អគ្គស្នងការដ្ឋាននគរបាលជាតិ ទទួលបានរថយន្តពន្លត់អគ្គិភ័យចំនួន៥គ្រឿង រថយន្តសង្រ្គោះបន្ទាន់ចំនួន២គ្រឿង ឯកសណ្ឋានពន្លត់អគ្គិភ័យ១០០ឈុត រួមទាំងឯកសណ្ឋានការពារសារធាតុគីមីចំនួន២ម៉ឺនឈុត ពីរដ្ឋាភិបាលកូរ៉េខាងត្បូង

អគ្គស្នងការដ្ឋាននគរបាលជាតិ ទទួលបានរថយន្តពន្លត់អគ្គិភ័យចំនួន៥គ្រឿង រថយន្តសង្រ្គោះបន្ទាន់ចំនួន២គ្រឿង ឯកសណ្ឋានពន្លត់អគ្គិភ័យ១០០ឈុត រួមទាំងឯកសណ្ឋានការពារសារធាតុគីមីចំនួន២ម៉ឺនឈុត ពីរដ្ឋាភិបាលកូរ៉េខាងត្បូង តាមរយៈអង្គការ Social Welfare Foundation GO&DO (NGO)។ ពិធីទទួលរថយន្ត និងឯកសណ្ឋានពន្លត់អគ្គិភ័យ និងឯកសណ្ឋានការពារសារធាតុគីមីនេះធ្វើឡើងក្រោមវត្តមាននាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ កាលពីថ្ងៃទី ២៥ ខែវិច្ឆិកា នៅទីស្ដីការក្រសួងមហាផ្ទៃ ។

អគ្គស្នងការ ចាត់ទុកជំនួយនេះ ថានឹងក្លាយជាការចូលរួមចំណែកជាមួយកងកម្លាំងលើការងារពន្លត់អគ្គិភ័យកាន់តែងាយស្រួលក្នុងប្រតិបត្តិការអន្តរាគមន៍ជួយសង្រ្គោះប្រជាពលរដ្ឋពេលជួបបញ្ហាអគ្គិភ័យបានទាន់ពេលវេលា ជាពិសេសការរួមចំណែកក្នុងការការពារ អាយុជីវិត ទ្រព្យសម្បត្តិ បរិស្ថាន សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម។

នាយឧត្តមសេនីយ៍ ស ថេត បានមានប្រសាសន៍ថា ជំនួយឥតសំណងរបស់ប្រជាជន និងរដ្ឋាភិបាលកូរ៉េ នៅពេលនេះ គឺពិតជាមានតម្លៃសម្រាប់ប្រជាជនកម្ពុជា និងបានបង្ហាញអំពីការយកចិត្តទុកដាក់ដោយសប្បុរសធម៌ពីប្រជាជន និងរដ្ឋាភិបាលកូរ៉េផងដែរ។ មួយវិញទៀតជំនួយនេះក៏ជាការរួមចំណែកលើកទឹកចិត្តដល់កងកម្លាំងនគរបាលជាតិ ក្នុងការបំពេញភារកិច្ចបម្រើជាតិមាតុភូមិ និងប្រជាជនកម្ពុជាផងដែរ។

នាយឧត្តមសេនីយ៍ ស ថេត អរគុណចំពោះប្រជាជន និងរដ្ឋាភិបាលកូរ៉េ ដែលបានបន្តផ្តល់ជំនួយឥតសំណងនេះដល់កម្ពុជា ព្រោះសម្ភារៈទាំងនេះនឹងបម្រើដល់ប្រជាជនកម្ពុជាទាំងបច្ចុប្បន្ន និងទៅអនាគតឲ្យកាន់តែល្អប្រសើរបន្ថែមទៀត។ លោកស ថេត សង្ឃឹមនិងជឿជាក់ថា ទៅថ្ងៃខាងមុខ រដ្ឋាភិបាលនៃប្រទេសកូរ៉េ និងបន្តផ្ដល់ការគាំទ្រ ជួយជាជំនួយឯកសណ្ឋានការពារសារធាតុគីមីនេះបន្ថែមទៀត ស្របពេលកងកម្លាំងកម្ពុជានៅមានការខ្វះខាតឯកសណ្ឋានការពារសារធាតុគីមីនេះច្រើន ក្នុងការអន្តរាគមន៍បាញ់ពន្លត់អគ្គិភ័យក្នុងករណីធំៗមួយចំនួនដូចជា រោងចក្រ អាគារខុនដូរ និងទីតាំងសហគ្រាសធំៗមួយចំនួន ដែលភាគច្រើនទីតាំងទាំងអស់នោះមានភាពស្មុគស្មាញ និងសារធាតុគីមីផងដែរ។

បើតាមរបាយការណ៍ពីប្រធាន​នាយកដ្ឋាន​នគរបាល​បង្ការ​ពន្លត់​អគ្គិភ័យ​ និង​សង្គ្រោះ​ ដឹងថា គ្រោះថ្នាក់អគ្គិភ័យរយៈពេល៩ខែ ឆ្នាំ២០២៥ មានចំនួន៦៥៤/៨៧៣លើក ធៀបនឹង៩ខែឆ្នាំ២០២៤ ថយចុះ២១៩លើក៖ ការខូចខាតឆេះផ្ទះចំនួន៤៨១/៥៣៥ខ្នង, តូបចំនួន៩៨/៥០៨, ស្លាប់១៤/១១ នាក់, របួស៤៣/ ២៤នាក់, មូលហេតុ ចរន្តអគ្គិសនី ៤២,២៦%, ប្រើភ្លើង ៣៩,១៨% និងកត្តាផ្សេងៗ ១៨,៥៦%។

កម្ពុជា និងកូរ៉េខាងត្បូង បានបង្កើតទំនាក់ទំនងការទូតជាផ្លូវការនៅ​ថ្ងៃទី​៣០ ខែតុលា ឆ្នាំ១៩៩៧។ ចំណងការទូតនេះ ត្រូវបានបង្កើតឡើង ក្រោមកិច្ចប្រឹងប្រែងដ៏ខ្លាំងក្លារបស់សម្តេចតេជោ ហ៊ុន សែន ឬអាចហៅបានថា សម្តេចតេជោ ជាឆ្មបបង្កើតនូវទំនាក់ទំនងកម្ពុជា និងកូរ៉េខាងត្បូង។ បន្ទាប់ពីបង្កើតជាផ្លូវការ ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ​រវាងប្រទេសទាំងពីរ​ត្រូវបាន​ពង្រឹង​ពង្រីក និងលើកកម្ពស់ឱ្យកាន់តែរឹងមាំ និងមានភាពល្អប្រសើរជាបន្តបន្ទាប់ ហើយកាលពីឆ្នាំ២០២៤ ក្នុងពេល សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បំពេញទស្សនកិច្ចនៅសាធារណរដ្ឋកូរ៉េ ថ្នាក់ដឹកនាំកម្ពុជា-កូរ៉េ បានដំឡើងកម្រិតទំនាក់ទំនងទៅដល់ក្របខណ្ឌភាពជាដៃគូយុទ្ធសាស្ត្រ៕

អត្ថបទដែលជាប់ទាក់ទង