សម្តេចតេជោ ហ៊ុន សែន ផ្តល់យោបល់ឱ្យផ្អាករាល់ការធ្វើដំណើររបស់ប្រជាជនកម្ពុជានិងប្រជាជនថៃឆ្លងកាត់ព្រំដែន ដោយសារកងទ័ពថៃបានឈ្លានពានវាយប្រហារ និងសម្លាប់ប្រជាជនដោយគ្មានការរើសមុខ និងរើសទីកន្លែង

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន​ សែ​ន ប្រធានព្រឹទ្ធសភា នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥នេះ បានផ្តល់យោបល់ឱ្យផ្អាករាល់ការធ្វើដំណើររបស់ប្រជាជនកម្ពុជានិងប្រជាជនថៃឆ្លងកាត់ព្រំដែន ដោយសារកងទ័ពថៃបានឈ្លានពានវាយប្រហារ និងសម្លាប់ប្រជាជនដោយគ្មានការរើសមុខ និងរើសទីកន្លែង។

ខាងក្រោមនេះជាសាររបស់សម្តេចតេជោ ហ៊ុន សែន៖

«បងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់! ប៉ុន្មានថ្ងៃមកនេះកងទ័ពថៃបានឈ្លានពានវាយប្រហារ និងសម្លាប់ប្រជាជនកម្ពុជា ដោយគ្មានការរើសមុខនិងរើសទីកន្លែង សូម្បីតែស្ពាន ថ្នល់ សាលារៀន វត្តអារាមក៏ពួកគេប្រើកាំភ្លើងធំ និងយន្តហោះវាយបំផ្លាញចោល។ ផ្សែងពុលគ្រាប់បែកចង្កោម ត្រូវបានប្រើប្រាស់ជាច្រើនកន្លែងរាប់ទាំងកន្លែង ដែលមានពលរដ្ឋថៃរស់នៅ និងធ្វើការនៅក្នុងទឹកដីកម្ពុជាផងដែរ។

ក្នុងសភាពការណ៍បែបនេះ ក្នុងនាមប្រធានព្រឹទ្ធសភា ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណបក្សកាន់អំណាច ខ្ញុំសូមជូនយោបល់ទៅកាន់នាយករដ្ឋមន្ត្រី និងរាជរដ្ឋាភិបាលពិចារណាលើការផ្អាករាល់ការធ្វើដំណើររបស់ប្រជាជនកម្ពុជា និងប្រជាជនថៃឆ្លងកាត់ព្រំដែន។

ពលរដ្ឋកម្ពុជា ដែលកំពុងស្ថិតក្នុងប្រទេសថៃ ត្រូវបន្តរស់នៅ និងធ្វើការនៅក្នុងប្រទេសថៃ និងពលរដ្ឋថៃដែលកំពុងរស់នៅ និងធ្វើការនៅកម្ពុជា ត្រូវបន្តស្ថិតនៅកម្ពុជា រហូតបទឈប់បាញ់ត្រូវបានអនុវត្តពេញលេញ។

វិធានការនេះ គឺដើម្បីធានាសុវត្តិភាពប្រជាជនកម្ពុជា និងប្រជាជនថៃ កុំឲ្យមានគ្រោះថ្នាក់ពេលធ្វើដំណើរពិសេសពេលធ្វើដំណើរឆ្លងកាត់ព្រំដែន។ សូមប្រជាជនកម្ពុជា ដែលកំពុងរស់នៅប្រទេសថៃ និងប្រជាជនថៃមេត្តាយោគយល់។ សូមរាជរដ្ឋាភិបាលកម្ពុជា ជួយការពារសុវត្តិភាពប្រជាជនថៃ ដែលកំពុងរស់នៅកម្ពុជាកុំឲ្យពួកគេរងគ្រោះដោយសារគ្រាប់កាំភ្លើង ឬគ្រាប់បែក ឬផ្សែងពុលរបស់ថៃ»៕

អត្ថបទដែលជាប់ទាក់ទង