សម្តេច ម៉ែន សំអន អញ្ជើញចូលរួមក្នុងពិធីដាល់អំបុកមហាគ្រួសារខ្មែរ ដើម្បីឧបត្ថម្ភជូនដល់វីរៈកងទ័ពជួរមុខ

(ស្វាយរៀង)៖ តបតាមការអំពាវនាវរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណប្រជាជនកម្ពុជា បានប្រកាស កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ថា «ទទួលទានអំបុកស្រូវថ្មី វាយសត្រូវឈ្លានពាន» នាព្រឹកថ្ងៃសៅរ៍ ទី១៣ ខែធ្នូ ឆ្នាំ២០២៥ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានគណៈកម្មាធិការកណ្តាលសមាគមនារីកម្ពុជា ដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ បានអញ្ជើញចូលរួមក្នុងពិធីដាល់អំបុក មហាគ្រួសារខ្មែរ ស្ថិតក្នុងស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ។

សម្រាប់ខេត្តស្វាយរៀង ក្នុងនាមជាខ្មែរជួយខ្មែរ បេះដូងអ្នកស្វាយរៀងនៅជួរក្រោយ តែងតែនៅចាំជួយគាំទ្រ និងផ្តល់កម្លាំងចិត្តជូនចំពោះបងប្អូននៅជួរមុខជានិច្ច ក៏បានរៀបចំពិធីដាល់អំបុក និងធ្វើការវេចខ្ចប់អំបុក សាច់ជ្រូក និងពងទា ដើម្បីឧបត្ថម្ភដល់វីរៈកងទ័ព និងជនភៀសសឹក។

ថ្លែងក្នុងពិធីនោះ សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានថ្លែងអំណរគុណដល់លោក លោកស្រី លោកអ្នកឧកញ៉ា លោកឧកញ៉ា ឧកញ៉ា ពិសេសរដ្ឋបាលខេត្ត សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ខេត្តស្វាយរៀង សហភាពសហព័ន្ធយុវជនខេត្តស្វាយរៀង មន្ទីរកសិកម្មខេត្តស្វាយរៀង មន្ត្រីរាជាការ និងប្រជាពលរដ្ឋមកពីបណ្តាគ្រប់យ៉ាងច្រើនកុះករចូលរួមបង្កើតព្រឹត្តិការណ៍នេះឡើង បានរួមសហការគ្នាយ៉ាងសស្រាក់សស្រាំក្នុងនាមស្មារតីខ្មែរតែមួយ ។

សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានជូនពរដល់វីរៈកងទ័ពទាំងអស់ដែលបំពេញបេសកកម្មនៅជួរមុខ សូមមានសុខភាពល្អ និងទទួលបានជ័យជំនះពីខ្មាំងឈ្លានពាន ពិសេសទទួលបាននូវពុទ្ធពរទាំង ៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

អត្ថបទដែលជាប់ទាក់ទង