើនរំលឹកពី ការបង់ពន្ធលើមធ្យោបាយដឹកជញ្ជូនសម្រាប់ឆ្នាំ២០២៥ ដោយនឹងផុតកំណត់នៅថ្ងៃទី៣០ ខែវិច្ឆិកាខាងមុខ!
(ភ្នំពេញ)៖ អគ្គនាយកដ្ឋានពន្ធដារ បានជូនដំណឹងក្រើនរំលឹកដល់ម្ចាស់យានយន្តទាំងអស់ លើការបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន នឹងត្រូវបិទបញ្ចប់នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥ខាងមុខនេះ។
យោងតាមការជូនដំណឹង របស់អគ្គនាយកដ្ឋានពន្ធដារបានឲ្យដឹងថា «រហូតមកទល់ពេលនេះ អគ្គនាយកដ្ឋានពន្ធដារសង្កេតឃើញថា ម្ចាស់យានយន្តមួយចំនួនបានប្រកាសបង់ពន្ធរួចរាល់ ខណៈម្ចាស់យានយន្តមួយចំនួនទៀត នៅមិនទាន់បានបង់ពន្ធប្រភេទនេះនៅឡើយ។ អគ្គនាយដ្ឋានពន្ធដារសូមក្រើនរំលឹក ដល់ម្ចាស់យានយន្តទាំងអស់ ដែលមិនទាន់បានបំពេញកាតព្វកិច្ចបង់ពន្ធ មេត្តារួសរាន់អញ្ជើញមក បង់ពន្ធឱ្យបានទាន់ពេលវេលា ត្រឹមថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅអគ្គនាយកដ្ឋានពន្ធដារ ឬនៅសាខាពន្ធដារខេត្ត ខណ្ឌ ឬនៅធនាគារដែលបានចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ»។
ក្នុងនោះម្ចាស់យានយន្តក៏អាចបង់តាមរយៈកម្មវិធី «GDT Taxpayer App» ដែលអាចទាញយកចេញពី App Store ចំពោះ iOS ឬ Play Store ចំពោះ Android សម្រាប់យានយន្តដែលធ្លាប់បានប្រកាសបង់ពន្ធលើមធ្យោបាយដឹកជញ្ជូនកន្លងមក។
អគ្គនាយកដ្ឋានពន្ធដារបានបញ្ជាក់បន្ថែមថា ក្នុងករណីខកខានមិនបានបង់ពន្ធ ទាន់ពេលវេលាកំណត់ខាងលើ ម្ចាស់យានយន្តនឹងត្រូវទទួលរងនូវទណ្ឌកម្ម រដ្ឋបាល(ពន្ធបន្ថែមចំពោះការយឺតយ៉ាវក្នុងការបង់ពន្ធត្រូវស្មើនឹង១០០%នៃប្រាក់ពន្ធត្រូវបង់) តាមច្បាប់ស្តីពីសារពើពន្ធ ជាធរមាន៕
សូមអានសេចក្ដីជូនដំណឹង របស់អគ្គនាយកដ្ឋានពន្ធដារទាំងស្រុង៖