លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានជំរុញដល់អង្គភាពរដ្ឋទាំងអស់កាត់បន្ថយភាពស្មុគស្មាញឱ្យបានខ្ពស់បំផុតដើម្បីឱ្យវិស័យឯកជនរីកចម្រើន
អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាលោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានជំរុញដល់អង្គភាពរដ្ឋទាំងអស់កាត់បន្ថយភាពស្មុគស្មាញឱ្យបានខ្ពស់បំផុតដើម្បីឱ្យវិស័យឯកជនរីកចម្រើន បង្កើនភាពរឹងមាំដល់សេដ្ឋកិច្ចជាតិ។ លោកថាគឺជារឿងឈឺចាប់ណាស់ពេលដែលបរទេសមើលងាយលើភាពទន់ខ្សោយកម្ពុជា។
ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានបន្ទាប់ពីបើកពិធីផ្សព្វផ្សាយរបាយការណ៍ប្រចាំឆមាសទី១នៃការអនុវត្តវិធានការកែទម្រង់មុតស្រួចជាកញ្ចប់ដែលបានដាក់ចេញក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៩ នៅសណ្ឋាគារឡឺរ៉ូយ៉ាល់ភ្នំពេញថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល មានប្រសាសន៍ថា ការបង្កភាពស្មុគស្មាញដល់វិស័យឯកជនគឺជាការរាំងស្ទះដល់ដំណើរការសេដ្ឋកិច្ច ដែលប៉ះពាល់ដល់ការអភិវឌ្ឍន៍ប្រទេសជាតិទាំងមូល។ លោកថាតួនាទីរបស់រដ្ឋាភិបាលមិនមែនគ្រប់គ្រងលើវិស័យឯកជនទេតែជាកិច្ចការដែលត្រូវសម្របសម្រួលធ្វើយ៉ាងណាឱ្យផ្នែកឯកជនសម្រេចតាមគោលដៅរបស់គេ។
លោកឧបនាយករដ្ឋមន្ត្រី៖ «ភាសាអង់គ្លេសគេថា The economy is growing at night when the government is asleep។ បានន័យថាសេដ្ឋកិច្ចជាតិមានការរីកចម្រើននៅពេលយប់ពេលដែលរដ្ឋាភិបាលគេងលក់។ ដោយសារអី? គឺអត់មានរដ្ឋាភិបាលមកធ្វើការរាំងស្ទះ ការរីកចម្រើនវិស័យឯកជន។ អ៊ីចឹងរៀបចំហើយដកខ្លួនថយ ទុកឱ្យវិស័យឯកជននេះដែលគេយល់ច្បាស់ គេចេះដឹងក្នុងការដឹកនាំក្រុមហ៊ុនសហគ្រាសគេហ្នឹងជាងរដ្ឋាភិបាល។ អ៊ីចឹងជួយទៅ! សូមកាត់បន្ថយនីតិវិធី ហើយទុកឱ្យគាត់ធ្វើការខ្លួនឯងទៅ។ កុំទៅត្រួតពិនិត្យគាត់ច្រើនពេក ខាតពេលគាត់ ខាតពេលយើង»។
ទោះជាយ៉ាងណាលោកក៏ជំរុញដល់វិស័យឯកជនឱ្យហ៊ានធ្វើការប្ដេជ្ញាចិត្តចំពោះរដ្ឋាភិបាលថានឹងគោរពតាមច្បាប់កម្ពុជាឱ្យបានជាប់លាប់ផងដែរ។
ប្រធានសភាពាណិជ្ជកម្មកម្ពុជាអ្នកឧកញ៉ា គិត ម៉េង ស្វាគមន៍ការលើកឡើងរបស់លោកឧបនាយករដ្ឋមន្ត្រី និងជំរុញឱ្យរដ្ឋាភិបាលគិតគូរលើស្ថាប័ន២គឺ គយ និងពន្ធដារ ដែលថាប្រសិនជាអាចកាត់បន្ថយភាពស្មុគស្មាញនៃស្ថាប័នទាំងពីរនេះបានច្រើននោះភាពទាក់ទាញអ្នកវិនិយោគកាន់តែច្រើន ជួយឱ្យរដ្ឋាភិបាលសម្រេចបានជោគជ័យនៃចក្ខុវិស័យឆ្នាំ២០៣០ និងឆ្នាំ២០៥០ខាងមុខ។
លោកថា៖ «ខ្ញុំគាំទ្រឯកឧត្ដមឧបនាយករដ្ឋមន្ត្រីដែលថារដ្ឋាភិបាលគឺជានិយតករ មិនមែនជាអ្នកប្រតិបត្តិករទេ។ ផ្នែកឯកជនជាអ្នកប្រតិបត្តិករដើម្បីរកចំណូលជូនរដ្ឋាភិបាល និងប្រជាពលរដ្ឋ »។
ចំពោះការលើកឡើងពីការចង់ឱ្យវិស័យឯកជនសន្យាជាមួយរដ្ឋាភិបាលក្នុងការគោរពច្បាប់កម្ពុជាម៉ឺងម៉ាត់ អ្នកឧកញ៉ាគិត ម៉េង បានបញ្ជាក់និងជំរុញឱ្យក្រុមហ៊ុនឯកជនទាំងអស់ទៅចុះកិច្ចសន្យាជាមួយអង្គភាពប្រឆាំងអំពើពុករលួយតែម្ដងដើម្បីបង្ហាញពីតម្លាភាពរបស់ក្រុមហ៊ុនឯកជនដែលរកស៊ីនៅកម្ពុជា។
គិតត្រឹមឆមាសទី១ ឆ្នាំ២០២៥ ការអនុវត្តវិធានការកែទម្រង់មុតស្រួចជាកញ្ចប់ដែលបានដាក់ចេញវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៩ កំពុងឈានសម្រេចពេញលេញ១០០% លើបញ្ហាដែលត្រូវបានលើកឡើងពីវិស័យឯកជនដែលមានចំនួន១៩៦ចំណុច (១៦៦ចំណុចត្រូវបានដោះស្រាយ) បន្ថែមលើនេះតាមរយៈលទ្ធផលនៃការស្ទង់មតិពីវិស័យឯកជនកាលពីខែកក្កដា ឆ្នាំ២០២៥ បានបង្ហាញថាអ្នករកស៊ីភាពច្រើនបានពេញចិត្តចំពោះការដាក់ចេញវិធានការកំណែទម្រង់របស់រដ្ឋដែលបានដាក់ចេញក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៩ផងដែរ៕
