មនុស្សយ៉ាងហោចណាស់៣៦​នាក់បានបាត់បង់ជីវិត ខណៈដែលបាតុកម្មទូទាំងប្រទេសអ៊ីរ៉ង់បានឈានចូលដល់ថ្ងៃទី​១០

មនុស្សយ៉ាងហោចណាស់៣៦​នាក់បានបាត់បង់ជីវិត ខណៈដែលបាតុកម្មទូទាំងប្រទេសអ៊ីរ៉ង់បានឈានចូលដល់ថ្ងៃទី​១០ ដែលបង្កឡើងដោយការដួលរលំសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ និងការធ្លាក់ចុះតម្លៃរូបិយប័ណ្ណដ៏ខ្លាំងបំផុតក្នុងប្រវត្តិសាស្ត្ររបស់ប្រទេស។ នេះ​បើ​យោង​តាម​ការ​ចុះផ្សាយ​របស់ Independent នា​ថ្ងៃ​​ពុធ​ទី​៧​ខែ​មករា​ឆ្នាំ​២០២៦។

កាលពីថ្ងៃអង្គារ កងកម្លាំងសន្តិសុខបានប្រើប្រាស់ឧស្ម័នបង្ហូរទឹកភ្នែក និងដំបង ដើម្បីបំបែកក្រុមបាតុករនៅផ្សារ Grand Bazaar ក្នុងទីក្រុងតេហេរ៉ង់ ដែលជាមជ្ឈមណ្ឌលពាណិជ្ជកម្មដ៏សំខាន់ ខណៈដែលក្រុមអាជីវករបានបិទទ្វារហាងដើម្បីតវ៉ានឹងអតិផរណាដ៏ខ្ពស់។

ភាពវឹកវរ ដែលបានរីករាលដាលដល់ទីតាំងជាង២៧០កន្លែង​ក្នុងខេត្តចំនួន​២៧ ត្រូវបានផ្ទុះឡើងបន្ទាប់ពីប្រាក់ Rial របស់អ៊ីរ៉ង់បានធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងប្រវត្តិសាស្ត្រ គឺប្រហែល ១,៤៧លាន Rial ក្នុង​១​ដុល្លារអាមេរិក។ កំហឹងសាធារណៈបានកើនឡើងកាន់តែខ្លាំង បន្ទាប់ពីរដ្ឋាភិបាលសម្រេចចិត្តបញ្ឈប់ការផ្ដល់អត្រាប្តូរប្រាក់ឧបត្ថម្ភសម្រាប់ការនាំចូលទំនិញចាំបាច់ ដែលជាវិធានការមួយត្រូវបានគេរំពឹងថានឹងធ្វើឲ្យតម្លៃអាហារហក់ឡើងខ្ពស់។ ទោះបីជាបាតុកម្មបានចាប់ផ្តើមពីបញ្ហាសេដ្ឋកិច្ចក៏ដោយ ក៏វាបានប្រែជាការទាមទារផ្នែកនយោបាយយ៉ាងឆាប់រហ័ស ដោយហ្វូងមនុស្សក្នុងទីក្រុងជាច្រើនបាន​នាំ​គ្នា​ស្រែក​ថា «ស្លាប់​ទៅ!ជនផ្តាច់ការ» និងអំពាវនាវឲ្យទម្លាក់មេដឹកនាំកំពូលអ៊ីរ៉ង់​លោក Ayatollah Ali Khamenei។

ស្ថានភាពអន្តរជាតិ​ក៏​កាន់តែតានតឹង បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានព្រមានលើបណ្តាញសង្គមថា ទីក្រុងវ៉ាស៊ីនតោនបានត្រៀមខ្លួនរួចជាស្រេច ហើយនឹង«ចូល​ទៅជួយសង្គ្រោះ» ប្រជាជនអ៊ីរ៉ង់ បើរដ្ឋាភិបាលតេហេរ៉ង់នៅតែបន្តប្រើប្រាស់កម្លាំងបាយសម្លាប់បាតុករអហិង្សា។ មន្ត្រីអ៊ីរ៉ង់បានច្រានចោល ហើយ​អះះអាង​ថាបាតុកម្មនេះ​ជា «កុបកម្ម» ដែលបង្កឡើងដោយបរទេស និងបានព្រមានថា ការជ្រៀតជ្រែកណាមួយរបស់អាមេរិក នឹងធ្វើឲ្យមូលដ្ឋានទ័ពអាមេរិកនៅក្នុងតំបន់ក្លាយជា «គោលដៅវាយ​ប្រហារ​ស្របច្បាប់»។ ក្រុមសិទ្ធិមនុស្សរាយការណ៍ថា មនុស្សជាង ១២០០​នាក់ត្រូវបានឃាត់ខ្លួន ក្នុង​នោះ​មាន​ទាំងកុមាររាប់រយនាក់ ព្រមទាំងមានសេចក្តីរាយការណ៍ថា កងកម្លាំងសន្តិសុខបានឆ្មក់ចូលមន្ទីរពេទ្យដើម្បីចាប់ខ្លួនបាតុករដែលរងរបួសទៀតផង៕

អត្ថបទដែលជាប់ទាក់ទង