ខេត្តដែលប៉ះពាល់ដោយជំនន់ទឹកភ្លៀងកើនឡើងដល់១១ហើយ
ភ្នំពេញៈ ខេត្តដែលទទួលរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀងបានកើនឡើងដល់១១ហើយគិតត្រឹមថ្ងៃព្រហស្បតិ៍ ទី២ខែតុលានេះ ក្នុងនោះពលរដ្ឋជាង៣ម៉ឺនគ្រួសារ និងដំណាំស្រូវជាង១ម៉ឺនហិកតាកំពុងតែប៉ះពាល់។
អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ លោកសុទ្ធ គឹមកុលមុន្នី បានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា ជំនន់ទឹកភ្លៀងកំពុងតែបង្កការប៉ះពាល់ដល់ក្រុង/ស្រុកចំនួន៤៦ នៅក្នុងខេត្តចំនួន១១។ ក្នុងនោះរួមមាន៖ ខេត្តរតនគិរី ស្ទឹងត្រែង ក្រចេះ ព្រៃវែង កំពង់ធំ សៀមរាប មណ្ឌលគិរី បន្ទាយមានជ័យ ត្បូងឃ្មុំ ឧត្តរមានជ័យ និងព្រះវិហារ។
លោកបញ្ជាក់ថា៖«ដោយសារតែការរងឥទ្ធិពលព្យុះក្នុងតំបន់ មានឥទ្ធិពលមកដល់ប្រទេសកម្ពុជាយើង ធ្វើឱ្យមានភ្លៀងធ្លាក់ពីបង្គួរទៅច្រើននៅតាមខេត្តមួយចំនួននៅទូទាំងប្រទេស។ ជំនន់ទឹកភ្លៀងប៉ះពាល់មូលដ្ឋានក្រុង/ស្រុកចំនួន៤៦ ដែលមានប្រជាជន ៣៥ ៦៥១គ្រួសារ។ វាក៏ប៉ះពាល់ផ្ទះជាង២៧ ០០០ខ្នង និងប្រជាជនជម្លៀស ជាង២ពាន់គ្រួសារត្រូវបានជម្លៀសទៅកាន់ទីទួលសុវត្ថិភាព»។
ក្រៅពីនេះ ជំនន់ទឹកភ្លៀងនេះ ក៏កំពុងតែបង្កការប៉ះពាល់ដល់ដំណាំស្រូវជាង១៦ ០០០ហិកតា ដែលក្នុងនោះ ខួចខាតជាង៦០០ហិកតាផងដែរ។
គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានត្រៀមលក្ខណៈប្រើប្រាស់នូវកម្លាំង និងមធ្យោបាយសរុប ទាំងអស់ដែលមាន ដើម្បីជួយអន្តរាគមន៍ឆ្លើយតបទៅនឹងបញ្ហាជំនន់ទឹកភ្លៀងនេះឱ្យមានប្រសិទ្ធភាព និងទាន់ពេលវេលា។
លោក គឹមកុលមុន្នី បានធ្វើការអំពាវនាវ ដល់អាជ្ញាធរ ក៏ដូចជាស្ថាប័នពាក់ព័ន្ធគ្រប់ជាន់ថ្នាក់ ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះជំនន់ទឹកភ្លៀងនេះ។ ជំនន់នេះអាចមានបន្តទៅទៀត បើយោងទៅតាម ការជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម។ ហេតុនេះការត្រៀមលក្ខណៈបង្ការ និងត្រៀមឆ្លើយតបអន្តរាគមន៍ចំពោះស្ថានភាពជំនន់ទឹកភ្លៀងនេះ គឺជាការងារចាំបាច់ដែល ត្រូវយកចិត្តទុកដាក់ខ្ពស់។
ក្រសួងធនធានទឹកបានប្រកាសនៅថ្ងៃព្រហស្បតិ៍នេះថា សម្ពាធទាបកើតនៅសមុទ្រចិនខាងត្បូង មានឥទ្ធិពលខ្លាំងលើរបបខ្យល់មូសុងនិរតី ដែលបក់លើសមុទ្រអានដាមម៉ែន ឈូងសមុទ្រថៃ អាងទន្លេមេគង្គ និងលើកម្ពុជា។
ស្ថានភាពបែបនេះនឹងធ្វើឱ្យតំបន់វាលទំនាបអាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះនឹងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី២៥%ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៤ ខែតុលា។ រីឯ តំបន់ខ្ពង់រាប អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះនិងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី៣០% និងតំបន់មាត់សមុទ្រអាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះនិងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី២៥%៕