សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន កោតសរសើរចំពោះទឹកចិត្តខ្មែរស្រឡាញ់ខ្មែរ ផ្តល់ស្បៀងបន្តជួយដល់ជនភៀសសឹក ពិសេសវីរកងទ័ពសមរភូមិមុខ
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានគណៈកម្មាធិការកណ្តាលសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានសម្តែងការកោតសរសើរ និង ថ្លែងអំណរគុណ ចំពោះទឹកចិត្តប្រជាពលរដ្ឋជនរួមជាតិទូទាំងប្រទេស គឺ ខ្មែរស្រឡាញ់ខ្មែរ ជួយខ្មែរ បេះដូងតែមួយ បានបន្តផ្តល់ស្បៀងជួយដល់ជនភៀសសឹក ពិសេសវីរកងទ័ពសមរភូមិមុខ ខណៈពេលយោធាសៀមឈ្លានពានទឹកដីកម្ពុជា។
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ថ្លែងបែបនេះ ខណៈពេលអនុញ្ញាតឲ្យ លោកស្រី ស៊ើង សរសុចិត្តា រដ្ឋលេខាធិការ និងប្រធានសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលបានចូលរួមចំណែកជួយជាស្បៀងដល់សមរភូមិជួរមុខ កាលពីរសៀល ថ្ងៃសុក្រ ៧កើត ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹង ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥។
សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានថ្លែងនូវការកោតសរសើរចំពោះសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលបានបំពេញបេសកកម្មរបស់ខ្លួនបានទទួលនូវលទ្ធផលជាទីមោទនៈ។ មិនត្រឹមតែប៉ុណ្ណោះ សាខាសមាគមនារី ក៏បានចូលរួមចំណែកជួយដល់សមរភូមិមុខតាមរយៈសមាគមនារីផងដែរ។ ស្បៀងអាហារដែលទទួលបាន រួមមាន ក្រមា ចំនួន ១៨០ក្រមា , សារុង ចំនួន ៦០ , សាប៊ូកក់សក់ខ្សែចំនួន ២កេស(១.៤០០កញ្ចប់) , អង្ករ ចំនួន ៣០០គីឡូក្រាម , មី ចំនួន ៥០កេស , សាច់ក្រក ចំនួន ៥០គីឡូក្រាម , ត្រីងៀត ចំនួន ៥០គីឡូក្រាម , សាច់បាក់យ៉ុង ចំនួន ៥០គីឡូក្រាម , ត្រីខ ចំនួន ១០កេស , ត្រីឆ្អើរ ចំនួន ១០០ចង្កាក់ , សណ្តែកដីលីង ចំនួន ៥០គីឡូក្រាម , ខ្ទឹមស ចំនួន ៥០គីឡូក្រាម , កញ្ចប់អាហារក្រៀម ចំនួន ៥០កញ្ចប់ (ត្រីងៀត ១កន្ទុយ កាពិ ១កែវតូច សាច់ក្រក ២) , ឆៃប៉ូវប្រៃ ចំនួន ៥០គីឡូក្រាម , បាយកំប៉ុងក្រៀម (៥០កេសx២៤) ចំនួន ១០០កំប៉ុង និងថវិកាមួយចំនួន។
សម្តេចកិត្តិសង្គហបណ្ឌិត បានបន្តទៀតថា ស្មារតីរួមសាមគ្គី “ខ្មែរតែមួយ” ជួយគ្នាក្នុងគ្រាអាសន្ន កំពុងផុសផុលឡើងធ្វើឲ្យប្រជាជនកម្ពុជាទាំងក្នុងប្រទេស និងក្រៅប្រទេស រួមគ្នាជាកម្លាំងសាមគ្គីជាតិដ៏រឹងមាំ ចូលរួមបរិច្ចាគ និងឧបត្ថម្ភនូវស្បៀងអាហារ និងសម្ភារប្រើប្រាស់ជូនដល់វីរកងទ័ពដែលកំពុងឈរជើងនៅសមរភូមិជួរមុខ និងគ្រួសារវីរកងទ័ព ព្រមទាំងជនភៀសសឹក។ សម្ភារទាំងនេះ គឺជាការឆ្លើយតបចំពោះការលំបាក និងការខ្វះខាតជាច្រើនដែលពលរដ្ឋកំពុងប្រឈម និងអាចជួយបន្ធូរបន្ថយបន្ទុក នៃការរស់នៅប្រចាំថ្ងៃរបស់ពួកគាត់ជាបណ្ដោះអាសន្នបានមួយចំណែក។
សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានថ្លែងអំណរគុណដល់ លោកស្រី ស៊ើង សុជាតា និងក្រុមការងារ សូមទទួលបាន សុភមង្គល និងទទួលបានជោគជ័យគ្រប់ភារកិច្ច៕
