អាជ្ញាធរ​ជាតិ​អប្សរា ចេញ​សេចក្តី​បំភ្លឺ៣​ចំណុច ពាក់ព័ន្ធ​នឹងវីដេអូជនបរទេសមួយរូប បង្ហោះថា​ ខ្លួន​រង​ការ​វាយប្រហារ​ដោយ​អំពើ​ហិង្សា នៅ​រមណីយដ្ឋាន​អង្គរ

(សៀមរាប)៖ អាជ្ញាធរជាតិអប្សរា សូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា ថ្មីៗនេះលើគណនី YouTube ឈ្មោះ The Country Collectors បានបង្ហោះផ្សព្វផ្សាយវីដេអូ រយៈពេល២៤នាទី ដោយបានបញ្ជាក់ថា ខ្លួនបានទទួលរងការវាយប្រហារដោយអំពើហិង្សា នៅរមណីយដ្ឋានអង្គរ នៃប្រទេសកម្ពុជា។

ពាក់ព័ន្ធករណីនេះ អាជ្ញាធរជាតិអប្សរា សូមបញ្ជាក់ជូនសាធារណជនដូចខាងក្រោម៖

១៖ រឿងហេតុបានកើតឡើងតាំងពីថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៤ មកម៉្លេះ។ ករណីនេះ គឺជាជម្លោះឯកជនរវាងភ្ញៀវទេសចរជនជាតិអាមេរិក១រូប និងភ្ញៀវជនជាតិរុស្ស៊ី១រូបផ្សេងទៀត ដែលពុំមានពាក់ព័ន្ធជាមួយនឹងស្ថាប័នមានសមត្ថកិច្ចរបស់កម្ពុជាទេ ដោយមូលហេតុភាគីទាំងពីរ ដណ្តើមគ្នាយកទីតាំងថតរូប និងប្រើប្រាស់ភាសាហិង្សាដាក់គ្នាទៅវិញទៅមក នៅ បរិវេណខាងកើតសាលរបាំនៃប្រាសាទតាព្រហ្ម។

២៖ ភ្នាក់ងារទេសចរណ៍នៃអាជ្ញាធរជាតិអប្សរា បានជួយសង្គ្រោះបឋមដល់ជនរងគ្រោះ និងបាន បញ្ជូនទៅអង្គភាពនគរបាលទេសចរណ៍ ប្រចាំខេត្តសៀមរាប ដើម្បីសម្របសម្រួល និងដោះ ស្រាយគ្នា។ ជាលទ្ធផល ភាគីទាំងពីរបានឯកភាពគ្នាបញ្ចប់បញ្ហានេះ តាំងពីថ្ងៃកើតហេតុ នាថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៤ ដូចមានកំណត់ហេតុជូនភ្ជាប់មកជាមួយ។

៣៖ ភាគីទាំងពីរ បានធ្វើការសុំទោសអាជ្ញាធរពាក់ព័ន្ធ និងប្រជាជនកម្ពុជា ចំពោះបញ្ហាដែលពួក គាត់បានបង្កនេះ និងបានសម្តែងការសោកស្តាយ ចំពោះហេតុការណ៍ដែលបានកើតឡើងនៅ ទីតាំងប្រាសាទ ជាទីសក្ការៈរបស់កម្ពុជា។

អាជ្ញាធរជាតិអប្សរា បានបញ្ជាក់ថា សេចក្តីដូចបានជម្រាបជូនខាងលើ សូមសាធារណជនមេត្តាជ្រាប និងសូមបញ្ឈប់ការចែករំលែកវីដេអូផ្សព្វផ្សាយនេះតាមការគួរ៕

 
អត្ថបទដែលជាប់ទាក់ទង