សមាគមសិល្បករខ្មែរ ៖ ចាប៉ីដងវែង ជាស្នាដៃសិល្បៈដ៏អស្ចារ្យដែលបង្រួមបញ្ចូលរវាងភាសា តន្ត្រីនិងប្រាជ្ញា
ប្រធានសមាគមសិល្បករខ្មែរលោកជំទាវអ្នក ឧកញ៉ា ម៉ៅ ចំណានបានចាត់ទុកថាចាប៉ីដងវែងគឺជា ស្នាដៃសិល្បៈដ៏អស្ចារ្យរបស់ដូនតា ដែលបានបង្រួមបញ្ចូលរវាងភាសា តន្ត្រី និង ប្រាជ្ញាខ្មែរយើង ។
លោកជំទាវបានលើកឡើងដូច្នេះនៅក្នុងពិធីអបអរសាទរខួបទី៩ឆ្នាំចាប៉ីដែងវែង ត្រូវបានចុះបញ្ជីជាបេតិកភណ្ឌវប្បធម៌អរូបីរបស់អង្គការយូណេស្កូកាលពីយប់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៥ ដែលរៀបចំដោយតារាចម្រៀងអ្នកនាង ម៉េង កែវពេជ្ជតា ។ ក្នុងនាមសមាគមសិល្បករខ្មែរលោកជំទាវពិតជាមានមោទនភាពចំពោះដូនតាដែលបានបន្សល់ទុកនូវមរតកសិល្បៈ វប្បធម៌រូបី និងអរូបីដ៏សំបូរបែបអស្ចារ្យនៅលើដែនដីដ៏ពិសិដ្ឋមួយនេះ។
លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន បានបញ្ជាក់ថាចាប៉ីដងវែងវាមិនត្រឹមជាឧបករណ៍តន្ត្រីឬតន្ត្រីសម្រាប់ការកម្សាន្តតែមួយមុខនោះទេ ប៉ុន្តែចាប៉ីដងវែងក៏ជាវិធីនៃការបង្ហាញគំនិតការអប់រំ និងការចែករំលែកអារម្មណ៍រីករាយនៅក្នុងជីវភាពប្រចាំថ្ងៃ។ ពេលវេលាចេះ តែវិវត្តសង្កេតឃើញថានៅក្នុងរយៈពេលចុងក្រោយៗ នេះយុវសិល្បករបានបន្ថែមនូវគំនិតច្នៃប្រឌិតនិង បានបង្កើតបទចម្រៀងថ្មីៗដោយបានរួមបញ្ចូលនូវសូសំនៀងចាប៉ីជាមួយ ដែលធ្វើឱ្យបទភ្លេងនិងបទចម្រៀ ងកាន់តែមានរសជាតិពិសេសប្លែក។
ជាក់ស្តែងដូចជា បទTime to Rise ដែលលេងច្រៀង និងសម្តែង រួមគ្នារវាងព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ និងវណ្ណដា ជាដើម។ សំឡេងចាប៉ីគឺជា សំឡេងនៃការចងចាំអតីតកាល និងជាសំឡេង នៃក្តីសង្ឃឹមសម្រាប់អនាគត។ លោកជំទាវបានសម្តែងនូវការកោតសរសើរចំពោះតារាចម្រៀងរាមច្បងអ្នកនាង ម៉េង កែវពេជ្ជតានិងកូនស្រីដែលតែងតែផ្សាភ្ជាប់រំលេចវត្តមានឧបករណ៍ភ្លេងបុរាណខ្មែរពិសេសចាប៉ីដងវែងនេះតែម្តងនៅក្នុងបទចម្រៀង និង ការសម្តែងនៅលើឆាកតន្ត្រីនានារបស់ខ្លួន។
ដើម្បីលើកស្ទួយវិស័យសិល្បៈបុរាណ និងបន្តនិរន្តភាពសិល្បៈចាប៉ីដងវែងអ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិកក្រុមហ៊ុនជីបម៉ុង និង លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េងបានប្រកាសជួយដល់សកម្មភាពការសម្តែងចាប៉ីទូទាំងប្រទេសក្នុងមួយឆ្នាំ១២០លានរៀល។ ក្នុងនោះ១០០លានរៀលជាថវិការបស់ក្រុម ហ៊ុន ជីប ម៉ុង និង២០លានរៀលទៀតជាថវិការបស់សមាគមសិល្បករខ្មែរ៕
