បេក្ខជន ៣.០២៤ នាក់ ជាប់ជាគ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារ ក្នុងចំណោមអ្នកប្រឡងជិត ៩ ពាន់នាក់
ក្រសួងមុខងារសាធារណៈ រួមជាមួយក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសលទ្ធផលជាស្ថាពរនៃការប្រឡងជ្រើសរើសគ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារ ដោយបានរកឃើញបេក្ខជនប្រលងជាប់ជាស្ថាពរចំនួន ៣.០២៤ នាក់ ក្នុងចំណោមបេក្ខជនជិត ៩.០០០ នាក់ដែលបានចូលរួមប្រឡង។ការប្រកាសលទ្ធផលនេះបានធ្វើឡើងនាយប់ថ្ងៃទី ២៨ ខែតុលា ឆ្នាំ ២០២៥ បន្ទាប់ពីគណៈកម្មការបានបញ្ចប់ការកំណែកិច្ចការ និងបូកសរុបពិន្ទុយ៉ាងម៉ត់ចត់។ ការជ្រើសរើសគ្រូបង្រៀនថ្មីនេះ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការពង្រឹងវិស័យអប់រំ និងបំពេញតម្រូវការគ្រូបង្រៀននៅតាមគ្រឹះស្ថានបឋមសិក្សាសាធារណៈដែលមានការខ្វះខាត ជាពិសេសនៅតំបន់ដាច់ស្រយាល។
ការបែងចែកចំនួនអ្នកជាប់តាមបណ្ដាខេត្តសំខាន់ៗ៖ ក្នុងចំណោមបេក្ខជនជាង ៣.០០០ នាក់ដែលបានជាប់ជាស្ថាពរនេះ ភាគច្រើនត្រូវបានបែងចែកទៅតាមបណ្ដាខេត្តសំខាន់ៗដូចខាងក្រោម៖ ខេត្តព្រៃវែង មានចំនួនច្រើនជាងគេ រហូតដល់ ៨៩៣ នាក់។ ខេត្តត្បូងឃ្មុំ មានចំនួន ៦១០ នាក់។ ខេត្តកំពង់ចាម មានចំនួន ៥១៣ នាក់។ ខេត្តបាត់ដំបង មានចំនួន ៥៧៩ នាក់។ ខេត្តតាកែវ មានចំនួន ៤២៩ នាក់។
ការជ្រើសរើសគ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារនេះ មិនត្រឹមតែជាការបំពេញបន្ថែមតួលេខគ្រូដើម្បីអនុវត្តគោលនយោបាយវិស័យអប់រំប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាការផ្ដល់ឱកាសការងារថ្មីដល់យុវជន និងចូលរួមចំណែកដោះស្រាយបញ្ហាខ្វះខាតគ្រូឱ្យចំគោលដៅភូមិសាស្ត្រជាក់ស្តែង។ យោងតាមផែនការដែលបានដាក់ចេញញ គ្រូបង្រៀនដែលជាប់ជាស្ថាពរនឹងត្រូវចាត់ឱ្យទៅបំពេញការងារនៅសាលាបឋមសិក្សាក្នុងភូមិសាស្ត្រឃុំ-សង្កាត់គោលដៅចំនួន ៥ ខេត្ត ដែលមានតម្រូវការគ្រូបង្រៀនខ្ពស់បំផុត។

