យន្តហោះកងកម្លាំងរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកចំលើមន្ទីរពេទ្យសម្លាប់មនុស្សជាង៣០នាក់ នៅរដ្ឋ Rakhine

(ណៃពិដោ)៖ នាថ្ងៃព្រហស្បតិ៍នេះ បុគ្គលិកជំនួយដែលធ្វើការនៅកន្លែងកើតហេតុផ្ទាល់ បានអះអាងថា ការវាយប្រហារតាមផ្លូវអាកាស​របស់រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា បានផ្តាច់ជីវិតមនុស្សច្រើនជាង៣០នាក់ នៅឯមន្ទីរពេទ្យមួយកន្លែង នៅភាគខាងលិចប្រទេស។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃព្រហស្បតិ៍ ទី១១ ខែធ្នូ ឆ្នាំ២០២៥។

រដ្ឋាភិបាលយោធា បានបង្កើនការវាយប្រហារតាមផ្លូវអាកាសរបស់ខ្លួន ពីមួយឆ្នាំទៅមួយឆ្នាំ ចាប់តាំងពីសង្រ្គាមស៉ីវិលនៅមីយ៉ាន់ម៉ា បានផ្ទុះឡើង បន្ទាប់ពីយោធាបានធ្វើរដ្ឋប្រហារដណ្តើមអំណាច កាលពីឆ្នាំ២០២១ ដែលបានបិទបញ្ចប់រយៈពេលប្រមាណមួយទសវត្សរ៍ នៃលទ្ធិប្រជាធិបតេយ្យដ៏ផុយស្រួយ។

របបសឹកបានកំណត់យកការបោះឆ្នោត ចាប់ពីថ្ងៃទី២៨ ខែធ្នូ ដោយអះអាងថា វាគឺជាមធ្យោបាយដើម្បីស្រោចស្រង់ប្រទេសចេញពីជម្លោះ ប៉ុន្តែក្រុមឧទ្ទាមបានប្តេជ្ញាថា នឹងរារាំងដំណើរការបោះឆ្នោត នៅតាមតំបន់ដែលពួកគេកាន់កាប់ ជាទីដែលកងកម្លាំងរដ្ឋាភិបាលយោធា កំពុងព្យាយាមវាយដណ្តើមយកមកវិញ។

គួរបញ្ជាក់ថា មន្ទីរពេទ្យដែលរងការទម្លាក់គ្រាប់បែករបស់យោធា ស្ថិតនៅរដ្ឋ Rakhine ភាគខាងលិច ហើយហេតុការណ៍នោះ បានកើតឡើងកាលពីយប់ថ្ងៃពុធ។ យោង​តាមបុគ្គលិកជំនួយនៅកន្លែងកើតហេតុ គិតត្រឹមពេលនេះ មនុស្សយ៉ាងហោច៣១នាក់ ត្រូវបញ្ជាក់ថាបានស្លាប់ ប៉ុន្តែអាចនឹងនៅមានអ្នកស្លាប់ថែមទៀត។ ក្រៅពីអ្នកស្លាប់ យ៉ាងហោច៦៨នាក់ផ្សេងទៀត ក៏បានរងរបួសផងដែរ៕

អត្ថបទដែលជាប់ទាក់ទង