ជិតប្រកាសអាសន្ន ! កំពង់ឆ្នាំងនៅសល់តែប៉ុន្មានថ្នាំងដៃទៀតទេ ខណៈប្រជាពលរដ្ឋចាប់ផ្តើមជម្លៀសហើយ

ខេត្តកំពង់ឆ្នាំង ៖ យោង​តាម​ស្ថានីយ​ជល​សាស្ត្រ​ផ្សារ​ក្រោម នៅ​ថ្ងៃ​ទី​១៣ ខែតុលា ឆ្នាំ​២០២៥ របស់​មន្ទីរ​ធនធានទឹក និង​ឧតុនិយម ខេត្តកំពង់ឆ្នាំង បាន​បញ្ជាក់​ថា នៅ​ស្ថានីយ​ជល​សាស្ត្រ​ផ្សារ​ក្រោម ទឹក​មាន​កម្ពស់​១០,០​ម៉ែត្រ ខ្ពស់​ជាង​ថ្ងៃ​ម្សិលមិញ​០,០១ ម៉ែត្រ ។ កម្ពស់​ទឹក​ដែល​ត្រូវ​ប្រកាស​ឲ្យ​ប្រុង​ប្រយ័ត្ន​មាន​កម្ពស់​១០,៥០​ម៉ែត្រ ដូច្នេះ​នៅ​សល់​ត្រឹមតែ ០,៤៧​ម៉ែត្រ​ទៀត​នឹង​ត្រូវ​ប្រកាស​អាសន្ន​ហើយ ។

ក្នុង​របាយការណ៍​របស់​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ដដែល បាន​បញ្ជាក់​ថា កម្ពស់​ទឹកទន្លេ​ផ្សារ​ក្រោម​ដែល​ឡើង​ខ្ពស់​រហូត​ដល់​១០,០៣ បើ​ប្រៀបធៀប​ឆ្នាំ​ឆ្នាំ​២០២៤ ថ្ងៃ​ទី​១៣​ខែតុលា ដូច​គ្នា​ទឹក​មាន​កម្ពស់​៨,៨៨ ម៉ែត្រ​ឃើញ​ថា ខ្ពស់​ជាង​រហូត​ដល់​១,៦២ ម៉ែត្រ ។ ប៉ុន្តែ​បើ​ប្រៀបធៀប​ទៅ​ឆ្នាំ​២០២៣ ទឹក​មាន​កម្ពស់​៨,៨៧​ម៉ែត្រ ដូច្នេះ​ឆ្នាំ​២០២៥ ទឹក​ខ្ពស់​គួរ​ព្រួយបារម្ភ ព្រោះ​ស្ថានភាព​ទឹក​កំពុង​តែ​ឡើងជា​បន្តបន្ទាប់​ជា​រៀងរាល់ថ្ងៃ អាច​នឹង​ត្រូវ​ប្រកាស​អាសន្ន​ក្នុង​ពេល​ឆាប់​ៗ​នេះ ។

ដោយសារ​ស្ថានភាព​កម្ពស់​ទឹក​បែប​នេះ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​រស់នៅ​តាម​ដង​ទន្លេ នៅ​តាម​តំបន់​វាលទំនាប គឺ​រង​ការ​ប៉ះពាល់​ដោយ​ទឹក​លិច​ផ្ទះសម្បែង​ដោយ​អន្លើ​ដែរ ។ ដោយឡែក​ខ្លះ​ទៀត ក៏​ជម្លៀស​ទៅ​ទីទួល​សុវត្ថិភាព​ដែរ ។

ប្រសិនបើ​ស្ថានភាព​កម្ពស់​ទឹក​ដល់​ថ្ងៃ​ប្រកាស​អាសន្ន អាជ្ញាធរ​ខេត្ត​ស្រុក និង​ជម្លៀស​ប្រជាជន​ទៅ​រក​ទីទួល​សុវត្ថិភាព​ដែល​បាន​កំពុង​តែ​ត្រៀម​រួច​ជា​ស្រេច ។

ក្នុង​ស្ថានភាព​បែប​នេះ នៅ​ថ្ងៃ​ទី​១២ ខែតុលា ម្សិលមិញ​នេះ គេ​ឃើញ​អភិបាលខេត្ត​កំពង់ឆ្នាំង លោក​ជំទាវ អ្នកតំណាង​រាស្ត្រ ក៏​ដូច​ជា អភិបាលស្រុក​រលាប្អៀរ បាន​ចុះ​ពិនិត្យ​មើល​ស្ថាន​ទឹក និង​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​ដែល​រង​គ្រោះ នៅ​តាម​តំបន់​ទឹក​លិច និង​ផ្ដល់​អំណោយ​ជា​ស្បៀង​សម្ភារៈ​ផង​ដែរ៕

អត្ថបទដែលជាប់ទាក់ទង