ទឹកជំនន់ទៀតហើយនៅឥណ្ឌូណេស៊ី! លើកនេះ ស្លាប់១៤នាក់ និង១៨នាក់រងរបួស
មនុស្សយ៉ាងហោចណាស់១៤នាក់បានបាត់បង់ជីវិត និង១៨នាក់ផ្សេងទៀតបានរងរបួស បន្ទាប់ពីទឹកជំនន់បានវាយប្រហារស្រុក Sitaro Islands ក្នុងខេត្តស៊ូឡាវេស៊ីភាគខាងជើង (North Sulawesi) នៃប្រទេសឥណ្ឌូណេស៊ី កាលពីព្រឹកថ្ងៃចន្ទទី៥ខែមករា។
យោងតាមការចុះផ្សាយរបស់រ៉យទ័រ គ្រោះមហន្តរាយ ដែលបង្កឡើងដោយភ្លៀងធ្លាក់យ៉ាងខ្លាំងនៅលើកោះ Siau បានបណ្តាលឲ្យមនុស្ស៤នាក់បាត់ខ្លួន និងបង្ខំឲ្យអ្នកស្រុកជិត៤៥០នាក់ភៀសខ្លួនទៅកាន់សាលារៀន និងព្រះវិហារក្នុងតំបន់។
អាជ្ញាធរមូលដ្ឋានបានប្រកាសស្ថានភាពអាសន្នរយៈពេល១៤ថ្ងៃ រហូតដល់ថ្ងៃទី១៨ខែមករា ខណៈដែលក្រុមអ្នកជួយសង្គ្រោះកំពុងជួបការលំបាកយ៉ាងខ្លាំងដោយសារភក់ រ៉ែថ្ម និងកម្ទេចកម្ទីដែលកំពុងបិទផ្លូវធ្វើដំណើរសំខាន់ៗ។
លោក Nuriadin Gumeleng អ្នកនាំពាក្យទីភ្នាក់ងារជួយសង្គ្រោះក្នុងតំបន់ បានបញ្ជាក់ថា ភ្នាក់ងារជំនាញចំនួន១៦នាក់ត្រូវបានដាក់ពង្រាយ ដើម្បីស្វែងរកអ្នកដែលនៅបាត់ខ្លួន។ អភិបាលខេត្តស៊ូឡាវេស៊ីភាគខាងជើង លោក Yulius Selvanus បានរាយការណ៍ថា ទឹកជំនន់បានបំផ្លាញផ្ទះសម្បែងរាប់រយខ្នង និងអគាររដ្ឋាភិបាលមួយចំនួន ដែលនាំឲ្យមានការបញ្ជូនគ្រឿងចក្រកាយដី ដើម្បីបើកផ្លូវទៅកាន់តំបន់ដែលត្រូវបានកាត់ផ្តាច់។
គ្រោះមហន្តរាយនេះ កើតឡើងចំពេលកំពូលនៃរដូវវស្សារបស់ប្រទេសឥណ្ឌូណេស៊ី ដែលមន្ត្រីឧតុនិយមព្រមានថា នឹងនាំមកនូវហានិភ័យទឹកជំនន់កាន់តែខ្លាំងដល់កោះ Java, Sulawesi, Maluku និង Papua រហូតដល់ខែកុម្ភៈ។ វិបត្តិបច្ចុប្បន្ននេះ កើតឡើងបន្ទាប់ពីមហន្តរាយនៅចុងឆ្នាំ២០២៥ ដែលទឹកជំនន់បង្កឡើងដោយខ្យល់ព្យុះស៊ីក្លូននៅកោះស៊ូម៉ាត្រា បានសម្លាប់មនុស្សជាង ១១៥០នាក់។ ក្រុមអ្នកបរិស្ថានបានចង្អុលបង្ហាញថា ការកាប់បំផ្លាញព្រៃឈើយ៉ាងខ្លាំងពីការធ្វើអណ្តូងរ៉ែ និងការកាប់ឈើ គឺជាកត្តាចម្បងដែលធ្វើឲ្យទំហំនៃទឹកជំនន់តាមរដូវកាលទាំងនេះកាន់តែធ្ងន់ធ្ងរនៅទូទាំងប្រទេសប្រជុំកោះមួយនេះ៕
