សហរដ្ឋអាមេរិក មានផែនការលក់អាវុធក្នុងទំហំទឹកប្រាក់ ៦.៤ពាន់លានដុល្លារឱ្យអ៉ីស្រាអែល
(វ៉ាស៊ីនតោន)៖ រដ្ឋបាលលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ កំពុងស្វះស្វែងរកការអនុម័តពីសភាអាមេរិកលើការលក់អាវុធ និងបរិក្ខារពាក់ព័ន្ធមានទំហំទឹកប្រាក់ ៦.៤ពាន់លានដុល្លារ ទៅឱ្យអ៉ីស្រាអែល ក្នុងនោះរួមមានឧទ្ធម្ភាគចក្រប្រយុទ្ធ និងរថយន្ដយោធា។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
Reuters ដោយផ្អែកលើប្រភពដែលខ្លួនទទួលបានពីក្រុមមន្ត្រីអាមេរិកក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះបានឱ្យដឹងទៀតថាកញ្ចប់អាវុធដែលសហរដ្ឋអាមេរិកគ្រោងលក់ឱ្យអ៉ីស្រាអែល រួមមាន ឧទ្ធម្ភាចក្រប្រយុទ្ធ AH-64 ៣០គ្រឿងមានតម្លៃ ៣.៨ពាន់លានដុល្លារ និងរថពាសដែក ៣២៥០គ្រឿងមានតម្លៃ ១.៩ពាន់លានដុល្លារ ព្រមទាំងបរិក្ខារពាក់ព័ន្ធផ្សេងទៀត ដូចជារថយន្ដយោធាមានទំហំទឹកប្រាក់ ៧៥០លានដុល្លារ។
គួរបញ្ជាក់ថា ការទម្លាយឱ្យដឹងពីគម្រោងលក់អាវុធទៅឱ្យអ៉ីស្រាអែល កើតមានឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ មុនបណ្ដាមេដឹកនាំពិភពលោកគ្រោងនឹងជួបប្រជុំគ្នានៅឯមហាសន្និបាត អង្គការសហប្រជាជាតិក្នុងទីក្រុងញូវយ៉កនៅសប្ដាហ៍ក្រោយ ខណៈក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនឹងបើកកិច្ចប្រជុំពិសេសមួយស្ដីពីតំបន់ហ្កាហ្សា ជាទីដែលកងទ័ពអ៉ីស្រាអែលបានបើកប្រតិបតិ្តការវាយលុកថ្មើរជើងដើម្បីគ្រប់គ្រងទីក្រុងហ្កាហ្សា៕