ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានណែនាំដល់ថ្នាក់ដឹកនាំមន្ទីរពេទ្យគ្រប់ឋានានុក្រម ត្រូវបន្តផ្តោតសំខាន់ខ្ពស់លើសុវត្ថិភាពអ្នកជំងឺ
ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានណែនាំដល់ថ្នាក់ដឹកនាំមន្ទីរពេទ្យគ្រប់ឋានានុក្រម ត្រូវបន្តផ្តោតសំខាន់ខ្ពស់លើសុវត្ថិភាពអ្នកជំងឺ។ ការណែនាំនេះបានធ្វើឡើងកាលពីរសៀលថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួង ក្នុងកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំលើកទី១ នៃខែតុលា ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅការងារបន្ត ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សាក្រសួង អគ្គនាយក អគ្គនាយករង និងគ្រប់ប្រធានអង្គភាពថ្នាក់កណ្តាលក្រោមឱវាទក្រសួងសុខាភិបាល ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ និងតាមប្រព័ន្ធ Zoom ប្រធានមន្ទីរសុខាភិបាលខេត្ត។
ក្នុងកិច្ចប្រជុំនោះ ឯកឧត្តមសាស្រ្តាចារ្យបានសង្កត់ធ្ងន់ធ្ងរលើការងារសំខាន់ៗ ចំពោះមុខជាអាទិភាព ដោយត្រូវបន្តការយកចិត្តទុកលើការងារនៅតាមបណ្តោព្រំដែន ទឹកជំនន់និងជំងឺឆ្លងនានា ដែលត្រូវបង្កើនប្រុងប្រយ័ត្ន និងត្រៀមលក្ខណៈឱ្យបានគ្រប់ជ្រុងជ្រោយ និងត្រូវតាមដានគ្រប់សភាពការណ៍ ដើម្បីឆ្លើយតបបានរហ័សទាន់ពេលវេលា។ ក្នុងអំឡុងពេលនេះ នៅតាមតំបន់ដែលអាចនឹងប្រឈមការជន់លិច ត្រូវបង្កើនការណែនាំ និងអប់រំសុខភាពដល់ប្រជាជន ដើម្បីបង្ការការខ្លួនពីជំងឺផ្សេងៗ សត្វដែលមានពិស និងត្រូវគេងក្នុងមុងដើម្បីចៀសវាងពីជំងឺគ្រុនឈាមជាដើម។
ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តីបានណែនាំដល់មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្រ្ត និងបាណកសាស្រ្ត បង្កើនការយកចិត្តទុកដាក់ឱ្យកាន់តែសសាក់សស្រាំលើការអប់រំសុខភាព បាញ់ថ្នាំមូស ដើម្បីទប់ស្កាត់ជំងឺគ្រុនឈាម ក្នុងអំឡុងពេលរដូវវស្សានេះ និងបានផ្តល់អនុសាសន៍ដល់ថ្នាក់ដឹកនាំមន្ទីរពេទ្យជាតិ មន្ទីរសុខាភិបាលរាជធានីខេត្ត មន្ទីរពេទ្យគ្រប់កម្រិត ត្រូវរៀបចំត្រៀមលក្ខណៈគ្រប់ពេលវេលា ដោយសហការគ្នាឱ្យបានជិតស្និត និងអាចទំនាក់ទំនងគ្នាគ្រប់ពេលវេលា ជាពិសេសនៅក្នុងពិធីបុណ្យជាតិនានាខាងមុននេះ។
ទន្ទឹមនឹងនេះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តីបានណែនាំដល់ថ្នាក់ដឹកនាំ និងអង្គភាពទាំងអស់ ត្រូវបន្តពង្រឹងលើការងារបណ្តុះបណ្តាល គ្រប់គ្រងឱសថ និងកិច្ចសហការជាមួយដៃគូ និងអន្តរក្រសួងស្ថាប័ន និងជាពិសេសការងារឆ្លើយតបនឹងគ្រោះមហន្តរាយ៕
ប្រភព៖ ក្រសួងសុខាភិបាល, ក្រសួងព័ត៌មាន