រដ្ឋសភាវ៉េណេស៊ុយអេឡា នឹងបើកការស៉ើបអង្កេតករណីវាយប្រហារលើទូក ពីសំណាក់សហរដ្ឋអាមេរិក

(ការ៉ាកាស)៖ រដ្ឋសភាជាតិនៃប្រទេសវ៉េណេស៊ុយអេឡា បានប្រកាសបង្កើតគណៈកម្មការពិសេសមួយ ដើម្បីស៉ើបអង្កេតទៅលើករណីដែលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បញ្ជាឱ្យយោធាវាយប្រហារទូកសង្ស័យដឹកគ្រឿងញៀន​ នៅឯឆ្នេរសមុទ្រវ៉េណេស៊ុយអេឡា និងនៅភាគខាងកើតមហាសមុទ្រប៉ាស៉ីហ្វិក។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១ ខែធ្នូ ឆ្នាំ ២០២៥។

តាមទូរទស្សន៍រដ្ឋ ប្រធានរដ្ឋសភាវ៉េណេស៊ុយអេឡា លោក Jorge Rodriguez បានថ្លែងថា ការស៉ើបអង្កេតនឹងពិនិត្យលើសេចក្តីរាយការណ៍របស់កាសែត Washington Post កាលពីថ្ងៃសុក្រ ដែលថារដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Pete Hegseth បញ្ជាឱ្យសម្លាប់មនុស្សទាំងអស់នៅលើទូកមួយ ក្នុងចំណោមទូកដែលត្រូវបានវាយប្រហារកាលពីខែកញ្ញា។ ការវាយប្រហារលើកទីពីរត្រូវបានអនុវត្ត ដើម្បីសម្លាប់អ្នករស់រានមានជីវិតពីរនាក់។ លោក Rodriguez បញ្ជាក់ថា «យើងនឹងស៉ើបអង្កេតយ៉ាងម៉ត់ចត់ ហើយស៉ីជម្រៅ» ដោយបន្ថែមថា ការិយាល័យរដ្ឋអាជ្ញាវ៉េណេស៊ុយអេឡា ក៏នឹងចូលរួមក្នុងកិច្ចការនេះផងដែរ។

គួរបញ្ជាក់ថា សហរដ្ឋអាមេរិក អស់រយៈពេលជាច្រើនខែមកហើយ បានធ្វើយុទ្ធនាការវាយប្រហារដ៏សាហាវ ប្រឆាំងនឹងទូកដែលសង្ស័យជួញដូរគ្រឿងញៀន នៅក្នុងតំបន់។ លោក Maduro និងរដ្ឋាភិបាលរបស់លោក បានបដិសេធរាល់ការជាប់ពាក់ព័ន្ធណាមួយនៅក្នុងឧក្រិដ្ឋកម្ម ហើយចោទប្រកាន់សហរដ្ឋអាមេរិកថា កំពុងស្វែងរកការផ្លាស់ប្តូររបបដឹកនាំ ដោយសារតែចង់គ្រប់គ្រងទុនបម្រុងប្រេងដ៏ច្រើនសន្ធឹកសន្ធាប់ របស់វ៉េណេស៊ុយអេឡា៕

អត្ថបទដែលជាប់ទាក់ទង