វឌ្ឍនភាពការងារសាងសង់កំពង់ផែទឹកជ្រៅ​ក្រុង​​ព្រះសីហនុ​សម្រេចបាន ៤៧,៩០​% នៃផែនការគ្រោងទុក

រហូតដល់ដំណាច់ខែតុលា ឆ្នាំ២០២៥ វឌ្ឍនភាពការងារសាងសង់កំពង់ផែទឹកជ្រៅ​ក្រុង​​ព្រះសីហនុ​សម្រេចបាន ៤៧,៩០​% នៃផែនការគ្រោងទុក។ នេះបើ​យោង​តាម​កិច្ចប្រជុំប្រចាំខែតុលាស្តីពីការត្រួតពិនិត្យវឌ្ឍនភាពនិងសុវត្ថិភាពការដ្ឋាន​សាង​​សង់នៃការអនុវត្តគម្រោងអភិវឌ្ឍន៍ចំណតផែកុងតឺន័រទឹកជ្រៅថ្មី-ជំហានទី ១ នៃ​កំពង់ផែក្រុង​ព្រះសីហនុ។

លោក ទី សាគុណ អគ្គនាយករង​ទទួលបន្ទុកបច្ចេកទេសកំពង់ផែស្វយ័តក្រុងព្រះសីហនុ កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ​២០២៥ បានបើកកិច្ចប្រជុំប្រចាំខែតុលា ដើម្បី​តាមដាន​ត្រួតពិនិត្យ​ពី​ដំណើរការ​សាងសង់នៃការអនុវត្តគម្រោងអភិវឌ្ឍន៍ចំណតផែកុងតឺន័រទឹកជ្រៅថ្មី-ជំហានទី ១ ជាមួយក្រុមហ៊ុនសាងសង់ TOA Corporation និងក្រុមហ៊ុនទីប្រឹក្សាគម្រោង Nippon Koei & Oriental Consultant Global JV។

បើតាម​ប្រភព​ពី​មន្រ្តី​កំពង់ផែស្វយ័តក្រុងព្រះសីហនុ គិត​​រហូតដល់ដំណាច់ខែតុលា ឆ្នាំ២០២៥ វឌ្ឍនភាពនៃ​ដំណើរការ​សាងសង់​កំពង់ផែស្វយ័តក្រុងព្រះសីហនុជំហានទី ១ សម្រេចបាន ៤៧,៩០% ខណៈតាមផែនការ​គ្រោង​បញ្ចប់នៅឆ្នាំ ២០២៨។

រដ្ឋាភិបាល​បាន​វិនិយោគទឹកប្រាក់​ប្រមាណ ៧៥០ លាន​ដុល្លារ ដើម្បី​អភិវឌ្ឍ​កំពង់ផែទឹកជ្រៅ​​ខេត្តព្រះសីហនុ​​ទាំង ៣ ដំណាក់កាល​ ដើម្បី​​ឆ្លើយតប​ទៅ​កំណើន​​ការ​ដឹក​ជញ្ជូន​ទំនិញតាមផ្លូវសមុទ្រ និងការ​ធ្វើ​ពាណិជ្ជកម្មរបស់ប្រទេស​កម្ពុជា។

នៅ​ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយមន្ត្រីរាជការ បុគ្គលិក កម្មករ និយោជិតកំពង់ផែស្វយ័តក្រុងព្រះសីហនុ កាលពី​ថ្ងៃទី ០១ ខែឧសភា ឆ្នាំ២០២៥ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា​បានគូស​បញ្ជាក់​ថា ការវិនិយោគ​អភិវឌ្ឍ​កំពង់ផែស្វយ័តក្រុងព្រះសីហនុ គឺជាយុទ្ធសាស្ត្រយកលុយបង្កើតលុយ។

ការអភិវឌ្ឍ​ចំណតផែ​កុងតឺន័រ​ថ្មីទាំង ៣ ដំណាក់កាល​ នឹងប្រែក្លាយកំពង់ផែស្វយ័តក្រុងព្រះសីហនុទៅជាកំពង់ផែ​អន្តរជាតិ​​ខ្នាតធំ (Hub Port) ដែលអនុញ្ញាតឱ្យនាវាកុង​តឺន័រ​ធុនធំៗមានផ្លូវដឹកជញ្ជូន​ពីគ្រប់តំបន់នៅក្នុងពិភពលោកអាចចូល​ចតបាន ដោយពុំមានឧបសគ្គលើជម្រៅទឹក​។ ​លោកនាយករដ្ឋមន្រ្តី​បញ្ជាក់។

ចំណតផែកុងតឺន័រទឹកជ្រៅ​ជំហានទី១ ដែលកំពុងដំណើរការ​​សាងសង់​មានជម្រៅទឹក ១៤,៥ ម៉ែត្រ ​ហើយ​គ្រោង​បញ្ចប់​​​នៅ​ឆ្នាំ ២០២៨ ដែល​​អាច​​ឱ្យនា​វា​ប្រមាណ ៩៣ ភាគរយ ក្នុងតំបន់ចូលចតបាន​។ ​ចំណែក​ចំណត​ផែកុងតឺន័រ​ទឹកជ្រៅជំហានទី ២ និងជំហានទី៣ នឹងពង្រីក​តាមដំណាក់កាល​បន្តបន្ទាប់ ដែល​ក្រោយ​បញ្ចប់​ទាំង ៣ ដំណាក់កាល ទំនិញ​​​ពីកម្ពុជាអាច​ដឹក​ចេញដោយ​ផ្ទាល់​​ទៅបណ្តាកំពង់ផែនៅ​តំបន់អឺរ៉ុបនិងអាមេរិក ដោយពុំចាំបាច់ឆ្លងកាត់​បណ្តាកំពង់ផែ​បណ្តា​ប្រទេស​នៅក្នុងតំបន់ទៀត​ឡើយ។

សមាគមដឹកជញ្ជូន​ក៏​មើលឃើញ​ពី​តម្លៃ​នៃ​ការ​អភិវឌ្ឍ​សមត្ថភាព​កំពង់ផែទឹកជ្រៅ​ក្រុង​ព្រះសីហនុ​ ដែល​នឹង​​ជួយ​កាត់​បន្ថយ​ថ្លៃ​ដឹកជញ្ជូន ​ធ្វើឱ្យកម្ពុជាមាន​ឯករាជ្យភាព ​និង​លើកកម្ពស់​ការប្រកួតប្រជែងកាន់តែខ្លាំងក្លាថែម​ទៀត។

ប្រធាន​សមាគម​ពាណិជ្ជករ​ដឹកជញ្ជូន និង​ខ្សែ​ច្រវាក់​ផ្គត់ផ្គង់​ លោក ជា ចាន់ដារ៉ា បាន​ប្រាប់​កម្ពុជា​ថ្មី​​ថា ការ​ដឹកជញ្ជូន​តាម​ផ្លូវ​ទឹក​មាន​ការ​ពេញនិយម​នៅ​លើ​ពិភពលោក ដោយសារ​មធ្យោបាយ​នេះ​អាច​ដឹក​ទំនិញ​បាន​ច្រើន​ ដឹក​បាន​ឆ្ងាយ​ និង​តម្លៃ​ថោក។

បច្ចុប្បន្ន​ការ​ដឹកជញ្ជូន​នៅ​កម្ពុជា​មាន​តម្លៃ​ខ្ពស់​ ដោយសារ​ទំនិញ​ដឹក​ចេញ​ចូល​ប្រទេស​កម្ពុជា​ត្រូវ​ឆ្លង​កាត់​ការ​លើក​ដាក់នៅ​កំពង់ផែ​ប្រទេស​ទី ៣ ដែលនេះ​​បង្កើន​កញ្ចប់​ចំណាយ​​លើ​ថ្លៃ​ដឹក​ជញ្ជូន​សម្រាប់​ទំនិញ​ចេញចូល​កម្ពុជា​។

តាម​រយៈ​ការអភិវឌ្ឍ​កំពង់ផែ​ទឹកជ្រៅ​ថ្មី​របស់រដ្ឋាភិបាល ​ដែល​គ្រោង​ចំណាយ​​ថវិកា​រហូត​ដល់​ទៅជិត ១​ ពាន់​លាន​ដុល្លារ​អាមេរិក​ លោក ជា ចាន់ដារ៉ា បានបញ្ជាក់ថា​ នឹង​អាច​ពង្រីក​សមត្ថភាព​ការ​ដឹក​ជញ្ជូន​ទំនិញ​តាម​ផ្លូវ​សមុទ្រ​របស់ប្រទេស​កម្ពុជា​​ឲ្យកាន់តែ​មានភាព​សកម្ម​ ឆ្លើយតប​កំណើន​សេដ្ឋកិច្ចនិងការ​ធ្វើ​ពាណិជ្ជកម្មជា​អន្តរជាតិ​របស់ប្រទេស​កម្ពុជា​៕

អត្ថបទដែលជាប់ទាក់ទង