សមត្ថកិច្ចបន្តបណ្ដេញជនជាតិឥណ្ឌូនេស៊ី៤៥នាក់ទៀត ដែលពាក់ព័ន្ធការឆបោកតាមអនឡាញចេញពីកម្ពុជា
អគ្គនាយកដ្ឋានអន្តោប្រវេសន៍ សហការជាមួយស្ថានទូតឥណ្ឌូនេស៊ីប្រចាំកម្ពុជា បន្តបណ្ដេញជនជាតិឥណ្ឌូនេស៊ី សរុបចំនួន៧២នាក់បន្ថែមទៀត ដែលពាក់ព័ន្ធករណីលួចស្នាក់នៅ ធ្វើការងារខុសច្បាប់ និងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ចេញពីប្រទេសកម្ពុជា តាមរយៈប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិតេជោ កាលពីថ្ងៃទី៨ និងថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៦។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានដែលទើបផ្សព្វផ្សាយលើទំព័រហ្វេសប៊ុកផ្លូវការ របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នាថ្ងៃទី១០ ខែវិច្ឆិកា នេះ។

អគ្គនាយកដ្ឋានអន្តោប្រវេសន៍អះអាងថា ការបន្តបណ្ដេញចេញជនជាតិបរទេសខុសច្បាប់នេះ គឺជាការអនុវត្តវិធានការច្បាប់ តាមបទបញ្ជារបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដែលធ្លាប់បញ្ជាក់ថា កម្ពុជាមិនអនុញ្ញាតឱ្យឧក្រិដ្ឋជន ឬជនខុសច្បាប់ប្រើប្រាស់ទឹកដីកម្ពុជា ជាទីតាំងធ្វើសកម្មភាពឆបោក ឬប្រព្រឹត្តបទល្មើសបង្កអសន្តិសុខដល់តំបន់ និងពិភពលោកឡើយ។ អាជ្ញាធរត្រូវតែបន្តបោសសម្អាត បង្ក្រាប និងបណ្ដេញចេញដោយគ្មានការលើកលែង ដើម្បីការពារកិត្តិយស និងសន្តិសុខជាតិ។

ប្រភពដដែលអះអាងថា កម្លាំងសមត្ថកិច្ច បាននិងកំពុងខិតខំប្រឹងប្រែងលុបបំបាត់ឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យា ស្រាវជ្រាវបង្ក្រាបដល់មេខ្លោង និងបានជួយសង្គ្រោះជនរងគ្រោះដែលត្រូវគេបោកបញ្ឆោត ឱ្យទទួលបានសេរីភាព និងត្រឡប់ទៅស្រុកកំណើតវិញដោយសុវត្ថិភាព។
ក្នុងជំនួបជាមួយ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃកម្ពុជា កាលពីថ្ងៃទី២៧ ខែតុលា ទីប្រឹក្សានៃក្រសួងអន្តោប្រវេសន៍ និងអប់រំកែប្រែ នៃប្រទេសឥណ្ឌូនេស៊ី លោក អាំងហ្គីយ៉ាត ណាពីទូពូលូ បានសូមទោស និងសុំការយល់យោគពីកម្ពុជា ដែលត្រូវជួបការលំបាកព្រោះពលរដ្ឋឥណ្ឌូនេស៊ីមួយចំនួនបានចូលមកប្រព្រឹត្តបទល្មើស ជាពិសេសបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។

គួររម្លឹកថា កាលថ្ងៃទី១៨ និងថ្ងៃទី១៩ បន្ទាប់មកនៅថ្ងៃទី៣០ខែតុលា កន្លងទៅ សមត្ថកិច្ចកម្ពុជាក៏ធ្លាប់បណ្ដេញជនជាតិឥណ្ឌូនេស៊ីសរុបចំនួន៤២៧នាក់ ដែលជាប់ពាក់ព័ន្ធករណីលួចស្នាក់នៅ ធ្វើការងារខុសច្បាប់ និងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាចេញពីប្រទេសកម្ពុជា។
របាយការណ៍៍របស់ស្ថានទូតឥណ្ឌូនេស៊ីប្រចាំកម្ពុជា ចេញនៅថ្ងៃទី១៥ ខែតុលា បានឱ្យដឹងថា មានជនជាតិរបស់ខ្លួន ចំនួន ៦៨៦ នាក់ កំពុងស្ថិតក្នុងនីតិវិធីបណ្តេញចេញពីប្រទេសកម្ពុជា។ របាយការណ៍ដដែលក៏រម្លឹកថា ចាប់ពីខែមករា រហូតដល់ថ្ងៃទី ១៤ ខែតុលា ឆ្នាំ ២០២៦ នេះ ស្ថានទូតបានទទួលពលរដ្ឋឥណ្ឌូនេស៊ីចំនួន ១៣ ៥៧៤ នាក់ ដែលធ្លាប់ពាក់ព័ន្ធនឹងបណ្តាញឆបោកតាមប្រព័ន្ធឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងល្បែងស៊ីសង បានមកកាន់ស្ថានទូតដើម្បីស្នើសុំជំនួយក្នុងការត្រឡប់ទៅប្រទេសកំណើតវិញ។ ក្នុងចំណោមនោះ ស្ថានទូត បានជួយសម្របសម្រួលនីតិវិធីបញ្ជូន មនុស្សចំនួន ៨ ៦៤០ នាក់ ចេញទៅកាន់ឥណ្ឌូនេស៊ីវិញ៕





