យ៉ាងហោចណាស់មានជនសង្ស័យ៦៥៨នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួនក្នុងប្រតិបត្តិការចុះត្រួតពិនិត្យឆែកឆេរទីតាំង២កន្លែង ពាក់ព័ន្ធករណីសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)

យ៉ាងហោចណាស់មានជនសង្ស័យ៦៥៨នាក់ ភាគច្រើនជាជនបរទេស ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួនក្នុងប្រតិបត្តិការចុះត្រួតពិនិត្យឆែកឆេរទីតាំង២កន្លែង ពាក់ព័ន្ធករណីសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្នុងក្រុងបាវិត ខេត្តស្វាយរៀង។ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុឃៈ ចាត់ទុកលទ្ធផលនេះ ជាទឡ្ហីករណ៍នៃភាពប្រាកដនិយមរបស់កម្ពុជា។

លោក ទូច សុឃៈ បានថ្លែងឱ្យដឹងនាល្ងាចថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ថា ប្រតិបត្តិការនេះ បានធ្វើឡើងកាលពីថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយក្រុមការងារនៃគណៈកម្មការចំពោះកិច្ចនៃក្រសួងមហាផ្ទៃ ដើម្បីបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) សហការជាមួយអគ្គស្នងការដ្ឋាននគរបាលជាតិ និងស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ក្រោមការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង។

ក្នុងប្រតិបត្តិការនោះ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានលម្អិតថា គោលដៅទី១ គឺអគារនៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ដោយជាលទ្ធផលរកឃើញជនបរទេសសរុបចំនួន៥៧នាក់ ស្រី១៥នាក់ មាន៦សញ្ជាតិ ក្នុងនោះមានជនជាតិខ្មែរចំនួន១២នាក់ ធ្វើការផ្នែកអនាម័យ សន្តិសុខ និងបកប្រែ។ ចំណែកគោលដៅទី២ គឺអគារភ្លោះកម្ពស់៩ជាន់ ស្ថិតនៅលើផ្លូវកំពង់ស្ពាន ភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ដោយជាលទ្ធផល រកឃើញជនបរទេសសរុបចំនួន៦០១នាក់ មាន៤សញ្ជាតិ។

បើតាមអ្នកនាំពាក្យរង គោលដៅទី១ ជាទីតាំងធ្វើសកម្មភាពឆបោកតាមអនឡាញ តាមរូបភាពក្លែងបន្លំជាសមត្ថកិច្ចដើម្បីគំរាមជនរងគ្រោះ។ ចំណែក គោលដៅទី២ គឺជាទីតាំងធ្វើសកម្មភាពឆបោកតាមអនឡាញ ក្រោមរូបភាពវិនិយោគទទួលបានប្រាក់ចំណេញខ្ពស់ ការបង្កើតរូបភាពប្រតិបត្តិការធនាគារក្លែងក្លាយ ការបង្កើតទំនាក់ទំនងក្រោមរូបភាពស្នេហា ការចុះឈ្មោះរត់កីឡាម៉ារ៉ាតុងក្លែងក្លាយ និងការប្រើប្រាស់បច្ចេកវិទ្យា Ai Deep Fake ក្លែងវីដេអូ និងរូបភាពសម្រាប់ក្លែងអត្តសញ្ញាណ។

គួរកត់សម្គាល់ថា សមត្ថកិច្ចកម្ពុជា ក្រោមគោលនយោបាយ និងឆន្ទៈដឹកនាំប្រកបដោយភាពម៉ឺងម៉ាត់ច្បាស់លាស់របស់រាជរដ្ឋាភិបាល ដែលសម្ដេចធិបតី ហ៊ុន ម៉ាណែត ជាប្រមុខ បានកំពុងអនុវត្តច្បាប់លើករណីឆបោកតាមប្រព័ន្ធអនឡាញ ដោយឃាត់ខ្លួនឧក្រិដ្ឋជន និងអ្នកពាក់ព័ន្ធ បញ្ជូនទៅតុលាការ និងអនុវត្តនីតិវិធីបណ្ដេញចេញទៅប្រទេសកំណើតជាបន្តបន្ទាប់ ជាពិសេសបានសហការផ្ដល់ព័ត៌មានអំពីខ្សែបណ្ដាញមេខ្លោងទៅកាន់ប្រទេសក្នុង និងក្រៅតំបន់ជាច្រើនករណី។

លោក ទូច សុឃៈ បានអះអាងថា ប្រតិបត្តិការខាងលើនេះ គឺជាទឡ្ហីករណ៍ថ្មីមួយទៀត បញ្ជាក់ពីឆន្ទៈពិតប្រាកដ និងកិច្ចខិតខំប្រឹងប្រែងប្រកបដោយភាពប្រាកដនិយមរបស់កម្ពុជាដើម្បីរួមចំណែកដោះស្រាយបញ្ហាប្រឈមជាសកលមួយនេះ។ ជាក់ស្ដែង ក្នុងអាណត្តិទី៦កន្លងទៅ កម្ពុជាបានបណ្ដេញចេញជនបរទេសពាក់ព័ន្ធចំនួន២១ ០០០នាក់ និងបានបណ្ដេញចេញចំនួន១៥ ០០០នាក់ ក្នុងរយៈពេលជាង២ឆ្នាំ នៃរាជរដ្ឋាភិបាលអាណត្តិទី៧នេះ។ បើគិត រយៈពេល៩ខែ ឆ្នាំ២០២៥ លោក ទូច សុឃៈ បន្ថែមទៀតថា នគរបាលជាតិកម្ពុជាបានស្រាវជ្រាវ និងបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ចំនួន៤៨លើក និងបានបណ្ដេញជនបរទេសចេញពីកម្ពុជាសរុបចំនួន ២.៧២២នាក់៕

អត្ថបទដែលជាប់ទាក់ទង