កាកបាទក្រហមកម្ពុជា អំពាវនាវដល់សប្បុរសជនគ្រប់មជ្ឈដ្ឋាន សូមមេត្តាចូលរួមបរិច្ចាគជាថវិកា សម្ភារៈដល់កាកបាទក្រហមកម្ពុជា ដើម្បីឱ្យសមាគមជាតិមានធនធាន និងលទ្ធភាពគ្រប់គ្រាន់បន្តជួយជនភៀសសឹក

(ភ្នំពេញ)៖ កាកបាទក្រហមកម្ពុជា បានចេញសេចក្ដីប្រកាសអំពាវនាវដល់សប្បុរសជនជាតិ-អន្ដរជាតិគ្រប់មជ្ឈដ្ឋានទាំងអស់ សូមមេត្តាចូលរួមបរិច្ចាគជាថវិកា ឬសម្ភារៈដល់កាកបាទក្រហមកម្ពុជា ដើម្បីឱ្យសមាគមជាតិមានធនធាន និងលទ្ធភាពគ្រប់គ្រាន់ បន្តជួយជនភៀសសឹក ដែលកំពុងត្រូវការជំនួយជាចាំបាច់។

កាកបាទក្រហមកម្ពុជា មានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការផ្ទុះឡើងជាថ្មី នៃជម្លោះនៅតាមព្រំដែនកម្ពុជា-ថៃ ចាប់តាំងពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥មក រហូតមកដល់ពេលនេះ ដែលធ្វើប្រជាជនយើងជាង៣៣ម៉ឺនគ្រួសារនៅតាមបណ្ដាយព្រំដែន ត្រូវបានជម្លៀសពីលំនៅឋាន រួមមាន ខេត្តឧត្តរមានជ័យ, ព្រះវិហារ, បន្ទាយមានជ័យ, បាត់ដំបង, ពោធិ៍សាត់, និងកោះកុង។ ក្នុងនោះជនស៊ីវិលចំនួន ១១នាក់បានស្លាប់ រាប់ទាំងទារកម្នាក់ផងដែរ និងរបួស៥៩នាក់។

ដើម្បីសម្រាលទុក្ខលំបាករបស់ជនភៀសសឹក ទីស្នាក់ការកណ្តាលកក្រក បានផ្តល់ជំនួយសង្គ្រោះបន្ទាន់ ដើម្បីជួយដល់គ្រួសារជនភៀសសឹកជាង ៧,០០០គ្រួសារ នៅក្នុងតំបន់សុវត្ថិភាពចំនួនពីរ នៃស្រុក ចុងកាល់ ខេត្តឧត្តរមានជ័យ និងតំបន់សុវត្ថិភាពពីរ ផ្សេងទៀត នៅស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ។

កាកបាទក្រហមកម្ពុជា (កក្រក) នឹងបន្តផ្តល់ជំនួយសង្គ្រោះដល់តំបន់សុវត្ថិភាពផ្សេងទៀត នៅថ្ងៃបន្ទាប់ នៃខេត្តដែលរងផល ប៉ះពាល់ទាំងអស់។ ក្នុងពេលជាមួយគ្នានេះ បុគ្គលិក និងអ្នកស្ម័គ្រចិត្ត កក្រក នៅក្នុងសាខាខេត្តដែលរងផល ប៉ះពាល់ទាំងអស់ បាននឹងកំពុងជួយប្រជាជន ក្នុងដំណើរការជម្លៀស, គ្រប់គ្រងជំរំ និងផ្តល់សេវាសង្គ្រោះបឋម ជូនអ្នកដែលត្រូវការចាំបាច់ និងផ្តល់សម្ភារអនាម័យដល់ស្ត្រី និងយកចិត្តទុកដាក់ចំពោះមនុស្សចាស់ជរា និងកុមារ។

ទន្ទឹមនឹងនេះកាកបាទក្រហមកម្ពុជា (កក្រក) កំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយ គណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម (អាយ.ស៊ី.អរ.ស៊ី.) និងសហព័ន្ធអន្តរជាតិ (អាយ.អេស.អរ.ស៊ី) ដើម្បីចែករំលែក និងធ្វើបច្ចុប្បន្នភាពព័ត៌មានថ្មីៗ ក៏ដូចជាសូម អំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ត្រូវតែគោរពច្បាប់មនុស្សធម៌អន្តរជាតិ។ អាយ.ស៊ី.អរ.ស៊ី. ក៏បាន ចេញនូវសំណៅពិសេសលេខ ២ លើប្រធានបទពាក់ព័ន្ធដូចគ្នានេះ។

នាឱកាសនេះកាកបាទក្រហមកម្ពុជា សូមថ្លែងអំណរព្រះរាជគុណ ដ៏ខ្ពង់ខ្ពស់បំផុត ចំពោះ ព្រះករុណាព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ដែលព្រះអង្គបានប្រោសព្រះរាជទាន ព្រះរាជទ្រព្យ ជួយដល់ជនភៀសសឹក ក៏ដូចជាថ្លែងអំណរគុណ សប្បុរសជនទាំងអស់ពីគ្រប់មជ្ឈដ្ឋាន ដែលបានបរិច្ចាគទាំងសម្ភារៈ និងថវិកា ជូនកាកបាទក្រហមកម្ពុជា។

ដូច្នេះក្នុងកាលៈទេសៈ ដែលត្រូវការជំនួយមនុស្សធម៌ដ៏ចាំបាច់បំផុត សម្រាប់ជនភៀសសឹកកម្ពុជា ដែលកំពុងរងគ្រោះដោយសារសង្គ្រាមនេះ កាកបាទក្រហម​កម្ពុជា សូមអំពាវនាវ សម្តេច ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី និងសប្បុរសជាតិ អន្តរជាតិទាំងអស់ សូមមេត្តាចូលរួមបរិច្ចាគជាថវិកា ឬ សម្ភារៈមកកក្រក ដើម្បីឱ្យសមាគមជាតិមានធនធាន និងលទ្ធភាពគ្រប់គ្រាន់ បន្តជួយជនភៀសសឹក ដែលកំពុងត្រូវការជំនួយជាចាំបាច់។ កាកបាទក្រហមកម្ពុជា សង្ឃឹមយ៉ាងមុតមាំថា សប្បុរសជនគ្រប់មជ្ឈដ្ឋាន នឹងបន្តគាំទ្រកាកបាទក្រហមកម្ពុជា ដោយស្មោះស្ម័គ្រក្នុងស្មារតីជាតិខ្មែរតែមួយ៕

សូមសប្បុរសជនទាំងអស់ ទំនាក់ទំនងព័ត៌មានលម្អិតតាមប្រព័ន្ធទូរស័ព្ទដូចខាងក្រោមនេះ៖
*លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា តាមរយៈទូរស័ព្ទ៖ +៨៥៥ (០) ១២ ៨១០ ៨៥៤ អ៊ីមែល៖ sopheak.menneary@redcross.org.kh
*ឯកឧត្តម យូ ឡាណា អគ្គលេខាធិការរងទី២ កាកបាទក្រហមកម្ពុជា តាមរយៈទូរស័ព្ទ៖ +៨៥៥ (០) ១២ ២៨៩ ៥៧៦ អ៊ីមែល៖ you.lana@redcross.org.kh
*លោកជំទាវ ហួន ចន្ទបូរ៉ា នាយិកា នាយកដ្ឋានទំនាក់ទំនង កាកបាទក្រហមកម្ពុជា តាមរយៈទូរស័ព្ទ៖ +៨៥៥ (០) ១២ ៣១១ ៦១១ អ៊ីមែល៖ huonchanbora@redcross.org.kh

អត្ថបទដែលជាប់ទាក់ទង