ឯកឧត្តម កិត្តិសង្គហបណ្ឌិត គន់ គីម៖ តំបន់អាស៊ានត្រូវបានទទួលស្គាល់ថាជាតំបន់មួយដែលងាយរងគ្រោះមហន្តរាយបំផុតនៅលើពិភពលោក
ឯកឧត្តម កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានទី១ គណៈ កម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងជាប្រធាននៃកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ានស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយឆ្នាំ២០២៥ បានថ្លែងថា តំបន់អាស៊ានត្រូវបានទទួលស្គាល់ថា ជាតំបន់មួយដែលងាយរងគ្រោះមហន្តរាយបំផុតនៅលើពិភពលោក ដែលជារឿយៗបានប្រឈមទៅនឹងគ្រោះថ្នាក់ធម្មជាតិជាច្រើន ដូចជា គ្រោះរញ្ជួយយដី ផ្ទុះភ្នំភ្លើង ខ្យល់ព្យុះ ការរអិលបាក់ដី ទឹកជំនន់ និងគ្រោះរាំងស្ងួត ក៏ដូចជាគ្រោះមហន្តរាយផ្សេងៗ។
ការថ្លែងរបស់ឯកឧត្តម កិត្តិសង្គហបណ្ឌិត គន់ គីម យ៉ាងដូច្នេះធ្វើឡើងក្នុងពិធីបើកកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ានស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយលើកទី១៣ និងសន្និសីទនៃភាគីអាត់ម៊ែរលើកទី១៤ និងកិច្ចប្រជុំពាក់ព័ន្ធ នៅរាជាធានីភ្នំពេញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥។
ឯកឧត្តម កិត្តិសង្គហបណ្ឌិត គន់ គីម បានបន្តថា ដើម្បីកាត់បន្ថយការបាត់បង់ជីវិតមនុស្ស រួមនិងទ្រព្យពី គ្រោះធម្មជាតិដូចដែលបានរៀបរាប់ខាងលើ បណ្តាប្រទេសក្នុងសហគមន៍អាស៊ានបានខិតខំប្រឹងប្រែង យ៉ាងអស់ពីសមត្ថភាពក្នុងការដោះស្រាយការប្រឈមទាំងនេះតាមរយៈវិធានការដ៏ទូលំទូលាយ រួមមាន ការត្រៀមបង្ការ ការកាត់បន្ថយ ការត្រៀមរៀបចំ និងការឆ្លើយតបជាដើម ដែលក្នុងន័យនេះ កម្ពុជាក្នុងនាមជាប្រធាននៃកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ានស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ និងសន្និសីទនៃភាគីអាត់ម៊ែរបានបង្ហាញពីឆន្ទៈនយោបាយដ៏រឹងមាំ និងការប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្រោមការដឹកនាំប្រកប ដោយចក្ខុវិស័យរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី ដែលបានដាក់ចេញនូវគោលនយោបាយដ៏រឹងមាំ សម្រាប់អភិបាលកិច្ចហានិភ័យគ្រោះមហន្តរាយ និងការគ្រប់គ្រងគ្រោះមហន្តរាយប្រកបដោយប្រសិទ្ធភាពនៅទូទាំងប្រទេស។ ឯកឧត្តមបានគូសបញ្ជាក់ថា ជាងនេះទៅទៀតយន្តការគ្រប់គ្រងគ្រោះមហន្តរាយរបស់កម្ពុជាចាប់ពីថ្នាក់ជាតិដល់ថ្នាក់ក្រោមជាតិ ថ្នាក់ឃុំ និងភូមិ ត្រូវបានពង្រឹងជាបន្តបន្ទាប់ ដោយសង្កត់ធ្ងន់ជាពិសេសលើការពង្រឹងការត្រៀមរៀបចំ និងសមាហរណកម្មការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយទៅក្នុងកម្មវិធីអភិវឌ្ឍន៍នៅគ្រប់កម្រិត។
ក្នុងនាមជាប្រធាននៃកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ានស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយឆ្នាំ២០២៥ ឯកឧត្តម កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី បានចាត់ទុកកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ានស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយលើកទី១៣ និងសន្និសីទនៃភាគីអាត់ម៊ែរថាជាវេទិកាដ៏សំខាន់មួយសម្រាប់ប្រទេសជាសមាជិកអាស៊ាន ដើម្បីបញ្ជាក់ពីវឌ្ឍនភាពសំខាន់ៗដែលសម្រេចបានក្នុងរយៈពេលពីរទសវត្សរ៍កន្លងមក ការជំរុញកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងការពង្រឹងយន្តការឆ្លើយតបគ្រោះមហន្ត
រាយ ដែលទាំងនេះក៏បញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តរួមក្នុងការធានាបាននូវការគ្រប់គ្រងគ្រោះមហន្តរាយ និងការត្រៀមរៀបចំប្រកបដោយប្រសិទ្ធភាពសម្រាប់អនាគត និងគូសបញ្ជាក់ពីការវិវត្តន៍របស់អាស៊ានក្នុងនាមជាអ្នកដឹកនាំពិភពលោកក្នុងការគ្រប់គ្រងគ្រោះមហន្តរាយ ក្រោមប្រធានបទ៖ “ខួបគម្រប់២០ឆ្នាំនៃកិច្ចព្រមព្រៀងអាត់ម៊ែរ (AADMER): ចក្ខុវិស័យអាស៊ានសម្រាប់ភាពជាអ្នកដឹកនាំសកលក្នុងភាពធន់នឹងគ្រោះមហន្តរាយ”៕
ប្រភព៖ ក្រសួងព័ត៌មាន