រាជរដ្ឋាភិបាល ត្រៀមអនុវត្តផែនការយុទ្ធសាស្ដ្រជាតិស្ដីពីអត្តសញ្ញាណកម្ម ដំណាក់កាលទី២ ដើម្បីសម្រេចចក្ខុវិស័យ «មនុស្សគ្រប់រូបត្រូវបានកំណត់អត្តសញ្ញាណ» និង «បុគ្គលម្នាក់មានអត្តសញ្ញាណតែមួយ»

(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា ត្រៀមអនុវត្តផែនការយុទ្ធសាស្ដ្រជាតិស្ដីពីអត្តសញ្ញាណកម្ម ដំណាក់កាលទី២ ឆ្នាំ២០២៦-២០៣៥ (ឬហៅកាត់ NSPI 2.0) ក្រោយដំណាក់កាលទី១ ឆ្នាំ២០១៧-២០២៦ ដែលជិតត្រូវបានបញ្ចប់។ ផែនការនេះ ជាផែនទីតម្រង់ទិសលើការងារអត្តសញ្ញាណកម្ម ខណៈបច្ចុប្បន្នអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម កំពុងដើរយ៉ាងស្វាហាប់លើផែនការនេះ ដើម្បីឈានទៅសម្រេចចក្ខុវិស័យ «មនុស្សគ្រប់រូបត្រូវបានកំណត់អត្តសញ្ញាណ» និង «បុគ្គលម្នាក់មានអត្តសញ្ញាណតែមួយ»

ផែនការយុទ្ធសាស្ដ្រជាតិស្ដីពីអត្តសញ្ញាណកម្ម ដំណាក់កាលទី២ ឆ្នាំ២០២៦-២០៣៥ (ឬហៅកាត់ NSPI 2.0) ត្រូវបានរៀបចំសិក្ខាសាលាពិគ្រោះយោបល់នៅព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិដឹកនាំតម្រង់ទិស ការងារអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម (គ.ជ.ដ.អ)។

ថ្លែងក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត បានលើកឡើងថា ផែនការយុទ្ធសាស្ត្រជាតិស្តីពីអត្តសញ្ញាណកម្ម ដំណាក់កាលទី១ ២០១៧-២០២៦ (ឬហៅកាត់ NSPI 1.0) ត្រូវបានអនុម័តនៅខែមិថុនា ឆ្នាំ២០១៦។ ឆ្នាំនេះ ជាឆ្នាំទី៩ នៃការអនុវត្តផែនការយុទ្ធសាស្ត្រ១០ឆ្នាំ (ដំណាក់កាលទី១) ដែលនឹងបញ្ចប់នៅឆ្នាំក្រោយ ឆ្នាំ២០២៦ ខណៈផែនការយុទ្ធសាស្ដ្រនេះ បានរៀបចំឡើងដោយមានការគាំទ្រពីរដ្ឋាភិបាល នៃប្រទេសអូស្ត្រាលី តាមរយៈអង្គការ UNICEF។

លោកបានបន្ដថា មុននឹងឈានទៅរៀបចំផែនការថ្មី សម្រាប់រយៈពេល១០ឆ្នាំបន្ត អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ចាំបាច់ត្រូវការការវាយតម្លៃជារួមមួយ (ជាការវិភាគបែប SWOT Analysis) លើការអនុវត្តផែនការយុទ្ធសាស្ត្របច្ចុប្បន្ន ដើម្បីកំណត់ថា៖ តើយើងសម្រេចបានអ្វីខ្លះ? មាន អ្វីខ្លះដែលមិនទាន់សម្រេច? អ្វីខ្លះជាបញ្ហាប្រឈម? អ្វីទៅជាដំណោះស្រាយ? និងអ្វីខ្លះពីនេះរហូតដល់ឆ្នាំ២០៣៥។

បន្ទាប់មកដោយសហការជាមួយអង្គការ Vital Strategies អង្គការ JICA និងធនាគារ ADB ទើបបានធ្វើការវាយតម្លៃរហ័សមួយ (Rapid Assessment) លើការអនុវត្ត ផែនការយុទ្ធសាស្ត្រជាតិ ស្តីពីអត្តសញ្ញាណកម្ម (ដំណាក់កាលទី១) ២០១៧-២០២៦ នៅដើមឆ្នាំ២០២៤។ ដោយឈរលើលទ្ធផលនៃការវាយតម្លៃរហ័សខាងលើ អគ្គនាយកដ្ឋានបានដាក់ចេញនូវ ផែនការរៀបចំ ផែនការយុទ្ធសាស្ត្រជាតិស្តីពីអត្តសញ្ញាណកម្ម (ដំណាក់កាលទី២) ២០២៦- ២០៣៥សម្រាប់រយៈពេល១០ឆ្នាំបន្ត។

បើតាមលោកឧត្តមសេនីយ៍ឯក តុប នេត, ក្នុងរយៈពេលជិត១០ឆ្នាំកន្លងទៅនេះ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាលកម្ពុជា លើការងារអត្តសញ្ញាណកម្ម បានខិតខំអនុវត្ត ផែនការយុទ្ធសាស្ត្រជាតិដំណាក់កាលទី១ យ៉ាងខ្ជាប់ខ្ជួន ដោយសម្រេចបាននូវសមិទ្ធផលយ៉ាងច្រើន។ ក្នុងនោះរួមមានដូចជា៖

* ការអនុម័ត និងការប្រកាសឲ្យប្រើប្រាស់ ច្បាប់ស្ដីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម ដែលជាជោគជ័យដ៏ធំមួយក្នុងការកែលម្អ ប្រព័ន្ធចុះបញ្ជីអត្រានុកូលដ្ឋាន និងការលើកកម្ពស់ការផ្តល់សេវាសាធារណៈ សម្រេចបានការរៀបចំលិខិតបទដ្ឋានគតិយុត្តក្រោមច្បាប់ចំនួន១៧ ដើម្បីជំរុញការអនុវត្តច្បាប់
* បានអភិវឌ្ឍប្រព័ន្ធរួមអត្តសញ្ញាណប្រជាជន (IPIS) និងការរៀបចំមជ្ឈមណ្ឌល គ្រប់គ្រងទិន្នន័យ ខ្នាតតូច) ដែលជាផ្នែកមួយនៃការកសាងប្រព័ន្ធអេកូឡូស៊ីន ប្រព័ន្ធរួមអត្តសញ្ញាណប្រជាជន
* បានអនុវត្តសាកល្បង ការចុះបញ្ជីអត្រានុកូលដ្ឋាន តាមប្រព័ន្ធបច្ចេកវិទ្យា គមនាគមន៍ និងព័ត៌មាន តាមរយៈប្រព័ន្ធជូនដំណឹងពីមូលដ្ឋានសុខាភិបាល នៅសង្កាត់ចំនួន៦ នៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដែលចាប់ផ្ដើមដាក់ឲ្យប្រើប្រាស់លេខកូដសម្គាល់អត្តសញ្ញាណបុគ្គល (UIC) បានរៀបចំយុទ្ធសាស្ត្រប្រាស្រ័យទាក់ទងនៃការផ្លាស់ប្តូរឥរិយាបថក្នុងសង្គម ដើម្បីពង្រឹងដល់ការចុះបញ្ជីអត្រានុកូលដ្ឋាន (SBCC)
* បានសម្រួលយន្តការផ្តល់សេវាឲ្យកាន់តែល្អជូនប្រជាពលរដ្ឋ (ដូចជាសេវាលិខិត ឆ្លងដែនអនឡាញ សេវាផ្ញើឯកសារដល់ផ្ទះ សេវាកែតម្រូវទិន្នន័យ សេវាផ្ទៀងផ្ទាត់ ទិន្នន័យ (តាមរយៈយន្តការ CamDX) សេវាអត្តសញ្ញាណកម្មចល័ត)៕

អត្ថបទដែលជាប់ទាក់ទង