អភិបាលខេត្តព្រះវិហារ នាំអំណោយសម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត ចែកជូនពលរដ្ឋភៀសសឹក

(ព្រះវិហារ)៖ លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥ បាននាំយកអំណោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី មានគ្រឿងឧបភោគបរិភោគ គ្រឿងទេស សម្ភារប្រើប្រាស់ និងសម្ភារផ្ទះបាយ ចែកជូនបងប្អូនប្រជាពលរដ្ឋភៀសសឹក កំពុងស្នាក់នៅបណ្តោះអាសន្ន មណ្ឌលសុវត្ថិភាពវត្តកំពង់សង្កែ ស្ថិតក្នុងឃុំកំពង់ស្រឡៅមួយ ស្រុកឆែប ជាប់ព្រំដែនឡាវ។

នៅក្នុងឱកាសនេះដែរ លោក គីម រិទ្ធី បានថ្លែងនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខដោយក្តីនឹករលឹកពី សម្តេចតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ជូនបងប្អូនប្រជាពលរដ្ឋភៀសសឹកដែលមានវត្តមាននៅទីនេះ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋភៀសសឹក កំពុងស្នាក់នៅបណ្តោះអាសន្នតាមមណ្ឌលសុវត្ថិភាពនានា ក្នុងខេត្តព្រះវិហារ។

លោកអភិបាលខេត្តព្រះវិហារ ក៏បានថ្លែងប្រាប់ប្រជាពលរដ្ឋភៀសសឹក ពីការគិតគូរយកចិត្តទុកដាក់ខ្ពស់បំផុតរបស់សម្តេចតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ចំពោះបងប្អូនភៀសសឹកទាំងអស់ ពិសេសសម្តេចបានណែនាំអាជ្ញាធររៀបចំកន្លែងស្នាក់របស់ពលរដ្ឋឱ្យបានសមរម្យ ឧបត្ថម្ភស្បៀងអាហារផ្សេងៗ សម្ភារះប្រើប្រាស់ចាំបាច់នានា ក៏ដូចជាមើលថែសុខភាពឱ្យបានល្អផងដែរ។

ជាមួយគ្នានេះដែរ លោក គីម រិទ្ធី បានថ្លែងណែនាំដល់បងប្អូនប្រជាពលរដ្ឋភៀសសឹក ត្រូវចេះសាមគ្គីស្រឡាញ់រាប់អានគ្នា ចេះជួយទុក្ខធុរៈគ្នាទៅវិញទៅមក និងចេះអធ្យាស្រ័យយោគយល់គ្នា ព្រោះការរស់នៅមណ្ឌលរួមគ្នា មិនដូចការរស់នៅផ្ទះទេ ពិសេសសូមយកចិត្តទុកដាក់ថែរក្សាអនាម័យ បរិស្ថាន កន្លែងរស់នៅ ដើម្បីឱ្យរក្សាសុខភាពល្អ ជៀសឆ្ងាយពីជំងឺផ្សេងៗ៕

អត្ថបទដែលជាប់ទាក់ទង