ទេសាភិបាលរងធនាគារជាតិ លើកឡើងពីចំណុចសំខាន់ៗ៤យ៉ាង ទាក់ទងនឹងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុ ក្នុងតំបន់រវាងចិន និងអាស៊ាន ក្នុងពិព័រណ៍ចិន-អាស៊ាន លើកទី២២
(ភ្នំពេញ)៖ លោក រ័ត្ន សុវណ្ណនរៈ ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា បានអញ្ជើញចូលរួម ក្នុងព្រឹត្តិការណ៍ «វេទិកាសហប្រតិបត្តិការ និងអភិវឌ្ឍន៍ហិរញ្ញវត្ថុចិន-អាស៊ាន» នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ នៅទីក្រុងណាននីង សាធារណរដ្ឋប្រជាមានិតចិន ក្នុងឱកាសនៃពិព័រណ៍ចិន-អាស៊ានលើកទី២២ រៀបចំឡើងដោយរដ្ឋាភិបាលចិននិងអាស៊ានចាប់ពីថ្ងៃទី១៧-២១ ខែកញ្ញា ឆ្នាំ២០២៥។
លោកទេសាភិបាលរង បានរំលេចអំពីទំនាក់ទំនងពាណិជ្ជកម្មចិន-អាស៊ាន ដែលបច្ចុប្បន្នជាដៃគូពាណិជ្ជកម្មធំបំផុតរវាងគ្នានិងគ្នា ក្នុងនោះបានលើកសរសើរ ចំពោះការប្តេជ្ញាចិត្តរបស់ចិន-អាស៊ាន ក្នុងការបន្តបើកទូលាយពាណិជ្ជកម្ម និងពហុភាគីនិយម ដើម្បីសម្រេចបាននូវគោលដៅរួម នៃការបង្កើនវិបុលភាព បន្ទាប់ពីការបញ្ចប់កិច្ចព្រមព្រៀងតំបន់ពាណិជ្ជកម្មសេរីចិន-អាស៊ាន ៣.០ (CAFTA 3.0) បើទោះបីជាមានការកើនឡើងនៃនិន្នាការគាំពារនិយមនៅបណ្តាតំបន់ផ្សេងៗលើពិភពលោកក៏ដោយ។
ក្នុងនោះផងដែរលោក រ័ត្ន សុវណ្ណនរៈ បានបង្ហាញពីចំណុច ទាក់ទងនឹងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុ ក្នុងតំបន់រវាងចិន និងអាស៊ានសំខាន់ៗចំនួន៤រួមមាន៖
១៖ ការទូទាត់រូបិយវត្ថុក្នុងស្រុក។
២៖ ការតភ្ជាប់ប្រព័ន្ធទូទាត់។
៣៖ ហិរញ្ញវត្ថុបៃតង។
៤៖ សំណាញ់សុវត្ថិភាពហិរញ្ញវត្ថុក្នុងតំបន់។
លោក រ័ត្ន សុវណ្ណនរៈ ក៏បានកត់សម្គាល់អំពីវឌ្ឍនភាព និងការដាក់សំណើថ្មីៗ សម្រាប់កិច្ចសហប្រតិបត្តិការបន្ថែមទៀត ដើម្បីជាប្រយោជន៍រួមសម្រាប់ចិន-អាស៊ាន។ កិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគីរបស់ធនាគារជាតិនៃកម្ពុជា សម្រាប់ហិរញ្ញវត្ថុបៃតង ការទូទាត់រូបិយវត្ថុក្នុងស្រុក និងការតភ្ជាប់ប្រព័ន្ធទូទាត់ ក៏ត្រូវបានចែករំលែក និងពិភាក្សាក្នុងវេទិកានេះផងដែរ៕