អតីតនាយករដ្ឋមន្ត្រីបារាំង ជំរុញឲ្យលោក Macron លាលែងពីតំណែង
យោងតាមការចុះផ្សាយរបស់សារព័ត៍មាន France24 អតីតនាយករដ្ឋមន្ត្រីលោក Édouard Philippe បានអំពាវនាវឲ្យប្រធានាធិបតីបារាំងលោក Emmanuel Macron លាលែងពីតំណែង និងជម្រះផ្លូវសម្រាប់ការបោះឆ្នោតប្រធានាធិបតីមុនកាលកំណត់។
ការអំពាវនាវនេះ ធ្វើឡើងបន្ទាប់ពីការដួលរលំនៃរដ្ឋាភិបាលជនជាតិភាគតិចចុងក្រោយបំផុតរបស់លោក Macron ដែលធ្វើឲ្យវិបត្តិនយោបាយនៅប្រទេសបារាំងកាន់តែយ៉ាប់យ៉ឺន។ លោក Philippe ដែលជាអតីតសម្ព័ន្ធមិត្តសំខាន់ បានស្នើថា លោក Macron គួរតែចាកចេញ«ក្នុងសេចក្ដីថ្លៃថ្នូរ»។ លោក Philippe ដែលបានធ្វើជានាយករដ្ឋមន្ត្រីពីឆ្នាំ២០១៧ដល់ឆ្នាំ២០២០ បានរិះគន់ភាពជាប់គាំងនយោបាយ ដោយនិយាយថា «រយៈពេល១៨ខែទៀតនេះយូរពេកហើយ វាកំពុងធ្វើឲ្យខូចខាតដល់ប្រទេសបារាំង»។
យ៉ាងណា លោកមិនគាំទ្រការលាលែងពីតំណែងភ្លាមៗនោះទេ តែអតីតនាយករដ្ឋមន្ត្រីរូបនេះបានណែនាំផែនការផ្លាស់ប្តូរមួយ ដែលពាក់ព័ន្ធនឹងនាយករដ្ឋមន្ត្រីចាំផ្ទះ ការអនុម័តថវិកា និងបន្ទាប់មកការបោះឆ្នោតប្រធានាធិបតីមុនអាណត្តិ។
ការអត្ថាធិប្បាយរបស់លោក Philippe រឹតតែដាក់សម្ពាធខ្លាំងលើលោក Macron បន្ទាប់ពីអតីតនាយករដ្ឋមន្ត្រីមួយរូបទៀតគឺលោក Gabriel Attal ក៏បានបង្ហាញពីការខកចិត្តរបស់គាត់ផងដែរ។ លោក Attal ដែលបានបម្រើការនៅក្រោមលោក Macron ក្នុងឆ្នាំ២០២៤ បាននិយាយថា «ដូចប្រជាជនបារាំងជាច្រើនដែរ ខ្ញុំគិតលែងយល់ពីការសម្រេចចិត្តរបស់លោកប្រធានាធិបតីទៀតហើយ»។
ការអំពាវនាវពីអតីតសម្ព័ន្ធមិត្តរបស់ខ្លួនបែបនេះ ឆ្លុះបញ្ចាំងពីភាពឯកោកាន់តែខ្លាំងឡើងរបស់លោក Macron។ វិបត្តិចុងក្រោយបង្អស់ត្រូវបានបង្កឡើងដោយការលាលែងពីតំណែងរបស់នាយករដ្ឋមន្ត្រី Sébastien Lecornu នៅថ្ងៃទី៦ខែតុលាឆ្នាំ២០២៥ បន្ទាប់ពីកាន់តំណែងបានត្រឹមតែ ២៧ថ្ងៃប៉ុណ្ណោះ។ នេះជារដ្ឋាភិបាលទីបីហើយដែលត្រូវដួលរលំក្នុងរយៈពេលមួយឆ្នាំ។
លោក Macron បាននិយាយម្តងហើយម្តងទៀតអំពីចេតនារបស់គាត់ ក្នុងការបន្តអាណត្តិទីពីរ និងជាអាណត្តិចុងក្រោយរបស់គាត់ឲ្យបានពេញលេញបរិបូណ៌ រហូតដល់ឆ្នាំ២០២៧ខាងមុខ។ ទោះជាយ៉ាងណាក៏ដោយ សម្ពាធកើនឡើងកាន់តែខ្លាំង ដែលបណ្ដាលមកពីសម្ព័ន្ធនយោបាយរបស់គាត់ផ្ទាល់ និងក្រុមប្រឆាំងទាំងពីឆ្វេង និងស្តាំនិយម ដោយបង្កើតជាភាពមិនប្រាកដប្រជានៅក្នុងនយោបាយប្រទេសបារាំងនាពេលបច្ចុប្បន្ន៕