គ្រោះទឹកជំនន់ដ៏សាហាវនៅប្រទេសវៀតណាម បានឈានដល់កម្រិតធ្ងន់ធ្ងរបំផុត ខណៈមនុស្ស៩១នាក់បាត់បង់ជីវិតនិង១២នាក់ផ្សេងទៀត បាត់ខ្លួន
គ្រោះទឹកជំនន់ដ៏សាហាវនៅប្រទេសវៀតណាម បានឈានដល់កម្រិតធ្ងន់ធ្ងរបំផុត ខណៈមនុស្ស៩១នាក់ ត្រូវបានរាយការណ៍ថា បាត់បង់ជីវិតនិង១២នាក់ផ្សេងទៀត បាត់ខ្លួន។
តាមការផ្សាយរបស់ VN Express កាលពីថ្ងៃអាទិត្យទី២៣ខែវិច្ឆិកាឆ្នាំ២០២៥ ទឹកជំនន់អាក្រក់មិនធ្លាប់មានក្នុងរយៈពេល៥០ឆ្នាំនៅតំបន់កណ្តាលឆៀងខាងត្បូង បាយវាយប្រហារខេត្ត Dak Lak ខ្លាំងជាងគេ ដោយគ្រាន់តែទីនោះ មានមនុស្សស្លាប់រហូតដល់ទៅ ៦៣នាក់ ចាប់តាំងពីថ្ងៃទី១៦ខែវិច្ឆិកាមក។
ក្រៅពី Dak Lak, ខេត្តផ្សេងទៀតដែលមានមនុស្សស្លាប់គឺ Khanh Hoa ១៥នាក់, Gia Lai ៣នាក់, Da Nang ២នាក់, Hue ២នាក់និង Quang Tri ម្នាក់។
លើសពីនេះ ទឹកជំនន់បានជន់លិចផ្ទះជិត ២០០ ១០០ខ្នង ក្នុងនោះមានផ្ទះ២២១ខ្នង ត្រូវបាក់រលំ ខណៈ៩៣៣ខ្នងត្រូវខូចខាត។
ចំពោះវិស័យកសិកម្ម, ផ្ទៃដីដាំដុះស្រូវនិងដំណាំផ្សេងៗ ជាង ៨២ ១០០ ហិកតា ត្រូវបានខូចខា, ដំណាំ ជាង ១១៧ ០០០ ហិកតាត្រូវបំផ្លាញ។ ចំណែក សត្វចិញ្ចឹមនិងបក្សី ជាង ៣.៣ លានក្បាល និងផលិតផលវារីវប្បកម្ម ១ ១៥០ ហិកតាបានងាប់ ឬត្រូវទឹកជំនន់ហូរនាំទៅបាត់។
សម្រាប់វិស័យសេដ្ឋកិច្ច ការខាតបង់មានប្រមាណ ១៣ ០៧៨ ពាន់លានដុង ពោលគឺកើនឡើង ៤ ០០០ ពាន់លានដុង បន្ទាប់ពីការធ្វើបច្ចុប្បន្នភាពទិន្នន័យពីខេត្ត Khanh Hoa។
សូមជម្រាបថា វៀតណាម កំពុងប្រឈមនឹង បាតុភូតអាកាសធាតុធ្ងន់ធ្ងរ កាន់តែធ្ងន់ធ្ងរទៅៗ ដោយសារតែបម្រែបម្រួលអាកាសធាតុ បង្កឡើងដោយសកម្មភាពមនុស្ស ដែលធ្វើឲ្យ ព្យុះទីហ្វុងមានកម្លាំងខ្លាំងជាងមុន និងកើតឡើងរឹតតែញឹកញាប់៕
