ព្រឹទ្ធសភាកម្ពុជា ថារដ្ឋាភិបាលថៃត្រូវ ចាត់វិធានការលើជនជាតិថៃ ដែលប្រមាថថ្នាក់ដឹកនាំកម្ពុជា
ព្រឹទ្ធសភាកម្ពុជា បានបញ្ជាក់ថា រដ្ឋាភិបាលថៃត្រូវមានទំនួលខុសត្រូវ ក្នុងការចាត់វិធានការ លើអ្នកដែលបានប្រព្រឹត្តសកម្មភាពវាយប្រហារ និងប្រមាថលើសម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងថ្នាក់ដឹកនាំកម្ពុជាផ្សេងទៀតនាពេលថ្មីៗនេះ។ នៅក្នុងសេចក្តីថ្លែងការណ៍ចុះថ្ងៃទី៧ ខែតុលា ព្រឹទ្ធសភាកម្ពុជា ចាត់ទុកទង្វើវាយប្រហារ និងគ្មានការគោរពកលើថ្នាក់ដឹកនាំកម្ពុជា ជាការប្រមាថយ៉ាងធ្ងន់ធ្ងរដល់សេចក្តីថ្លៃថ្នូររបស់មនុស្សជាតិ តម្លៃ សីលធម៌ និងការគោរពគ្នាទៅវិញទៅមក រវាងប្រជាជាតិ និងប្រជាជាតិ។
សកម្មភាពនោះ ក៏បានធ្វើឱ្យប៉ះពាល់ ដល់ស្មារតីនៃភាពជាអ្នកជិតខាងល្អ មិត្តភាព និងសន្តិសហវិជ្ជមាន ដែលជាគោលការណ៍គ្រឹះ ក្នុងការដឹកនាំទំនាក់ទំនងរវាងកម្ពុជា និងថៃ ក្នុងនាមជាសមាជិកក្នុងអាស៊ាន និងសហគមន៍អន្តរជាតិ។ ព្រឹទ្ធសភាកម្ពុជា ប្រតិកម្មដូច្នេះ ដោយបញ្ជាក់ពីទំនួលខុសត្រូវរបស់រដ្ឋាភិបាលថៃ ថា៖ «ព្រឹទ្ធសភា ក៏សូមគូសបញ្ជាក់អំពីទំនួលខុសត្រូវរបស់រាជរដ្ឋាភិបាលថៃ ក្នុងការចាត់វិធានការសមស្របដើម្បីដោះស្រាយបញ្ហានេះ ក្នុងលក្ខណៈសមស្របជាប្រទេសជាតិមួយដែលមានអរិយធម៌ និងថ្លៃថ្នូរ ដើម្បីទប់ស្កាត់កុំឲ្យអំពើស្រដៀងគ្នានេះកើតឡើងនៅពេលអនាគត។»។
នៅក្នុងសេចក្តីថ្លែងការណ៍ដដែល ព្រឹទ្ធសភាកម្ពុជា ក៏បានបញ្ជាក់ជាថ្មីថា មិត្តភាពរវាងកម្ពុជា និងថៃ ត្រូវតែផ្អែកលើគុណតម្លៃការយោគយល់គ្នា ការគោរពគ្នាទៅវិញទៅមក និងសមភាព។ ក្រៅពីនេះ ព្រឹទ្ធសភាកម្ពុជា បានកោតសរសើរចំពោះការឆ្លើយតបរបស់សម្តេច ហ៊ុន សែន ដែលបានអំពាវនាវកុំឱ្យពលរដ្ឋខ្មែរ ធ្វើសកម្មភាពណាមួយដែលដូច ឬស្រដៀងគ្នានេះ តបត ទៅភាគីថៃវិញ។ សម្តេចប្រមុខរដ្ឋស្តីទី ក៏ហាមពលរដ្ឋខ្មែរ កុំធ្វើសកម្មភាពណាមួយប៉ះពាល់ដល់ក្រុមហ៊ុនថៃ និងប្រជាជនថៃ ដែលកំពុងរស់នៅ ធ្វើការ និងរកស៊ីនៅកម្ពុជាផងដែរ។ សម្រាប់ព្រឹទ្ធសភាកម្ពុជា ការអំពាវនាវបែបនេះគឺបានបង្ហាញពីសីលធម៌របស់ថ្នាក់ដឹកនាំរបស់កម្ពុជា។
លើសពីនេះ ដែលបន្តជំរុញឱ្យមានសន្តិភាព និងភាពសុខដុមរមនានៅក្នុងប្រទេសកម្ពុជា និងតំបន់។ ព្រឹទ្ធសភាគាំទ្រចំពោះការអំពាវនាវរបស់សម្តេចប្រមុខរដ្ឋស្តីទី ពាក់ព័ន្ធនឹងការ លើកកម្ពស់អធិបតេយ្យភាពសេដ្ឋកិច្ច និងហិរញ្ញវត្ថុរបស់កម្ពុជា៕