រដ្ឋបាលខេត្តកំពង់ចាម នឹងដាំដើមផ្កាជើងគោ ១ម៉ឺន៥ពាន់ដើម ពីរង្វង់មូលស្គន់ ដល់រង្វង់មូលស្ពានគីហ្សូណា

ភ្នំពេញ៖ នាពេលខាង​មុខ អ្នក​ដំណើរ​ឆ្លងកាត់ផ្លូវ​ជាតិ​លេខ៧ ពី​រង្វង់មូលស្គ​ន់ ស្រុកជើងព្រៃ ដល់រង្វង់មូលស្ពានគីហ្សូណា ក្រុងកំពង់ចាម នឹង​បាន​ឃើញដើមផ្កាជើងគោ ដែលដាក់​ដាំលម្អ​លើ​ទ្រូងផ្លូវ និងសងខាងចិញ្ចើមផ្លូវ​។ បើតាម​រដ្ឋបាលខេត្តកំពង់ចាម ដាំដើមផ្កាជើងគោចំនួន ១ម៉ឺន៥ពាន់ដើម នឹង​ត្រូវ​បាន​ដាក់ដាំ​ដើម្បីលើកកម្ពស់សោភ័ណភាព។

ក្នុង​ពេល​ដ៏​ខ្លីខាង​មុខ គម្រោងស្ថាបនាលើកកម្រិតផ្លូវជាតិលេខ៧ ជា ៤គន្លង និងគម្រោងដាំដើមឈើលម្អ អមសងខាងផ្លូវជាតិលេខ ៧ ចាប់ពីរង្វង់មូលស្គន់​ ស្រុកជើងព្រៃ ដល់គល់ស្ពានគីហ្សូណា ក្រុងកំពង់ចាម នឹងត្រូវ​បាន​បញ្ចប់។ ជាមួយ​គ្នានេះ ដើម្បីលើកកម្ពស់សោភ័ណភាព តាមបណ្តោយទ្រូងផ្លូវជាតិលេខ៧ រដ្ឋបាលខេត្តកំពង់ចាម នឹងដាំដើមផ្កាជើងគោចំនួន ១៥ ០០០ដើម។​

ដើម្បីឱ្យដំណើរការនៃការដាំ និងការថែទាំដើមផ្កាជើងគោទទួលបាន​លទ្ធផលវិជ្ជមាន​ រដ្ឋបាលខេត្ត​កំពង់ចាម ស្នើ​ឱ្យ​ប្រជាពលរដ្ឋចូលរួមដាំ និង​ថែទាំតាមមុខលំនៅឋាន សាលារៀន វត្តអារាម រោងចក្រ សហគ្រាសរៀងៗខ្លួន។ ដោយ​ឡែក ការដាំ​ នឹង​ដាក់​ដាំចម្ងាយ​ពីចិញ្ចើមផ្លូវពី ១,៥ម៉ែត្រ ទៅ៣ម៉ែត្រ និងគម្លាតពី ៧ ទៅ១០ម៉ែត្រក្នុង១ដើម។

សូម​បញ្ជាក់ថា ដើមផ្កាជើងគោចំនួន ១៥ ០០០ដើមនេះ ​ផ្ដល់ដោយ​លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួង​រៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ នាពេលកន្លងមក​  ក្រសួង​រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ តែង​គិតគូរពីការ​លើកកម្ពស់សោភ័ណភាពនៃការរស់នៅ និងសោភ័ណភាពនៅទីសាធារណៈ៕

អត្ថបទដែលជាប់ទាក់ទង