EU រងការចោទថាជួយជ្រោមជ្រែងសង្គ្រាមរបស់រុស្ស៊ី ព្រោះ​នាំចូលឧស្ម័នពីមូស្គូកាន់តែ​ច្រើន

រដ្ឋាភិបាលនៃបណ្តាប្រទេសក្នុងសហភាពអឺរ៉ុប កំពុងប្រឈមមុខនឹងការចោទប្រកាន់ថា បានជួយផ្តល់ហិរញ្ញប្បទានដោយប្រយោលដល់សង្គ្រាមរបស់រុស្ស៊ីនៅក្នុងប្រទេសអ៊ុយក្រែន បន្ទាប់ពីទិន្នន័យថ្មីបានបង្ហាញថា សហភាពអឺរ៉ុបបាននាំចូលឧស្ម័នធម្មជាតិរាវ (LNG) ពីរុស្ស៊ីកាន់តែច្រើនកាលពីឆ្នាំមុន ដែលបង្កើតចំណូលប្រហែល ៧,២ពាន់លានអឺរ៉ូ សម្រាប់វិមានក្រឹមឡាំង។

ចុះ​ផ្សាយ​នា​ថ្ងៃ​ទី​៨ខែ​មករា​ឆ្នាំ​២០៦ The Guardian បាន​ឲ្យ​ដឹង​ថា ទោះបីជាទីក្រុងព្រុចសែល (Brussels) ប្តេជ្ញាចិត្តថានឹងបញ្ឈប់ការនាំចូលឧស្ម័ន LNG ពីរុស្ស៊ីបន្តិចម្តងៗឲ្យអស់ត្រឹមឆ្នាំ២០២៧ក៏ដោយ ប៉ុន្តែការដឹកជញ្ជូនចេញពីគម្រោង Yamal LNG របស់រុស្ស៊ីបានកើនឡើងនៅក្នុងឆ្នាំ​២០២៥។ នេះបើតាមការវិភាគរបស់ក្រុមការពារបរិស្ថាន និងសិទ្ធិមនុស្ស Urgewald។ សហភាពអឺរ៉ុបបានស្រូបយកការនាំចេញសរុបរបស់គម្រោង Yamal ចំនួន ៧៦% ដែលកើនឡើងពី ៧៥,៤% កាលពីឆ្នាំមុន។

ឧស្ម័ន LNG ជាង ១៥លានតោន ត្រូវបានបញ្ជូនទៅកាន់កំពង់ផែអឺរ៉ុបពីគម្រោងដែលមានមូលដ្ឋាននៅតំបន់អាកទិកមួយនេះ ដែលវានៅតែជាប្រភពចំណូលថាមពលដ៏សំខាន់របស់រុស្ស៊ី បើទោះបីជាលំហូរឧស្ម័នតាមបំពង់​បង្ហូរ​ទៅកាន់អឺរ៉ុបបានធ្លាក់ចុះយ៉ាងខ្លាំង ចាប់តាំងពីការឈ្លានពានរបស់ទីក្រុងមូស្គូលើអ៊ុយក្រែនក៏ដោយ។

ក្រុម Urgewald បានលើក​ឡើង​ថា កំពង់ផែអឺរ៉ុប និងក្រុមហ៊ុនដឹកជញ្ជូនដើរតួនាទីយ៉ាងសំខាន់ក្នុងការរក្សាប្រតិបត្តិការរបស់​គម្រោង Yamal។ ក្រុមហ៊ុន Seapeak ដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេស និងក្រុមហ៊ុន Dynagas របស់ក្រិច បានដឹកជញ្ជូនជាង ៧០% នៃការនាំចេញ LNG ដោយប្រើប្រាស់នាវាដឹកប្រេងប្រភេទ Arc7 ដែលជាប្រភេទនាវាពុះបំបែកទឹកកកពិសេស សាងសង់ឡើងសម្រាប់គម្រោង​មួយនេះ។

ប្រទេសបារាំងបានក្លាយជាអ្នកនាំចូលដ៏ធំបំផុត ដោយបានទទួលឧស្ម័ន ៦,៣លានតោនក្នុងឆ្នាំ២០២៥ ខណៈដែលស្ថានីយ Zeebrugge របស់ប្រទេសបែលហ្ស៊ិកបានចាត់ចែងឧស្ម័នចំនួន ៤,២លានតោន។ ចំណែក​ឯ​ក្រុមហ៊ុន TotalEnergies របស់បារាំង នៅតែជាអ្នកវិនិយោគធំនៅក្នុងគម្រោង Yamal។

រហូតមកដល់ពេលនេះ សហភាពអឺរ៉ុបបានបដិសេធដាក់បម្រាមដាច់ខាតលើឧស្ម័ន LNG ពីរុស្ស៊ី ដោយលើកឡើងពីកង្វល់ផ្នែកសន្តិសុខថាមពល ជាពិសេសនៅក្នុងតំបន់អឺរ៉ុបកណ្តាល និងអឺរ៉ុបខាងកើត។ ចំណែកចក្រភពអង់គ្លេសបាននិយាយថា ខ្លួនគ្រោងនឹងរឹតបន្តឹងសេវាកម្មដែនសមុទ្រសម្រាប់នាវាដែលដឹកជញ្ជូនឧស្ម័ន LNG របស់រុស្ស៊ីនៅចុងឆ្នាំ២០២៦នេះ៕

អត្ថបទដែលជាប់ទាក់ទង