បុរស​អាយុ ២២ ​ឆ្នាំ ​ម្នាក់ បាន​ស្លាប់​បាត់បង់​ជីវិត​ ដោយសារ​ជំងឺផ្តាសាយបក្សី​

បុរស​អាយុ ២២ ​ឆ្នាំ ​ម្នាក់ ​រស់នៅ​ភូមិ​គៀន​ឃ្លាំង សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ ​បាន​ស្លាប់​បាត់បង់​ជីវិត​ កាលពី​ថ្ងៃ​ទី ១៥ ​ខែវិច្ឆិកា​ ឆ្នាំ​ ២០២៥​ ដោយសារ​ជំងឺផ្តាសាយបក្សី​ទោះជា​មានការយកចិត្តទុកដាក់​ថែទាំ និង​ជួយសង្គ្រោះ​ពី​សំណាក់​ក្រុមគ្រូពេទ្យ​ក៏ដោយ​។

បើតាម​ក្រសួងសុខាភិបាល ​បានបញ្ជាក់​ កាលពី​យប់​ថ្ងៃទី​ ១៥ ​វិច្ឆិកា ​ថា ​វិទ្យាស្ថាន​ជាតិ​សុខភាព​សាធារណៈ​បានបញ្ជាក់​ថា ​បុរស​អាយុ ២២ ​ឆ្នាំ មាន​វិជ្ជមាន​ជំងឺផ្តាសាយបក្សី​ប្រភេទ​ហាស់ ​៥ អ៊ុន ​១ (H5N1) នៅ​ថ្ងៃទី​ ១៥ ខែវិច្ឆិកា ឆ្នាំ​ ២០២៥​។ ទោះជា​មានការ​យកចិត្តទុកដាក់​ថែទាំ និង​ជួយសង្គ្រោះ​ពី​សំណាក់​ក្រុមគ្រូពេទ្យ អ្នកជំងឺ​បានទទួល​មរណភាព​នៅ​ថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ​ ២០២៥ វេលា​ម៉ោង​៩ និង​ ៤១ ​នាទី ដោយសារ​មាន​ស្ថានភាព​ធ្ងន់ធ្ងរ រួមមាន គ្រុនក្តៅ ក្អក ហត់​និង ពិបាក​ដកដង្ហើម​។​

​ក្រុម​ឆ្លើយតប​បន្ទាន់​របស់​ក្រសួងសុខាភិបាល​ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ បាននិងកំពុង​សហកា​រ ជាមួយ​ក្រុមការងារ​ នៃ​មន្ទីរ​កសិកម្ម​ខេត្ត​ និង​អាជ្ញាធរ​មូលដ្ឋាន​គ្រប់លំដាប់​ថ្នាក់ ធ្វើការ​អង្កេត​ស្រាវជ្រាវ​យ៉ាងសកម្ម លើ​ការកើតឡើង​នូវ​ជំងឺផ្តាសាយបក្សី និង​ធ្វើការ​ឆ្លើយតប​ទៅតាម​វិធីសាស្ត្រ និង​ពិធីសារ​បច្ចេកទេស ស្វែងរក ប្រភព​ចម្លង ទាំង​លើស​ត្វ និង​មនុស្ស និង​ស្វែងរក​ករណី​សង្ស័យ​និង​អ្នក​ប៉ះពាល់ ដើម្បី​ទប់ស្កាត់​ការឆ្លង​បន្ត​ក្នុង សហគមន៍ ព្រមទាំង​ចែកជូន​ឱសថ​តា​មី​ហ្គូ​(Tamiflu) ដល់​អ្នក​ប៉ះពាល់​ជិតស្និទ្ធ និង​ធ្វើ​យុទ្ធនា​ការអប់រំ​សុខភាព ប្រជាពលរដ្ឋនៅក្នុង​ភូមិ​ដែល​កើតហេតុ​ខាងលើ​។

រសួងសុខាភិបាល សូម​ក្រើនរំលឹក​សាជាថ្មី​ម្តងទៀត ដល់​ប្រជាពលរដ្ឋ​ទាំងអស់ សូម​យកចិត្ត ទុក​ដាក់​ប្រុងប្រយ័ត្ន​លើ​ជំងឺផ្តាសាយបក្សី​ជានិច្ច ពីព្រោះ​ជំងឺផ្តាសាយបក្សី H5N1 នៅតែ​បន្ត​គំរាមកំហែង​ដល់ សុខភាព​ប្រជាពលរដ្ឋ ហើយក៏​សូម​ជម្រាប​ដល់​ពលរដ្ឋ​ទាំងអស់​ប្រសិនបើ​មាន​អាការ​ក្តៅខ្លួន ក្អក ហូរ​សំបោរ ឬ ពិបាក​ដកដង្ហើម និង​មាន​ប្រវត្តិ​ធ្លាប់បាន​ប៉ះពាល់​ជាមួយ​មាន់​ទា​ឈឺ ឬ​ងាប់​ក្នុង​អំឡុង​ ១៤ ​ថ្ងៃមុន​ ថ្ងៃ​ចាប់ផ្ដើម​មាន​រោគសញ្ញា សូម​កុំទៅ​ជួបជុំ ឬ​ទីប្រជុំជន​ដែល​មាន​មនុស្ស​ច្រើន និង​ត្រូវ​ស្វែងរក​ការពិគ្រោះ​យោបល់ និង​ការ​ពិនិត្យ​ព្យាបាល​នៅ​មណ្ឌល​សុខភាព ឬ​មន្ទីរពេទ្យ ដែល​នៅ​ជិត​ជាបន្ទាន់ ចៀសវាង​ការ​ពន្យារពេល ធ្វើ​ឱ្យ​ប្រឈម​នឹង​ហានិភ័យ​ខ្ពស់​ នៃ​ការស្លាប់​ជាយថាហេតុ។

ក្រសួងសុខាភិបាល​ បាន​ណែនាំ​ថា ​ជំងឺផ្តាសាយបក្សី H5N1 គឺជា​ជំងឺ​ផ្តាសាយ​មួយ​ដែលជា​ធម្មតា​ចម្លង​រវាង​សត្វ​បក្សី​ឈឺ ទៅ​បក្សី​ផ្សេងទៀត ប៉ុន្តែ​ជួនកាល​វា​អាច​ចម្លង​ពី​បក្សី​ទៅ​មនុស្ស តាម​ការ​ប៉ះពាល់​ជិតស្និទ្ធ​ជាមួយ​បក្សី​ដែល​ឈឺ​ ឬ​ងាប់​។ ជំងឺផ្តាសាយបក្សី​លើ​មនុស្ស​ជា​ជំងឺ​ធ្ងន់ធ្ងរ ដែល​តម្រូវ​ឱ្យ​មានការ​ធ្វើការ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ទាន់ពេលវេលា​។ ទោះបីជា​វា​មិន​ងាយ​ឆ្លង​ពី​មនុស្ស​ទៅ​មនុស្ស ប៉ុន្តែ​បើ​វា​អាច​បំប្លែង​ខ្លួន​អាច​ឆ្លង ដូចនឹង​ជំងឺ​ផ្តាសាយ​តាម​រដូវ​កាល ផងដែរ​។

ជាមួយគ្នានេះ​ ក្រសួងសុខាភិបាល​ បាន​ណែនាំ​ដល់​ប្រជាពលរដ្ឋ​កុំ​ប៉ះពាល់ ឬ​ទទួលទាន មាន់​ទា​ឈឺ ឬ​ងាប់ និង​ពាក់​ស្រោមដៃ និង​ម៉ាស ឬ​យក​ក្រមា​ចង​បិត​ច្រមុះ មុនពេលចាប់​កាន់​មាន់​ទា​ធ្វើ​ម្ហូបអាហារ រួចហើយ​ស្រុះ​វា​ក្នុង​ទឹក​ពុះ​មុននឹង​បោច​សម្អាត​រោម​។ ​ត្រូវ​ប្រកាន់ខ្ជាប់​នូវ​ការអនុវត្ត​អនាម័យ លាង​សម្អាត​ដៃ ​ឱ្យបាន​ញឹកញាប់ មុន​ចាប់​កាន់​ចំណីអាហារ ជា ពិសេស​បន្ទាប់ពី​ការ​ប៉ះពាល់​សត្វ បោច​សំអាត​រោមសត្វ​ប​សុ​បក្សី ឬ​វត្ថុ​ផ្សេងៗ ដែល​អាចជា​ប្រភព​ចម្លងរោគ​។​ ត្រូវ​ចម្អិន​ម្ហូបអាហារ​ឱ្យបាន​ឆ្អិន​ល្អ​មុន​បរិភោគ ជាពិសេស​សាច់ សត្វ​បក្សី និង​ស៊ុត​។ កុំ​ទទួលទាន​ពងមាន់ ឬ​ពង​ទា​ជ័រ​ព្នៅ និង​ទុកដាក់​អាហារ​ឆៅ និង​ឆ្អិន​ឱ្យនៅ​ដាច់ដោយឡែក​ពីគ្នា សម្អាត​សម្ភារៈ​ប្រើប្រាស់ សម្រាប់​ចម្អិន​ម្ហូបអាហារ​ឱ្យបាន​ត្រឹមត្រូវ​។

ក្រសួងសុខាភិបាល ​បាន​បន្ថែមថា​ ប្រសិនបើ​មាន​មាន់​ទា​ឈឺ​ ឬ​ងាប់​ច្រើន​នៅផ្ទះ​ ឬ​ក្នុងភូមិ ហើយ​មាន​អាការ​ក្តៅខ្លួន ក្អក ហូរ​សំបោរ ឬ ពិបាក​ដកដង្ហើម សូម​ប្រញាប់​ស្វែងរក​ការពិគ្រោះ​យោបល់ និង​ការពិនិត្យ​ព្យាបាល​នៅ​មណ្ឌល​សុខភាព ឬ​មន្ទីរពេទ្យ ដែល​នៅ​ជិត​ជាបន្ទាន់ ចៀសវាង​ការ​ពន្យារ​ពេល ធ្វើឱ្យ​ប្រឈម​នឹង​ហានិភ័យ​ខ្ពស់​ នៃ​ការ​ស្លាប់​ជាយថាហេតុ៕

អត្ថបទដែលជាប់ទាក់ទង