ជនជាតិដើមភាគតិចទំពួន៤នាក់ បន្តបាត់ខ្លួនជិត១សប្តាហ៍ហើយ ក្រោយទឹកជំនន់ហូរកួចទៅ​ទាំងមនុស្សនិងផ្ទះ

ភ្នំពេញ៖ ជនជាតិដើមភាគតិចទំពួន ម្នាក់ត្រូវបានគេប្រទះឃើញស្លាប់ និងមនុស្ស ៤នាក់ទៀតបាត់ខ្លួន ក្នុងហេតុការណ៍គ្រោះទឹកជំនន់ នៅភូមិពីង ឃុំសាមគ្គី ស្រុកអូរជុំ ខេត្តរតនគិរី កាលពីថ្ងៃទី២៦ ខែកញ្ញា។ ជិត១សប្ដាហ៍ទៅហើយ ប៉ុន្តែសាកសព ឬតម្រុយពីជនរងគ្រោះទាំង ៤នាក់នេះ មិនទាន់រកឃើញនៅឡើយទេ ខណៈអាជ្ញាធរខេត្តរតនគិរី បន្តដឹកនាំកម្លាំងចម្រុះស្វែងរកឥតឈប់ឈរ។

លោក យ័ន រតនា អភិបាលរងស្រុកអូរជុំ បានប្រាប់សារព័ត៌មានឌីជីថលថ្មីៗ នៅថ្ងៃទី១ ខែតុលានេះថា កងកម្លាំងចម្រុះថ្នាក់ខេត្ត ស្រុក ឃុំ និងពលរដ្ឋ បានស្វែងរកជនរងគ្រោះ ៤នាក់នេះ អស់រយៈពេល ៦ថ្ងៃមកហើយ ប៉ុន្តែ មិនទាន់រកឃើញនៅឡើយទេ ដ្បិតមានឧបសគ្គមួយចំនួនរាំងស្ទះដល់ប្រតិបត្តិរុករក។ ជាក់ស្ដែង ទីតាំងដែលរងគ្រោះទឹកជំនន់នោះ ជាតំបន់អូរ និងមានព្រៃបត់បែនច្រើន ហើយកម្ទេចកម្ទី ឬកំណាត់ឈើដែលហូរតាមទឹកក៏កកកុញច្រើន រីឯភក់ល្បាប់វិញមានសណ្ឋានខ្ពស់ ដែលជាហេតុនាំឱ្យរាំងស្ទះដល់ការងារស្វែងរក។

យ៉ាងណាក៏ដោយកងម្លាំងចម្រុះ និងពលរដ្ឋ​ នៅតែបន្តតាមរកឥតឈរ។ នេះជាការអះអាងរបស់ លោក យ័ន រតនា ដោយបន្ថែមដូច្នេះថា៖«ដោយសារវាជាតំបន់មានអូរ មានព្រៃភ្នំ ដូច្នេះ វាមានភាពបត់បែនច្រើន ហើយកំណាត់ឈើ ឬកម្ទេចកម្ទីហូរតាមទឹកច្រើន ជាពិសេស ដីភក់ល្បាប់ខ្ពស់ៗ ដែលធ្វើរាំងស្ទុះដល់ស្វែងរក។ យើងប្រឹងប្រែងរកដែរ តែរកមិនទាន់ឃើញទេ ហើយយើងនឹងបន្តរកទៀត»។

សូមជម្រាបថា ករណីបាត់ខ្លួនមនុស្សទាំង ៤នាក់នេះ បង្កឡើងដោយជំនន់ទឹកភ្លៀង កាត់ផ្តាច់ផ្លូវឆ្លងកាត់អូរមួយកន្លែង ហើយបានកួចយកផ្ទះ និងពលរដ្ឋនៅខាងក្រោមចំនួន ២គ្រួសារ ឬស្មើនឹង៥នាក់ទៅជាមួយ។ គ្រួសាររងគ្រោះទាំងពីរនេះ សុទ្ធសឹងជាជនជាតិដើមភាគតិចទំពួន ហើយជាសាច់ញាតិនឹងគ្នា៕

អត្ថបទដែលជាប់ទាក់ទង