រដ្ឋាភិបាលតួកគីយ៉េផ្ដល់ជំនួយជាគ្រឿងឧបភោគបរិភោគ សម្ភារៈប្រើប្រាស់ រួមជាមួយបង្គោលភ្លើងសូឡា ដល់ពលលរដ្ឋភូមិព្រៃចាន់ ដែលកំពុងត្រូវបានជម្លៀស

រដ្ឋាភិបាលតួកគីយ៉េផ្ដល់ជំនួយជាគ្រឿងឧបភោគបរិភោគ សម្ភារៈប្រើប្រាស់ រួមជាមួយបង្គោលភ្លើងសូឡា ដល់ពលលរដ្ឋភូមិព្រៃចាន់ ដែលកំពុងត្រូវបានជម្លៀសពីភូមិឋាន ដោយសារជម្លោះព្រំដែន មកស្នាក់នៅជាបណ្ដោះអាសន្ននៅវត្តច័ន្ទស៊ីសាមគ្គីរតនារាម ក្នុងស្រុកអូរជ្រៅ។

ជំនួយមនុស្សធម៌នេះ ត្រូវបានលោកស្រី អ៊ុលគុល កូចាអែហ្វែ (ÜLKÜ KOCAEFE) ឯកអគ្គរដ្ឋទូតតួកគីយ៉េប្រចាំកម្ពុជា ប្រគល់ទៅឱ្យអាជ្ញាធរខេត្តបន្ទាយមានជ័យ ដោយមានលោក លី សុវណ្ណារិទ្ធ អភិបាលរងខេត្តបន្ទាយមានជ័យ ជាតំណាង ក្រោមការសម្របសម្រួលរបស់ក្រុមការងារក្រសួងការបរទេសកម្ពុជា ដឹកនាំដោយលោក ទី នីតូរ្យ អនុរដ្ឋលេខាធិការ កាលពីរសៀលថ្ងៃទី២២ ខែវិច្ឆិកា។

ជំនួយដែលជាការបរិច្ចាគពីរដ្ឋាភិបាលតួកគីយ៉េ សរុបជាទឹកប្រាក់ខ្ទង់៤ម៉ឺនដុល្លារ គឺដើម្បីឆ្លើយតបនឹងតម្រូវការមនុស្សធម៌ជាបន្ទាន់សម្រាប់ពលរដ្ឋភៀសសឹក ក្រោយបានពិនិត្យមើលទិដ្ឋភាពជាក់ស្តែង និងឃើញនូវផលប៉ះពាល់​ដែលបង្កដោយ​ជម្លោះព្រំដែន ហើយជំនួយពេលនេះ គឺការជួយសម្រួលដល់ជីវភាពរស់នៅរបស់ពលរដ្ឋភៀសសឹក ដែលសរុបមានប្រជាពលរដ្ឋប្រមាណ៧០០គ្រួសារ។

ការផ្តល់ជំនួយនេះ លោក ទី នីតូរ្យ អនុរដ្ឋលេខាធិការក្រសួងការបរទេសកម្ពុជា បានបង្ហាញនូវក្តីសង្ឃឹមថា នឹងជំរុញឱ្យមានការចូលរួមបន្ថែមពីភាគីផ្សេងៗទៀត ខណៈដែលលោកស្រីឯកអគ្គរដ្ឋទូតតួកគីយ៉េ ក៏បានគូសបញ្ជាក់ពីភាពចាំបាច់នៃការបន្តផ្តល់ជំនួយមនុស្សធម៌ជូនដល់តំបន់រងគ្រោះ។

គួរឱ្យដឹងថា ពលរដ្ឋខ្មែរដែលរស់នៅភូមិព្រៃចាន់ ក្នុងឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ត្រូវបានជម្លៀសមកទីតាំងសុវត្ថិភាពក្នុងវត្តច័ន្ទស៊ីសាមគ្គីរតនារាម បន្ទាប់ពីយោធាថៃបានបើកការបាញ់ប្រហារមកលើប្រជាពលរដ្ឋ កាលពីរសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥៕

អត្ថបទដែលជាប់ទាក់ទង