បារាំងមានគម្រោងថតភាពយន្តឯកសារ បង្ហាញពីការអភិវឌ្ឍលើផ្នែកនយោបាយ សង្គម-សេដ្ឋកិច្ចនៅកម្ពុជា

លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានៅព្រឹកថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ​២០២៥ បានអនុញ្ញាតឱ្យក្រុមអ្នកសារព័ត៌មានបារាំង និងជាក្រុមអ្នកផលិតភាពយន្តឯកសារ រួមមាន លោក Michael Damon និងលោក Yves Deria ជួបពិភាក្សាការងារ ផ្តោតលើគម្រោងក្នុងការរៀបចំថតភាពយន្តឯកសារនៅកម្ពុជា ដែលនឹងបង្ហាញអំពីការវិវឌ្ឍន៍របស់កម្ពុជា លើផ្នែកនយោបាយ និងការអភិវឌ្ឍសង្គម សេដ្ឋកិច្ច ប្រកបដោយចីរភាព។

លោកឧបនាយករដ្ឋមន្ត្រី បានជម្រាបអំពីបច្ចុប្បន្នភាពនៃបរិបទសេដ្ឋកិច្ច និងសង្គមរបស់កម្ពុជា ដោយបានគូសបញ្ជាក់អំពីសក្តានុពលវិនិយោគ និងបរិយាកាសធុរកិច្ចដ៏អំណោយផល។

លោក ស៊ុន ចាន់ថុល ក៏បានពន្យល់បន្ថែមអំពីគោលនយោបាយកំណែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាល ដែលជាមូល​ដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍលើគ្រប់វិស័យ និងការប្តេជ្ញាចិត្តក្នុងការសម្រេចឱ្យបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ជាប្រទេសមានចំណូលខ្ពស់។

ក្រុមអ្នកសារព័ត៌មានបារាំង បានសម្តែងការកោតសរសើរយ៉ាងខ្លាំងចំពោះវឌ្ឍនភាពគួរឱ្យកត់សម្គាល់របស់កម្ពុជា និងបានថ្លែងអំណរគុណចំពោះការផ្តល់ព័ត៌មានយ៉ាងសម្បូរបែប ដែលនឹងរួមចំណែកយ៉ាងសំខាន់ដល់ខ្លឹមសារជាក់ស្តែង និងស៊ីជម្រៅ នៃភាពយន្តឯកសាររបស់ពួកគេ ដើម្បីផ្សព្វផ្សាយអំពីកម្ពុជាដល់ទស្សនិកជនអន្តរជាតិ។

ភាគីទាំងពីរក៏បានផ្លាស់ប្តូរទស្សនៈពាក់ព័ន្ធនឹងទំនាក់ទំនងការទូត និងសេដ្ឋកិច្ច រវាងកម្ពុជា និងប្រទេសបារាំង ក៏ដូចជាសហគមន៍អន្តរជាតិនានា។

ជាពិសេស អំពីការចូលរួមរបស់ភាគីបារាំងក្នុងការជំរុញឱ្យមានការចុះកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ ផងដែរ។

ជំនួបនេះបានបង្ហាញពីការគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងក្នុងការផ្សព្វផ្សាយព័ត៌មានវិជ្ជមាន និងកំណែទម្រង់ជាផ្លែផ្កាដែលរាជរដ្ឋាភិបាលកម្ពុជាបាននឹងកំពុងខិតខំប្រឹងប្រែងយកចិត្តទុកដាក់តាំងពីដើមរៀងមក៕

អត្ថបទដែលជាប់ទាក់ទង