ចាប់ខ្លួនឧត្តមសេនីយ៍ត្រី ឈឹម ឆែម នាយករងមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយ ក្រោយបង្កគ្រោះថ្នាក់ចរាចរណ៍ និងប្រើហិង្សាលើនារីម្នាក់, អង្គភាពអាវុធហត្ថលើផ្ទៃប្រទេស នឹងអនុវត្តច្បាប់ចំពោះបុគ្គលនេះ មិនលើកលែងឡើយ
(ភ្នំពេញ)៖ នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបញ្ជាក់ថា កម្លាំងអាវុធហត្ថ សហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចាប់ខ្លួនឧត្តមសេនីយ៍ត្រី ឈឹម ឆែម នាយករងមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយ ក្រោយបង្កគ្រោះថ្នាក់ចរាចរណ៍ និងប្រើហិង្សាលើស្រ្តីម្នាក់ កាលពីយប់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥។
លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យអាវុធហត្ថលើផ្ទៃប្រទេស បានបញ្ជាក់ថា នៅយប់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ មានគ្រោះថ្នាក់ចរាចរណ៍មួយរហូតបង្កហិង្សាលើនារីម្នាក់ នៅខណ្ឌសែនសុខបង្កលោកឧត្តមសេនីយ៍ត្រី ឈឹម ឆែម នាយករងមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយ។
លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី បានបន្តទៀតថា ដោយបានការសហការជាមួយស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក៏បានឃាត់ខ្លួនបុគ្គលឈ្មោះ ឈឹម ឆែម និងបាននាំខ្លួនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីបន្តអនុវត្តនីតិវិធី។ លោកថា កងរាជអាវុធហត្ថនឹងអនុវត្តច្បាប់ ទណ្ឌកម្មវិន័យចំពោះបុគ្គលនេះ ស្របតាមទិសស្លោក «ប្រទេសជាតិត្រូវតែការពារ ប្រជាត្រូវតែបម្រើ ច្បាប់ត្រូវតែគោរព បទល្មើសត្រូវតែបង្ក្រាប»។
បើតាមលោកឧត្តមសេនីយ៍ត្រី អេង ហ៊ី, កងរាជអាវុធហត្ថបានទំនាក់ទំនងជាមួយនារីរងគ្រោះ នឹងទទួលខុសត្រូវចេញថ្លៃព្យាបាលជូនគាត់ដែលរងរបួសផងដែរ។ កងរាជអាវុធហត្ថ នឹងធ្វើការប្រកាសព័ត៌មានអំពីចំណាត់ការនីតិវិធី ជូនសាធារណជន អ្នកសារព័ត៌មាន និងបុគ្គលពាក់ព័ន្ធ ជ្រាបនៅពេលបញ្ចប់នីតិវិធី៕

