អាវុធហត្ថខេត្តសៀមរាប អំពាវនាវដល់មហាជន បង្កើនការប្រុងប្រយ័ត្នចំ ពោះជនឆ្លៀតឱកាសលួចទ្រព្យសម្បត្តិមានតម្លៃផ្សេងៗ ជាពិសេសករណីលួចម៉ូតូ
(សៀមរាប)៖ បន្ទាប់ពីបានទទួលបណ្តឹងផ្ទាល់មាត់ពីប្រជាពលរដ្ឋតាមរយៈលេខទូរស័ព្ទបន្ទាន់ ១២៩៦ ដើម្បីសុំកិច្ចអន្តរាគមន៍លើករណីបាត់ម៉ូតូ កាលពីថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៥ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តសៀមរាប បានចុះធ្វើការស្រាវជ្រាវភ្លាមៗ រហូតនៅវេលាម៉ោង ២០៖៣០នាទី ថ្ងៃខែដដែល ទើបឈានដល់ការកំណត់មុខសញ្ញាដែលធ្វើសកម្មភាពលួចម៉ូតូយ៉ាងសកម្ម និងឃាត់ខ្លួនជនសង្ស័យបានចំនួន ០៤នាក់ នៅចំណុច ភូមិអញ្ចាញ សង្កាត់នគរធំ ក្រុងសៀមរាប ខេត្តសៀមរាប។
លុះដល់ព្រឹកថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៥ កម្លាំងជំនាញបន្តឃាត់ខ្លួនបក្ខពួកបានម្នាក់ទៀត នៅចំណុចភូមិវាល សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប។
ក្រោមវិធានការជំនាញជនសង្ស័យទាំង០៥នាក់ខាងលើ បានសារភាពដូចៗគ្នាថា ពួកខ្លួនពិតបានធ្វើសកម្មភាពលួចម៉ូតូចំនួន០២លើក ពិតប្រាកដមែន ដោយលើកទី១ ក្នុងអំឡុង ខែតុលា ឆ្នាំ២០២៥ បានធ្វើសកម្មភាពលួច នៅសង្កាត់ក្របីរៀល និងលើកទី២ លួចនៅហាងស៊ប់អន្ទង់ ភូមិជន្លង់ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប។
ជនសង្ស័យទាំង ០៥នាក់ខាងលើ ត្រូវបានការិយាល័យជំនាញកងរាជអាវុធហត្ថខេត្តសៀមរាប កសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តសៀមរាប ដើម្បីចាត់ការតាមនីតិវិធី។
ដូច្នេះក្នុងនាមជាសមត្ថកិច្ច អាវុធហត្ថខេត្តសៀមរាប អំពាវនាវដល់មហាជនសូមមេត្តាប្រុងប្រយ័ត្នចំពោះទ្រព្យសម្បត្តិមានតម្លៃផ្សេងៗ ជាពិសេសករណីទុកម៉ូតូចោលដោយធ្វេសប្រហែស ដែលធ្វើឲ្យជនឆ្លៀតឱកាស មានឱកាសធ្វើសកម្មភាពលួចយកទៅបាត់ដោយស្រួល៕
