អភិបាលរាជធានីភ្នំពេញ ណែនាំឲ្យពង្រឹងការងារសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពជូនពលរដ្ឋក្នុងឱកាសបុណ្យដាក់បិណ្ឌ និងភ្ជុំបិណ្ឌ
(ភ្នំពេញ)៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥នេះ បានដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាព ដើម្បីពង្រឹងការងារសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរ ពិសេសក្នុងឱកាសបុណ្យដាក់បិណ្ឌ និងភ្ជុំបិណ្ឌ។
ក្នុងកិច្ចប្រជុំដែលមានការចូលរួមពីកងកម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរខណ្ឌទាំង១៤ លោក ឃួង ស្រេង បានសង្កត់ធ្ងន់ថា បញ្ហាសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពជូនប្រជាពលរដ្ឋ ត្រូវធានាឲ្យបានគត់មុត មិនឲ្យមានបញ្ហាអ្វីកើតឡើងនោះឡើយ។ ដោយឡែក ការចុះរដ្ឋបាល ពិនិត្យជាតិផ្ទុះត្រូវតែធ្វើឡើងជាប្រចាំ តែជៀសវាងធ្វើកុំឲ្យប៉ះសតិអារម្មណ៍ប្រជាពលរដ្ឋ នៅពេលអនុវត្តកិច្ចការងារ។
ពាក់ព័ន្ធនឹងអំពើឆបោកតាមអនឡាញ ឬ Online Scam លោក ឃួង ស្រេង បានណែនាំឲ្យអាជ្ញាធរខណ្ឌ និងកម្លាំងមានសមត្ថកិច្ច បន្តយកចិត្តទុកដាក់ឲ្យបានខ្ពស់ ដើម្បីលុបបំបាត់ ដោយត្រូវដាក់កម្លាំងតាមដាននៅតាមទីតាំង ដែលមានការសង្ស័យ ដូចជានៅតាមបុរីនិងខុនដូជាដើម។ បន្ថែមពីនេះ ការងារដោះស្រាយបញ្ហាលិចលង់ ក៏ជាប្រធានបទធំមួយដែលលោក ឃួង ស្រេង ជំរុញឲ្យអាជ្ញាធរខណ្ឌ និងមន្ត្រីជំនាញយកចិត្តទុកដាក់ដើម្បីដោះស្រាយ។
ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានលើកឡើងថា សម្រាប់បុណ្យដាក់បិណ្ឌ ភ្ជុំបិណ្ឌ ស្នងការដ្ឋាននគរបាលរាជធានី បានប្រើប្រាស់កម្លាំង សហការជាមួយកងរាជអាវុធហត្ថរាជធានីភ្នំពេញ ការពារសន្តិសុខ សុវត្ថិភាព និងសម្រួលចរាចរជូនប្រជាពលរដ្ឋចំនួន១៦ថ្ងៃ។
ដោយឡែក សម្រាប់ពិធីបុណ្យកឋិនទាន ដែលនឹងចាប់ផ្តើមពីថ្ងៃទី៨ ខែតុលា ដល់ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ដែលមានរយៈពេល២៩ថ្ងៃ ក៏បានត្រៀមកម្លាំងរួចរាល់ ទាំងការសម្រួលចរាចរណ៍ ការរៀបចំសណ្តាប់ធ្នាប់ នៅតាមទីផ្សារ និងនៅតាមវត្តអារាម ជាមួយការល្បាត ពិនិត្យអាវុធជាតិផ្ទុះជាប្រចាំ៕