ដកកាំភ្លើង សម្ញែងក្នុងជម្លោះរឿងបើកបរ! ព្រឹន្ទបាលទោម្នាក់នៃកងរាជអាវុធហត្ថស្រុកកំពង់សិលា ត្រូវរងពិន័យ
ភ្នំពេញ៖ លោក អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស អះអាងថា លោក ខាន់ នីរ៉ូត ឋានន្តរសក្តិ ព្រឹន្ទបាលទោ បម្រើការងារនៅមូលដ្ឋានកងរាជអាវុធហត្ថស្រុកកំពង់សីលា ខេត្តព្រះសីហនុ ដែលដកកាំភ្លើងសម្ញែងអ្នកបើកឡាន នឹងរងពិន័យ ដោយសារល្មើសវិជ្ជាជីវៈ និងក្រមសីលធម៌របស់កងកម្លាំង។ នេះបើតាមការចេញផ្សាយរបស់កងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅថ្ងៃទី១៧ ខែតុលា។
មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ ទទួលសំណុំរឿងមួយពីកម្លាំងជំនាញកងរាជអាវុធហត្ថស្រុកព្រៃនប់ ពាក់ព័ន្ធនឹងជម្លោះរវាង ២នាក់ប្ដីប្រពន្ធជាបើកឡានដឹកទំនិញ និងព្រឹន្ទបាលទោម្នាក់។ អ្នកបើកបររថយន្តនេះ ធ្វើដំណើរតាមផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ១៧៥ និង១៧៦ ស្ថិតនៅភូមិត្រពាំងមូល ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានជួបជាមួយអ្នកជិះម៉ូតម្នាក់ ពាក់មួកសុវត្ថិភាពអក្សរ (អ.ហ.)។ ក្នុងទិសដីបញ្ច្រាស់គ្នា អ្នកបញ្ជាម៉ូតូ ដែលបរភ្នំពេញ ឆ្ពោះទៅខេត្តព្រះសីហនុ។ ប្តីប្រពន្ធនោះ អះអាងថា បុរសជិះម៉ូតូ បានយកកាំភ្លើងខ្លី គំរាមពួកគេ។
បន្ទាប់មកកម្លាំងជំនាញកងរាជអាវុធហត្ថ ក៏រកឃើញអ្នកជិះម៉ូតូនោះ ជាលោកខាន់ នីរ៉ូត ព្រឹន្ទបាលទោ បម្រើការងារនៅមូលដ្ឋានកងរាជអាវុធហត្ថស្រុកកំពង់សីលា។ កម្លាំងជំនាញ បានបញ្ជូនលោក នីរ៉ូត ទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុ ដើម្បីចំណាត់ការបន្តតាមនីតិវិធី។
តាមការស៊ើបអង្កេត ឡានរបស់ប្ដីប្រពន្ធខាងលើ បានឡើងវ៉ាជែងរថយន្តចំនួន ៣គ្រឿង ចូលគន្លងផ្លូវបញ្ច្រាសទិស ហើយស៊ីផ្លេឡានខ្លាំងៗដាក់លោក ខាន់ នីរ៉ូត ដែលកំពុងតែបើកបរម៉ូតូ ក្នុងទិសដៅផ្ទុយគ្នា។ លោក ខាន់ នីរ៉ូត ក៏ឈប់ម៉ូតូ ហើយបើកកែបម៉ូតូយកកាំភ្លើងខ្លី១ដើម កាន់នៅដៃ។ បន្ទាប់មកជិះម៉ូតូត្រឡប់ទៅក្រោយ តាមរថយន្ត ប្រហែល៥០០ម៉ែត្រ ក៏ឃើញរថយន្តនោះ អែបខាងឈប់។ លោក ខាន់ នីរ៉ូត សួរអ្នកបើកបររថយន្តថា៖ «បងឯងបើករថយន្តរបៀបម៉េច» ហើយខាងអ្នកបើកបររថយន្តតបវិញថា៖ «អ្នកឯងបើកម៉ូតូរបៀបម៉េច»។ បន្ទាប់មក លោក ខាន់ នីរ៉ូត ក៏បើកបរម៉ូតូកាត់មុខរថយន្តនោះ ត្រឡប់ក្រោយវិញ មិនមានការស្រែកគំរាមកំហែង ហើយមិនបានលើកកាំភ្លើងខ្លី ភ្ជង់ទៅអ្នកបើកបររថយន្តឡើយ។
ដូចនេះ លោក អេង ហ៊ី អះអាងថា ករណីនេះកម្លាំងកងរាជអាវុធហត្ថ បានសម្របសម្រួល ហើយខាងលោក ខាន់ នីរ៉ូតូ ព្រមព្រៀងសុំទោសចំពោះទង្វើខុសឆ្គងដែរ។ យ៉ាងណាក្ដី អ្នកនាំពាក្យសង្កត់ធ្ងន់ថា៖ «លោក ខាន់ នីរ៉ូតូ នឹងទទួលវិន័យ ក្រមសីលធម៌ វិជ្ជាជីវៈ»។
បច្ចុប្បន្ន លោក នីរ៉ូតូ ត្រូវបានឃាត់ខ្លួន នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុ ហើយកម្លាំងជំនាញ កំពុងបន្តនីតិវិធីទណ្ឌកម្មវិន័យទ័ព៕