១០ខែនេះ ស្រូវនាំចេញក្រៅផ្លូវការទៅវៀតណាម មានចំនួន ២,៤៧៩,៧២៣តោន រួមទាំងស្រូវឆ្លងកាត់សរុបថវិកាជាង ៥០០លានដុល្លារ
(ព្រៃវែង)៖ បរិមាណស្រូវនាំចេញ ក្រៅផ្លូវការទៅប្រទេសវៀតណាម ចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥ សរុបមានចំនួន ២,៤៧៩,៧២៣តោន រួមទាំងស្រូវឆ្លងកាត់។ ក្នុងនោះ តម្លៃស្រូវសើមនៅស្រែជាមធ្យម ស្រូវអ៉ីអ៊ែរ៥០៤០៤ តម្លៃ៦៩០រៀលក្នុង១គីឡូក្រាម ស្រូវអូអឹម៥៤៥១ តម្លៃ៧០០រៀល ក្នុង១គីឡូក្រាម ចំណូលសរុប ៥២៤,១០៨,៥១៩ដុល្លារ។
បើតាមលោកអ៊ុក សំណាង ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង បានថ្លែងប្រាប់ភ្នាក់ងារ Fresh News ប្រចាំខេត្តព្រៃវែងនៅព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥នេះថា ផលិតកម្មដំណាំស្រូវរដូវវស្សាឆ្នាំ២០២៥ (គិតត្រឹមថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥) បញ្ចប់ការដាំដុះអនុវត្តបានលើផ្ទៃដីព្រោះសរុប ៣០៩,៤៧៨ហិកតា (ស្ទូងគ្មាន) ស្មើនឹង ១០៣,១៦% នៃផែនការ ៣០០,០០០ហិកតា ធៀបនឹងឆ្នាំមុន ខ្ពស់ជាង ១,៨៥៤ហិកតា (គិតរយៈពេលដូចគ្នា)។ ប្រមូលផលសរុប ១១៨,៨៩៤ហិកតា ស្មើនឹង ៣៨.៤២% នៃផ្ទៃដីអនុវត្តបានសរុប និងបរិមាណផលសរុប ៥២២,៥៥៤តោន។
លោកបានបន្តថា ចំពោះផលិតកម្មដំណាំសាកវប្បកម្ម និងដំណាំឧស្សាហកម្មរដូវវស្សាឆ្នាំ២០២៥ (គិតត្រឹមថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥) បញ្ចប់ដំណាំសាកវប្បកម្មដំណាំសាកវប្បកម្ម មានបន្លែគ្រប់មុខ ពោតស ឪឡឹក និងម្ទេសគ្រប់មុខ សម្រេចបានលើផ្ទៃដីសរុប ១,៣៩៤ហិកតា ស្មើនឹង ១១៦,១៧០% នៃផែនការ ១,២០០ហិកតា។ ប្រមូលផលសរុប ១,៣៩៤ហិកតា បរិមាណផលសរុប ២៣,២៨១តោន។ ដំណាំឧស្សាហកម្ម មានពោតក្រហម សណ្ដែកបាយ សណ្តែកដី ល្ង អំពៅ ដំឡូងមី និងឈូក សម្រេចបានលើ ផ្ទៃដីសរុប ៥,៣១៣ហិកតា ស្មើនឹង ១០៨,៤៣%នៃផែនការ ៤,៩០០ហិកតា។ ប្រមូលផលសរុប ៤,២០៤ហិកតា បរិមាណផលសរុប ៥៣,៨៩១តោន។
លោកបានបន្តថា ការនាំចេញផ្លែស្វាយបរិមាណផ្លែស្វាយស្រស់នាំចេញ ក្រៅផ្លូវការទៅប្រទេសវៀតណាម ចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី២១ ខែ តុលា ឆ្នាំ២០២៥ សរុបមានចំនួន ១៥០,១៨៦តោន (រួមទាំងស្វាយឆ្លងកាត់)។ តម្លៃផ្លែស្វាយស្រស់នៅច្រកជាមធ្យម ៦៤៣រៀលក្នុង១គីឡូក្រាម ចំណូលសរុប ២៤,៩៥១,៤២៦ដុល្លារ។
សូមបញ្ជាក់ថា ការនាំស្រូវទៅលក់នៅប្រទេសវៀតណាម ត្រូវឆ្លងកាត់ច្រកទ្វារអន្តរជាតិចំនួន២ គឺច្រកទ្វារអន្តរជាតិបន្ទាយចក្រីស្ថិតនៅក្នុងស្រុកព្រះស្ដេច និងច្រកទ្វារអន្តរជាតិកោះរកា ស្ថិតនៅក្នុងស្រុកពាមជរ ខេត្តព្រៃវែង៕

