ព័ត៌មានជាតិ រដ្ឋបាលរាជធានី ប្រកាសចូលកាន់មុខតំណែងអភិបាលខណ្ឌ ២ រូប និង អភិបាលរងខណ្ឌជាច្រើនរូប

អភិបាល អភិបាលរង នៃ​គណៈ​អភិបាល​ខណ្ឌ​នៅ​ក្នុង​រចនាសម្ព័ន្ធ​រដ្ឋបាល​ខណ្ឌ​នានា នៃ​រាជធានី​ភ្នំពេញ ត្រូវ​បាន​ប្រកាស​ចូល​កាន់​មុខតំណែង ដើម្បី​បន្ត​ការងារ​បម្រើ​ប្រជាពលរដ្ឋ​ឱ្យ​កាន់តែ​ល្អ​ប្រសើរ​ថែមទៀត ទាំង​ការ​រក្សា​សន្តិសុខ សណ្ដាប់ធ្នាប់ អនាម័យ បរិស្ថាន និង​ការ​ផ្តល់​សេវា​កាន់តែ​កៀក​កិត​ជូន​ពលរដ្ឋ​ជាដើម។

ពិធី​ប្រកាស​ចូលកាន់​មុខតំណែង អភិបាល អភិបាលរង នៃ​គណៈ​អភិបាល​ខណ្ឌ ខាង​លើ​នេះ បាន​ធ្វើ​ឡើង​កាលពី​ព្រឹក​ថ្ងៃ​ទី ១៤ ខែ​វិច្ឆិកា ឆ្នាំ ២០២៥ នៅ​សាលា​រាជធានី​ភ្នំពេញ ក្រោម​អធិបតីភាព​លោក ឃួង ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ និង លោក ម៉ប់ សារិន ប្រធាន​ក្រុម​ប្រឹក្សា​រាជធានី​ភ្នំពេញ។

កម្មវិធី​នេះ លោក ម៉ូវ ម៉ានិត អភិបាល​ខណ្ឌ​សែន​សុខ ត្រូវ​បាន​ប្រកាស​ឱ្យ​កាន់​តំណែង​ជា​អភិបាល​ខណ្ឌ​ច្បារអំពៅ។ លោក ចេង មុន្នីរ៉ា អភិបាល​ខណ្ឌ​ច្បារអំពៅ មក​ជា​អភិបាល​ខណ្ឌ​សែន​សុខ​វិញ។ លោក ជា ពិសី ត្រូវ​បាន​ប្រកាស​ឱ្យ​កាន់​តំណែង​ជា​អភិបាល​ខណ្ឌ​ទួលគោក សម្រាប់​អាណត្តិ​ទី ២។ ការ​កាន់​តំណែង​ជា​អភិបាល​រង​ខណ្ឌ​សម្រាប់​អាណត្តិ​ទី ២ ពីរ​រូប គឺ លោក សយ ឬទ្ធី ជា​អភិបាល​រង​ខណ្ឌ​ចំការមន និង​លោក ពាម វាសនា ជា​អភិបាល​រង​ខណ្ឌ ៧ មករា។

លោក ជ ចាន់​ស៊ាង ពី​អភិបាល​រង​ខណ្ឌ​ដង្កោ ទៅជា​អភិបាល​រង​ខណ្ឌ​ច្បារអំពៅ។ លោក ចាន់ បណ្ឌិត ពី​អភិបាល​រង​ខណ្ឌ​ទួលគោក ទៅជា​អភិបាល​រង​ខណ្ឌ​ដូនពេញ។ លោកស្រី ព្រុំ រដ្ឋា ពី​អភិបាល​រង​ខណ្ឌ​ទួលគោក ទៅជា​អភិបាល​រង​ខណ្ឌ​ឫស្សីកែវ។

លោក កៅ សារ៉ាវុធ ពី​អភិបាល​រង​ខណ្ឌ​ជ្រោយចង្វារ ទៅជា​អភិបាល​រង​ខណ្ឌ​ដូនពេញ។ លោក ចាន់ គន្ថេត ពី​អភិបាល​រង​ខណ្ឌ​ដូនពេញ ទៅ​ជា​អភិបាល​រង​ខណ្ឌ​ទួលគោក។ លោកស្រី សួស សូលីដា ពី​អភិបាល​រង​ខណ្ឌ​ឫស្សីកែវ ទៅ​ជា​អភិបាល​រង​ខណ្ឌ​សែន​សុខ។

លោក ហ៊ត គឹមនី ពី​អភិបាល​រង​ខណ្ឌ​ច្បារអំពៅ ទៅ​ជា​អភិបាល​រង​ខណ្ឌ​ដង្កោ។ លោកស្រី សុង សុភា ជា​អភិបាល​រង​ខណ្ឌ​ទួលគោក និង លោក កេត រតនា ជា​អភិបាល​រង​ខណ្ឌ​ជ្រោយចង្វា។

លោក ឃួង ស្រេង មាន​ប្រសាសន៍​ថា ក្នុង​រយៈពេល ១៧ ឆ្នាំ កន្លង​ទៅ​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ធ្វើការ​ស្ដារ អភិវឌ្ឍន៍​រាជធានី​ភ្នំពេញ ឱ្យ​មាន​ការ​រីកចម្រើន​លើ​គ្រប់​វិស័យ និង​ទទួល​បាន​នូវ​ភាព​ជោគជ័យ​ជាច្រើន។

លោក ឃួង ស្រេង បាន​បន្ត​ថា សម្រាប់​ការ​ប្រកាស​ចូលកាន់​តំណែង និង​ផ្ទេរ​ភារកិច្ច នៅ​ថ្ងៃនេះ គឺជា​រឿង​ធម្មតា​សម្រាប់​មន្ត្រីរាជការ​ស៊ីវិល​ដែល​តែងតែ​ត្រូវ​បាន​ផ្លាស់ប្ដូរ​មុខតំណែង។ ជាក់ស្ដែង​នៅ​ពេល​នេះ បាន​ប្រកាស​តែងតាំង​ផ្ទេរ​ភារកិច្ច​អភិបាល​ខណ្ឌ​ចំនួន ២ រូប អភិបាល​រង​ខណ្ឌ​ជា​ច្រើន​រូប​ទៀត។

លោក ឃួង ស្រេង ក៏បាន​ជំរុញ​ឱ្យ​អភិបាល​ខណ្ឌ អភិបាល​រង​ខណ្ឌ ដែល​ត្រូវ​បាន​តែងតាំង​ផ្ទេរ​ភារកិច្ច​ថ្មី​នេះ ត្រូវ​យកចិត្តទុកដាក់​បំពេញ​ការងារ​ឱ្យ​កាន់តែ​ល្អ​ប្រសើរ ដោយ​ត្រូវ​ពង្រឹង​សមត្ថភាព​ឱ្យ​កាន់តែ​ខ្លាំងក្លា​ក្នុង​ការ​បម្រើ​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​របស់​ខ្លួន។ ក្នុងនាម​ជា​អភិបាល​ខណ្ឌ អភិបាល​រង​ខណ្ឌ ត្រូវ​ដុសខាត់ ត្រូវ​ក្រើនរំលឹក កែលម្អ​ចំណុច​ខ្វះខាត មក​បំពេញ​បន្ថែម​ឱ្យ​បាន​ល្អ​ប្រសើរ ហើយ​ការ​កែលម្អ​ចំណុច​ខ្វះខាត​នោះ មិន​ត្រូវ​ធ្វើឡើង​ចំណុច​ខ្វះខាត​ដដែល​នោះ​ទេ។ ត្រូវ​រក្សា​ឱ្យ​បាន​ល្អ​ប្រសើរ​នូវ​សន្តិសុខ​សណ្ដាប់ធ្នាប់​សាធារណៈ​ក្នុង​មូលដ្ឋាន ផ្ដល់​សេវា​ជូន​ប្រជាពលរដ្ឋ​កាន់តែ​ល្អ​ប្រសើរ។ ចំណែក​ការ​រក្សា​អនាម័យ បរិស្ថាន ក្នុងនាម អាជ្ញាធរ ត្រូវ​តែ​យកចិត្តទុកដាក់ ដោយ​ដាក់​មន្ត្រី​ក្រោម​ឱវាទ ឱ្យ​តាមដាន​ការ​អនុវត្ត ការ​ដឹកជញ្ជូន ការ​ប្រមូល​សំរាម​ឱ្យ​អស់ពី​មូលដ្ឋាន​របស់​ខ្លួន ពិសេស​កុំ​ឱ្យ​មាន​សំរាម​នៅ​តាម​ប្រឡាយ និង​ប្រព័ន្ធ​លូ​បង្ហូរ​ទឹក។

លោក ឃួង ស្រេង បន្ត​ទៀត​ថា ក្នុងនាម​ជា​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ គណៈ​បញ្ជាការ​ឯកភាព​សង្កាត់ ត្រូវ​ការពារ​សន្តិសុខ​ជូន​ប្រជាពលរដ្ឋ​ឱ្យ​បាន​ល្អ ១០០ ភាគ​តយ ដើម្បី​ជា​ទំនុក​ចិត្ត​សម្រាប់​ប្រជាពលរដ្ឋ ហើយក៏​ជា​ការ​កៀរគរ​ភ្ញៀវ​ជាតិ-អន្តរជាតិ ឱ្យ​មក​ដើរ​​លេង​កម្សាន្ត​នៅ​រាជធានី​ភ្នំពេញ​កាន់តែ​ច្រើន​ផង​ដែរ។

ជាមួយ​នេះ លោក ឃួង ស្រេង ក៏បាន​ជំរុញ​អាជ្ញាធរ​ខណ្ឌ​ទាំងអស់ លុប​បំបាត់​ឱ្យ​បាន​នូវ​ការ​ជក់បារី​អេឡិចត្រូនិក ការ​លុបបំបាត់​ទីតាំង​កោស​ជប់​នានា​ក្នុង​មូលដ្ឋាន ពិសេស​ខណ្ឌ​នៅ​ជាយក្រុង។

នា​ឱកាស​នោះ លោក ចេង មុន្នីរ៉ា ដែល​ត្រូវ​បាន​ប្រកាស​ផ្ទេរ​ឱ្យ​មក​កាន់​មុខតំណែង​ជា​អភិបាល​ខណ្ឌ​សែន​សុខ បាន​ប្ដេជ្ញា​ចិត្ត​ថា ដើម្បី​ជា​សក្ខីភាព​ឆ្លើយតប​ទៅ​នឹង​ទំនុក​ចិត្ត​របស់​រាជរដ្ឋាភិបាល ក៏ដូចជា ថ្នាក់ដឹកនាំ​គ្រប់​លំដាប់​ថ្នាក់ លោក​នឹង​ខិតខំ​បំពេញ​ការងារ​ឱ្យ​បាន​ម៉ឺងម៉ាត់​បំផុត។

ប្ដេជ្ញា​ការពារ​ដាច់​ខាត រាជរដ្ឋាភិបាល​ស្រប​ច្បាប់​ដឹកនាំ​ដោយ សម្តេច​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។ ប្រឆាំង​ដាច់​ខាត​ក្រុម​ជ្រុលនិយម និង​ថ្កោលទោស​ទាហាន​ថៃ​ដែល​បាញ់​ប្រហារ​ប្រជាពលរដ្ឋ​ខ្មែរ។ ទំនុកបម្រុង​សមរភូមិ​មុខ និង​ការ​ពង្រឹង​ការ​អនុវត្ត​ភូមិ-សង្កាត់ មាន​សុវត្ថិភាព៕

អត្ថបទដែលជាប់ទាក់ទង