រដ្ឋបាលក្រុងតាខ្មៅ បានរៀបចំប្រជុំ ស្តីពីការអប់រំ និងផ្សព្វផ្សាយជូនដល់ប្រជាពលរដ្ឋ ឱ្យបានយល់ដឹងអំពីបញ្ហាគ្រោះថ្នាក់ចរាចរណ៍ ដើម្បីរួមគ្នាបង្ការ ទប់ស្កាត់ និងកាត់បន្ថយការស្លាប់ និងរងរបួសដោយសារគ្រោះថ្នាក់ចរាចរណ៍ និងតែងតាំងចូលកាន់មុខតំណែងអភិបាលរងក្រុងតាខ្មៅ
(ខេត្តកណ្តាល)៖ នៅថ្ងៃចន្ទ ៨រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនិងថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ រដ្ឋបាលក្រុងតាខ្មៅ បានរៀបចំប្រជុំ ស្តីពីការអបរំ និងផ្សព្ធផ្សាយជូនដល់ប្រជាពលរដ្ឋ អំពីបញ្ហាគ្រោះថ្នាក់ចរាចរណ៍ ដើម្បីបង្កា ទប់ស្កាត់ និងកាត់បន្ថយការស្លាប់ និងរងរបួសដោយសារគ្រោះថ្នាក់ចរាចរណ៍ ក្រោមអធិបតីភាព ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល។ នៅក្នុងអង្កប្រជុំនេះដោយមានការចូលរួមពីឯកឧត្តម លោកជំទាវអភិបាលរងខេត្ត លោកអភិបាលក្រុងតាខ្មៅ កងកម្លាំងប្រដាប់អាវុធទាំងបី លោកចៅសង្កាត់ លោក លោកស្រីមន្រ្តីរាជការជាច្រើនរូប ដែលធ្វើឡើងនៅសាលាក្រុងតាខ្មៅ។
សូមជម្រាបថាៈ ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល ក៏បានមានប្រសាសន៍ឲ្យដឹងនៅក្នុងពិធីប្រកាសចូលកាន់មុខតំណែងជាអភិបាលរង នៃគណៈអភិបាលក្រុងតាខ្មៅ ខេត្តកណ្តាល។ ដោយសារនៅក្នុងខេត្តកណ្តាលយើងនេះ បើគិតមកដល់ពេលនេះ ប្រជាពលរដ្ឋដែលបានស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ មានចំនួន ៦៤នាក់ បើប្រៀបធៀបទៅនឹងឆ្នាំ២០២៤ មានប្រជាពលរដ្ឋបានស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ប្រមាណជាង ១០០នាក់។ ហើយការចុះថយក្នុងការស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍នេះ គឺដោយសារមានការចូលរួមអនុវត្តច្បាប់បានយ៉ាងម៉ឺនមាត់ របស់កងកម្លាំងមានសមត្ថកិច្ច អាជ្ញាធរពាក់ព័ន្ធ ពិសេសប្រជាពលរដ្ឋបានចូលរួមគោរព និងអនុវត្តច្បាប់ចរាចរណ៍ ដោយខ្លួនឯងបានយ៉ាងល្អប្រសើរ ដែលធ្វើឱ្យជំនួសអ្នកស្លាប់មានការថយចុះ។
ឯកឧត្តមអភិបាលខេត្តបន្ថែមថា បើទោះជាមានការថយចុះយ៉ាងណាក៏ដោយ គ្រោះថ្នាក់ចរាចរណ៍បានឆក់យកអាយុជីវិតរបស់ប្រជាពលរដ្ឋនៅក្នុងខេត្តកណ្ដាលរហូតដល់ ៦៤ នាក់ បើប្រៀបធៀបជាមួយសង្គ្រាមរវាង កម្ពុជា និងថៃ នាពេលកន្លងមក មានការស្លាប់ច្រើនជាងសង្គ្រាមទៀត។ ដូច្នេះយើងទាំងអស់គ្នាជាកងកម្លាំង អាជ្ញាធរពាក់ព័ន្ធ ត្រូវបន្តខិតខំយកចិត្តទុកដាក់ក្នុងការអប់រំ និងផ្សព្វផ្សាយឱ្យបានទូលំទូលាយ ជូនប្រជាពលរដ្ឋជាប្រចាំ ដើម្បីរូបគ្នាបង្ការ ទប់ស្កាត់ បញ្ជៀសការស្លាប់ និងរបួស ដោយគ្រោះថ្នាក់ចរាចរណ៍ឱ្យបាននៅទៀបបំផុតតាមដែលអាចធ្វើទៅបាន។