រដ្ឋាភិបាលវៀតណាមឲ្យអ្នកសារព័ត៌មានក្លាហានឡើងរួមចំណែកកម្ចាត់ពុករលួយ និងភាពខ្ជះខ្ជាយ
រដ្ឋាភិបាលវៀតណាមដែលគេធ្លាប់ដឹងយ៉ាងទូលំទូលាយថា មានការរឹតត្បិតដល់សេរីភាពសារព័ត៌មានក្នុងពេលកន្លងមក ប៉ុន្តែពេលនេះបានលើកទឹកចិត្តដល់អ្នកសារព័ត៌មាន និងអំពាវនាវដល់អ្នកសារព័ត៌មានឲ្យមានសេចក្តីក្លាយហានក្នុងការប្រយុទ្ធនឹងអំពើពុករលួយ ដែលគេចាត់ទុកថា «សត្រូវប្រជាជន និងជាអ្នកឈ្លានពានផ្ទៃក្នុង»។
នាយករដ្ឋមន្ត្រីវៀតណាម លោក ផាម មិញជិញ (Pham Minh Chinh) បានលើកឡើងក្នុងកម្មវិធីប្រគល់ពានរង្វាន់សារព័ត៌មានជាតិលើកទី៥ ស្តីពីការប្រយុទ្ធប្រឆាំងអំពើពុករលួយ ការខ្ជះខ្ជាយ និងបាតុភូតអវិជ្ជមានឆ្នាំ ២០២៤-២០២៥ នៅទីក្រុងហាណូយ ដោយបានអំពាវនាវឱ្យអ្នកសារព័ត៌មានរក្សាការតាមដាន ក្លាហាន និងខ្ជាប់ខ្ជួនក្នុងការប្រយុទ្ធនេះ។
ពានរង្វាន់អ្នកសារព័ត៌មាននេះ រៀបចំដោយគណៈកម្មាធិការអចិន្ត្រៃយ៍នៃគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម (VFF) សម្របសម្រួលជាមួយសមាគមអ្នកសារព័ត៌មានវៀតណាម និងទូរទស្សន៍វៀតណាម ពានរង្វាន់នេះប្រារព្ធខួបលើកទី៩៥ នៃទិវាប្រពៃណីរបស់ VFF (ថ្ងៃទី១៨ខែវិច្ឆិកា ឆ្នាំ ១៩៣០-២០២៥)។
ដោយបានរម្លឹកដល់អតីតអគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម លោក ហូ ជីមិញ តាមការចេញផ្សាយរបស់ vietnamplus.vn នាយករដ្ឋមន្ត្រីវៀតណាម បានអះអាងថា៖«ការកេងបន្លំ ការខ្ជះខ្ជាយ និងការិយាធិបតេយ្យគឺជាសត្រូវរបស់ប្រជាជន» ដោយពណ៌នាពួកគេថាជា «អ្នកឈ្លានពានផ្ទៃក្នុង»។
នាយករដ្ឋមន្ត្រីវៀតណាម បានលើកឡើងថា ដោយឈរលើគោលការណ៍នេះ បក្ស និងរដ្ឋបានដឹកនាំយុទ្ធនាការប្រយុទ្ធប្រឆាំងអំពើពុករលួយ ភាពខ្ជះខ្ជាយ និងការប្រព្រឹត្តិខុសឆ្គង ដោយអនុវត្តគោលការណ៍ «គ្មានតំបន់ហាមឃាត់» និង «គ្មានករណីលើកលែង» សម្រេចបានលទ្ធផលសំខាន់ៗ និងទូលំទូលាយ ដោយមានការចូលរួមចំណែកយ៉ាងធំធេងពីភ្នាក់ងារសារព័ត៌មាន និងអ្នកសារព័ត៌មានទូទាំងប្រទេស។
នាយករដ្ឋមន្ត្រីវៀតណាម បានលើកឡើងថា សារព័ត៌មានបដិវត្សរ៍វៀតណាម ជានិច្ចកាលស្ថិតនៅជូរមុខនៃការប្រយុទ្ធប្រឆាំងអំពើពុករលួយ ភាពខ្ជះខ្ជាយ និងបាតុភូតអវិជ្ជមាន។
នៅពីក្រោយគ្រប់អត្ថបទ និងរបាយការណ៍ស៊ើបអង្កេត តែងមានការច្នៃប្រឌិតឥតឈប់ឈរ ការលះបង់អស់ពីចិត្ត ភាពក្លាហាន និងបញ្ញារបស់អ្នកសារព័ត៌មាន ដោយនាយករដ្ឋមន្ត្រីវៀតណាម ចាត់ទុកអ្នកសារព័ត៌មានជាអ្នកបំភ្លឺពន្លឺនៃយុត្តិធម៌ និងការពិត ជួយអាជ្ញាធរស៊ើបអង្កេត និងដោះស្រាយករណីធ្ងន់ធ្ងរនៃអំពើពុករលួយ និងភាពខ្ជះខ្ជាយ។
លោកបានកត់សម្គាល់ថា ជាមួយនឹងការប្រគល់ពារង្វាន់ចំនួនប្រាំលើក ពានរង្វាន់នេះបានបញ្ជាក់ពីកិត្យានុភាព និងឥទ្ធិពលដ៏ទូលំទូលាយរបស់ខ្លួន។
តាមការចេញផ្សាយរបស់សារព័ត៌មានវៀតណាម ស្នាដៃជាច្រើនបានគូសបញ្ជាក់ពីគំរូជាក់ស្តែង ខណៈពេលដែលការងារជាច្រើនទៀតបង្ហាញយ៉ាងច្បាស់ពីតួនាទីសំខាន់របស់ VFF និងអង្គការនយោបាយ និងសង្គម និងការចូលរួមយ៉ាងសកម្មរបស់សាធារណជនក្នុងការប្រយុទ្ធនេះ។
នៅក្នុងពិធីប្រគល់ពានរង្វាន់នោះ ក្រុមអ្នកព័ត៌មាន និងក្រុមការីនិពន្ធចំនួន៤៤នាក់ត្រូវបានផ្តល់ពានរង្វាន់ជាកិត្តិយស។
ទោះបីមានការលើកកម្ពស់បែបនេះជាសាធារណៈថ្នាក់ជាតិក៏ដោយ ប្រទេសវៀតណាមត្រូវបានអង្គការអន្តរជាតិមើលឃើញថា បានគាបសង្កត់សិទ្ធិសេរីភាពនៃសារព័ត៌មានឯករាជ្យ និងមានចាប់ដាក់ព័ន្ធធនាគារលើអ្នកសារព័ត៌មានដែលហ៊ានរិះគន់រដ្ឋាភិបាលទៀតផង។
អង្គការអ្នកកាសែតគ្មានព្រំដែន (RSF) មានអ្នកសារព័ត៌មានយ៉ាងហោចណាស់ ២៧នាក់ត្រូវបានឃុំខ្លួនក្នុងលក្ខខណ្ឌដែលជារឿយៗបង្កការគំរាមកំហែងដល់អាយុជីវិតរបស់ពួកគេ។ វៀតណាមស្ថិតក្នុងចំណោមប្រទេសមានអ្នកទោសជាអ្នកកាសែតធំបំផុតរបស់ពិភពលោក ហើយជាប់ចំណាត់ថ្នាក់ទី ១៧៣ ក្នុងចំណោម ១៨០ ប្រទេស និងដែនដីអធិបតេយ្យ៕


