កម្ពុជា កំពុងធ្វើការជាមួយថៃ ដើម្បីជំរុញឱ្យមានការដោះលែងមកវិញភ្លាមនូវអ្នកនេសាទចំនួន៤រូប ដែលកងទ័ពជើងទឹកថៃចាប់យកទៅ
កម្ពុជា កំពុងធ្វើការជាមួយថៃ ដើម្បីជំរុញឱ្យមានការដោះលែងមកវិញភ្លាមនូវអ្នកនេសាទចំនួន៤រូប ដែលកងទ័ពជើងទឹកថៃចាប់យកទៅកាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២៦កន្លងទៅ។ នេះបើតាមអភិបាលខេត្តកោះកុង លោកស្រី ឈី វ៉ា បញ្ជាក់នៅក្នុងពេលជួបសំណេះសំណាលជាមួយប្រជានេសាទនៅក្នុងខេត្តកោះកុង កាលពីថ្ងៃទី៧ ខែមករា។ បន្ថែមពីនេះ អភិបាលខេត្តកោះកុងក៏បានផ្ដល់ព័ត៌មានមួយចំនួនទៅកាន់ក្រុមគ្រួសាររបស់អ្នកនេសាទទាំង៤ ឱ្យបានជ្រាប។
រដ្ឋបាលខេត្តកោះកុង ស្រង់សម្ដីលោកស្រីអភិបាលខេត្តផ្សព្វផ្សាយលើទំព័រហ្វេសប៊ុកផ្លូវការដូច្នេះ៖« អាជ្ញាធរ នឹងសមត្ថកិច្ចគ្រប់ថ្នាក់កំពុងធ្វើការដោះស្រាយ ហើយសូមរក្សាការសម្ងាត់ ព័ត៌មានមួយចំនួនដែលជាកិច្ចការជំនាញ។ នាងខ្ញុំសង្ឃឹមថា បងប្អូនទាំង៤នាក់ នឹងអាចវិលត្រលប់មក លំនៅឋានវិញក្នុងពេលឆាប់ៗខាងមុខនេះ។ សូមបងប្អូនមានទំនុកចិត្តនិងជឿជាក់លើការខិតខំយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំយើង។»។
គួរគូសបញ្ជាក់ថា កងទ័ពជើងទឹកថៃ នៅម៉ោង១១៖៣០នាទីព្រឹក ថ្ងៃទី៦ ខែមករា ឆ្នាំ២០២៦ បានចាប់យកទូកនេសាទប្រជាពលរដ្ឋខ្មែរ១គ្រឿង ដែលមានពលរដ្ឋខ្មែរចំនួន៤នាក់ កំពុងនេសាទនៅក្បែរនឹងឆ្នេរកោះយ៉ នៅលើផ្ទៃព្រំដែនសមុទ្រកម្ពុជា-ថៃ ដែលមិនទាន់ថមថយកម្ដៅជម្លោះ។
លោកស្រីអភិបាលខេត្តកោះកុង ក៏បានអំពាវនាវប្រជានេសាទត្រូវនេសាទនៅតំបន់ជិតៗក្នុងដែនសមុទ្ររបស់កម្ពុជា ដោយត្រូវចៀសវាងការចូលទៅនេសាទជ្រៅ ដែលអាចធ្វើឱ្យភាគីថៃចោទប្រកាន់ថាប្រជានេសាទកម្ពុជាចូលនេសាទក្នុងដែនគ្រប់គ្រងរបស់គេ។ លោកស្រីអភិបាលខេត្តសង្កត់ធ្ងន់ដូច្នេះ៖«ក្នុងស្ថានភាពបែបនេះ សូមបងប្អូនចូលរួមទាំងអស់គ្នា កុំធ្វើអ្វីដែលបង្កឱ្យគេចោទប្រកាន់យើងបាន។ »។
ជាមួយគ្នានេះ លោកស្រី ឈី វ៉ា ក៏អំពាវនាវឱ្យអ្នកប្រើប្រាស់បណ្ដាញសង្គមត្រូវផ្សព្វផ្សាយព័ត៌មានតាមបណ្តាញសង្គមដោយប្រុងប្រយ័ត្ន ពីព្រោះបើផ្សព្វផ្សាយមិនបានសមស្រប នឹងបង្កផលលំបាកដល់ប្រជានេសាទដែលត្រូវភាគីថៃចាប់ ប្រឈមនឹងការអនុវត្តវិធានការផ្នែកផ្លូវច្បាប់ពីសំណាក់អាជ្ញាធរថៃជាក់ជាមិនខាន។
លោកស្រី សង្កត់ធ្ងន់ថា៖« កុំបង្កើតព័ត៌មានក្លែងក្លាយ ជាព័ត៌មានមិនពិតមានលក្ខណៈញុះញង់បង្កចលាចល ព្រោះវាមិនបានជួយអ្វីដល់ការរកដំណោះស្រាយនោះទេ។»៕
