ក្រុមហ៊ុនរដ្ឋចិនមួយ ​ត្រូវការដំឡូងមីក្រៀមប្រមាណ ១ លានតោនក្នុងមួយឆ្នាំ ដើម្បីនាំចេញ​ទៅ​ទីផ្សារ​ចិន

ក្រុមហ៊ុនរដ្ឋចិនមួយ ​ត្រូវការដំឡូងមីក្រៀមប្រមាណ ១ លានតោនក្នុងមួយឆ្នាំ ដើម្បីនាំចេញ​ទៅ​ទីផ្សារ​ចិន ​ដោយត្រៀមបោះទីតាំងនៅ ខេត្តកំពង់ធំ។​

លោក ស៊ុយ កុកធាន អនុប្រធានសមាគមស្វាយចន្ទីកម្ពុជា ​ប្រាប់កម្ពុជាថ្មីនៅថ្ងៃទី ​២៨ ខែវិច្ឆិកា ឆ្នាំ ២០២៥ ​នេះថា ​លោកបានជួបពិភាក្សាការងារជាមួយតំណាង​ក្រុមហ៊ុនរដ្ឋចិន​​ដែលមានឃ្លាំងស្ដុក​ធំមួយ​នៅ​ខេត្តព្រះសីហនុ ដើម្បីដឹកទៅចិន។​

​កន្លងមក ​ក្រុមហ៊ុន​ទិញបានដំឡូងមី ​អត់ត្រូវស្ដង់ដា ​អាចធ្វើអេតាណុលបាន ​ធ្វើចំណីសត្វ​តិចតួច​បាន ​ប៉ុន្តែ មិនអាចបម្រើក្នុងវិស័យម្ហូបអាហារ ដូច្នេះហើយបានជាក្រុមហ៊ុនត្រូវការសហការ ដើម្បី​ធ្វើដំឡូងមីស្អាត ដើម្បីបម្រើក្នុងវិស័យម្ហូបអាហារនៅចិន។ ​

លោក ស៊ុយ កុកធាន ​បានពិភាក្សាជាមួយតំណាងក្រុមហ៊ុន ​ដោយសម្រេចយកខេត្តកំពង់ធំ ​ធ្វើជាទីតាំង​កណ្ដាលដើម្បី​ប្រមូលទិញដំឡូងមី ហើយហាលសម្ងួត ​ដើម្បីនាំចេញទៅចិនតាមច្រកខេត្តព្រះសីហនុ។ ​លោកថា ​ក្រុមហ៊ុន CSNC ​មានទីតាំងធំ រហូតដល់ទំហំដី ៦០ ​ហិកតា ​និង​មានឃ្លាំងដាក់បានច្រើន។​ បច្ចុប្បន្ន ​តំណាង​ក្រុមហ៊ុន និង​សមាគម កំពុង​​ពិភាក្សា​ទៅ​លើ​តម្លៃ​ដឹក​ជញ្ជូន​។​

​យោង​តាម​ក្រសួង​ពាណិជ្ជកម្ម ​កម្ពុជា​ទទួល​បាន​ប្រាក់​ចំណូល​ប្រមាណ ៥៤៤ លានដុល្លារ ពីការនាំ​ចេញដំឡូងមី នៅក្នុងរយៈពេល ១០ ខែ ឆ្នាំ ២០២៥ ធ្លាក់ចុះ ១១,៣១% ធៀប​នឹង​រយៈពេលដូច​គ្នា​នៅ​ឆ្នាំ ២០២៤។ ​

លោក ងិន ឆាយ អគ្គនាយក នៃអគ្គនាយកដ្ឋានកសិកម្ម បានឱ្យដឹងថា ការនាំចេញផលិត​ផល​ដំឡូង​មី​ស្រស់ថយចុះ ដោយសារប្រជាកសិករបំប្លែងពីដំឡូងមីស្រស់ទៅក្រៀម និងកែច្នៃជាម្សៅ ដើម្បី​អាច​រក្សាទុកបានយូរ និងមានតម្លៃខ្ពស់។

​លោកបាន​បញ្ជាក់ថា៖ «នៅក្នុងរយៈពេល ១០ ខែ ​ឆ្នាំ ២០២៥ ​ការនាំចេញដំឡូងមីក្រៀមកើន​ឡើង​ ៦០,៩១% ​និងម្សៅដំឡូងមីកើនឡើង​ ៨២,៥៩% ​ធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ ២០២៤»។​

​លោក អិល ឈិញ ប្រធានសមា​គមកសិករដំឡូងមីខ្មែរ ប្រាប់កម្ពុជាថ្មីថា តម្លៃទីផ្សារដំឡូងមី​នៅ​តែ​ជាបញ្ហាចោទសម្រាប់​កសិករ នៅក្នុងឆ្នាំ ២០២៥ តម្លៃដំឡូងមីស្រស់ធ្លាក់​ចុះរហូតដែល​មាន​តម្លៃ ១៥០ រៀលក្នុងមួយគីឡូក្រាម នៅខេត្តឧត្តរមានជ័យ ​ខណៈខេត្តស្ទឹងត្រែង និងខេត្តមួយ​ចំនួន​អាច​លក់​បាន ២៥០ រៀល ក្នុងមួយគីឡូក្រាម ​ចំណែកឯ​ណៈ​ដំឡូង​មីស្ងួត​អាច​លក់បាន ៥២០ រៀល ដល់ ៧០០ រៀល ក្នុង​មួយ​គីឡូក្រាម។

លោកបានបញ្ជាក់ថា បច្ចុប្បន្ន មិនទាន់ដល់រដូវប្រមូលផលដំឡូងមីច្រើននៅឡើយ ដោយកសិករ​ចាប់​ផ្ដើម​សម្រុកប្រមូលផលខ្លាំងចាប់ពីខែមករា ឆ្នាំ ២០២៦។ ​

​នៅក្នុងឆ្នាំ២០២៤ កម្ពុជានាំចេញដំឡូងមីស្រស់ជាង ៣ លានតោន (៣ ៤៤៣ ៧៦០)​, ចំណិត​ដំឡូង​មីក្រៀមជិត ១ លានតោន (៩៦៤ ៦៨១) និង​ម្សៅដំ​ឡូង​មីចំនួន ៦០ ៥២៤ តោន គិតជាទឹក​ប្រាក់​ប្រមាណ ៧២៨ លានដុល្លារ៕​

អត្ថបទដែលជាប់ទាក់ទង