ម៉ាឡេស៊ី ផ្តាំទៅថៃថា ម៉ាឡេស៊ីគឺជាអ្នកសម្របសម្រួល មិនមែនជ្រៀតជ្រែកក្នុងបញ្ហាជម្លោះព្រំដែនថៃ-កម្ពុជា ទេ
ឆ្លើយតបទៅការចោទប្រកាន់របស់ក្រុមជ្រុលនិយមថៃ ដែលថាទីក្រុងគូឡាឡាំពួ បានជ្រៀតជ្រែកក្នុងបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ, រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងនិងជាអ្នកនាំពាក្យរដ្ឋាភិបាលម៉ាឡេស៊ី លោក Fahmi Fadzil បានផ្តាំផ្ញើដោយបញ្ជាក់យ៉ាងច្បាស់ថា ខ្លួនគឺជាអ្នកសម្របសម្រួល មិនមែនជ្រៀតជ្រែកឡើយ។
តាមការផ្សាយរបស់ Bernama, លោក Fahmi បានប្រាប់ទៅអ្នកសារព័ត៌មានក្រោយពិធីបិទសិក្ខាសាលាផ្សព្វផ្សាយស្តីពីការយល់ដឹងអំពីបទល្មើសឆបោកតាមអ៊ីនធឺណិសម្រាប់សហគមន៍ឥណ្ឌា នៅតំបន់ Lembah Pantai ថា៖ «ម៉ាឡេស៊ីមិនដែលជ្រៀតជ្រែកក្នុងជម្លោះព្រំដែន រវាងថៃនិងកម្ពុជាទេ ប៉ុន្តែផ្ទុយទៅវិញ បានធ្វើសកម្មភាពត្រឹមតែជាអ្នកសម្របសម្រួល តាមសំណើរបស់ប្រទេសទាំងពីរប៉ុណ្ណោះ ហើយនៅតែរក្សាជំហរអព្យាក្រឹតជានិច្ច»។
លោកបានច្រានចោលការចោទប្រកាន់ដែលថា ម៉ាឡេស៊ី កាន់ជើងភាគីណាមួយនៅក្នុងជម្លោះនេះ ដោយនិយាយថា ការចោទប្រកាន់បែបនេះគឺមិនពិតទេ ព្រោះរាល់ការសម្រេចចិត្ត រួមទាំងលក្ខខណ្ឌនៃបទឈប់បាញ់និងកិច្ចព្រមព្រៀងសន្តិភាពផងនោះ គឺត្រូវបានកំណត់ដោយថៃនិងកម្ពុជាខ្លួនឯងផ្ទាល់។
លោកបន្តថា កម្ពុជា-ថៃមានការលំបាកក្នុងការចូលរួមចរចាដោយផ្ទាល់ ហើយប្រទេសទាំងពីរបានស្នើសុំជំនួយពីម៉ាឡេស៊ី។ ម៉ាឡេស៊ីគឺអព្យាក្រឹត ហើយមិនចូលបក្សសម្ព័ន្ធជាមួយអំណាចភូមិសាស្ត្រនយោបាយណាមួយឡើយ។
ការអះអាងរបស់លោក Fahmi កើតឡើងមិនយូរប៉ុន្មានបន្ទាប់ពីនាយករដ្ឋមន្ត្រីម៉ាឡេស៊ី អាន់វ៉ា អ៊ីប្រាហ៊ីម ក៏ចេញមុខបដិសេធផងដែរ ចំពោះការអះអាងដោយភាគីមួយចំនួននៅក្នុងប្រទេសថៃ ដោយចោទរូបលោកថាបានចូលជ្រៀតជ្រែកកិច្ចផ្ទៃក្នុងរបស់ថៃ ពាក់ព័ន្ធជម្លោះព្រំដែនជាមួយកម្ពុជា។
លោកចាត់ទុកការចោទប្រកាន់ទាំងនោះថា «គ្មានមូលដ្ឋាន» ហើយជំរុញឲ្យអ្នកដែលរិះគន់លោក គួរតែស្វែងយល់ អំពីតួនាទីរបស់ម៉ាឡេស៊ីក្នុងការជួយដោះស្រាយជម្លោះរវាងប្រទេសទាំងពីរជាមុនសិន មុននឹងធ្វើសេចក្តីថ្លែងការណ៍ណាមួយទាំងមិនត្រឹមត្រូវ៕
